ក្រុង​វ៉ាស៊ីនតោន៖​ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក​ ម៉ៃក៍​ ប៉ុមប៉េអូ ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​​ថា ​អាមេរិក​គ្មាន​ផែនការ​ធ្វើ​​អន្តរាគមន៍​ដោយ​​យោធា​​ ​នៅ​ក្នុង​ប្រទេស ​វ៉េណេស៊ុយអេឡា ​​ទេ​ ទោះបី​ជា​លោក​បាន​ប្តេ​ជ្ញា​ថា ​មេ​ដឹកនាំ​ឆ្វេង​និយម​លោក ​នីកូឡាស​ ម៉ាឌូរ៉ូ​ នឹង​ខ្ទាត​ពី​អំណាច​នៅ​ថ្ងៃ​ណា​មួយ​ក្តី​។​

នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​អាមេរិក​ឡាទីន​ លោក​ ម៉ៃក៍​ ប៉ុមប៉េអូ​ បាន​បន្ត​សន្យា​របស់​លោក​ប្រធានាធិបតី ​ដូណាល់​ ត្រាំ ​ឡើង​វិញ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​សង្គម​និយម​នៅ​ទូទាំង​អឌ្ឈគោល​នេះ​ ប៉ុន្តែ​បាន​ថ្លែង​ថា​ គោល​នយោបាយ​របស់​លោក​នៅ​ក្នុង​ប្រទេស ​វ៉េណេស៊ុយអេឡា​ ត្រូវ​តែ​មាន​​ការ​អត់ធ្មត់​»​។​

លោក​ ម៉ៃក៍​ ប៉ុមប៉េអូ ​បាន​ថ្លែង​នៅ​ឯ​សាកល​វិទ្យាល័យ​ឡូវីសវីលី​ថា៖ ​«យើង​បាន​កំពុង​មើល​ឃើញ​សង្គម​អំពាវនាវ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​របប​តាមរយៈ​មធ្យោបាយ​ហិង្សា​ ហើយ​យើង​បាន​និយាយ​ថា​ រាល់​ជម្រើស​ទាំង​អស់​ គឺ​នៅ​លើ​តុ​ចរចា​ ដើម្បី​ជួយ​ប្រជាជន​វ៉េណេស៊ុយអេឡា​ស្តារ​​ប្រជាធិបតេយ្យ ​និង​វិបុលភាព​របស់​ពួក​គេ​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​»​។​

លោក ​ប៉ុមប៉េអូ ​បាន​ថ្លែង​ថា៖ «​បញ្ហា​នោះ​​ វា​នៅ​តែ​ជា​ការ​ពិត​ ប៉ុន្តែ​យើង​បាន​ដឹង​ពី​ប្រវត្តិសាស្ត្រ​ថា​ គ្រោះ​ថ្នាក់​នានា​ចេញ​ពី​ការ​ប្រើប្រាស់​កងកម្លាំង​យោធា ​គឺ​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​ប្រទេស​មួយ​នេះ​»​។​

ដោយ​បញ្ជាក់​អំពី​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​យ៉ាង​ធ្ងន់ធ្ងរ​ ដែល​រួមមាន​ការ​ទប់ស្កាត់​ទៅ​លើ​ការ​នាំ​ប្រេង​ចេញ​ដ៏​សំខាន់​របស់​វ៉េណេស៊ុយអេឡា​ផង​ដែរ​ លោក​ ប៉ុម​ប៉េ​អូ​ បាន​ថ្លែង​ថា​ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាមេរិក ​«​មាន​ភាព​ប្រាកដ​និយម​ នៅ​ក្នុង​សមត្ថភាព​របស់​អំណាច​អាមេរិក​»​។​

ចាប់​តាំង​ពី​ខែ​មករា​មក លោក ត្រាំ​ បាន​ទាមទារ​ឲ្យ​លោក ​ម៉ាឌូរ៉ូ ​លាលែង​ពី​តំណែង​៕ AFP/SK