
កុងតឺន័រ Ever Given នៅក្នុងតំបន់បឹងGreat Bitter នៃព្រែកជីកស៊ុយអេ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ AFP
មេធាវីតំណាងម្ចាស់នាវាបានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ម្ចាស់កុងតឺន័រ Ever Given មួយដែលបានបិទប្រឡាយស៊ុយអេកាលពីខែមីនាបាននិយាយថា អាជ្ញាធរ គឺជាអ្នកខុស ដែលចាក់ដីនៅតំបន់មូលដ្ឋានរបស់ខ្លួន ខណៈម្ចាស់នាវាជំទាស់មិនឱ្យមានការឃុំខ្លួនថែមទាំងទាមទារសំណងពីអាជ្ញាធរទៀតផង។
គួររំឭកថា នាវា Ever Given គឺជានាវាកុងតឺន័រធំជាងគេបំផុតក្នុងពិភពលោក ដែលបានជាប់គាំងនៅព្រែកជីកស៊ុយអេ ដោយសារខ្យល់បក់ខ្លាំងនៅថ្ងៃទី ២៣ ខែមីនា ហើយបន្តជាប់គាំងអស់រយៈពេល៦ថ្ងៃ និងរារាំងចរាចរណ៍នៅតំបន់នោះ និងបង្អាក់ពាណិជ្ជកម្មនៅពិភពលោកទាំងមូល។
អាជ្ញាធរប្រឡាយស៊ុយអេបានប្ដឹងទាមទារសំណង ៩១៦,៥ លានដុល្លារ ពីក្រុមហ៊ុនម្ចាស់នាវាជប៉ុនឈ្មោះ Shoei Kisen។
អង្គជំនុំជម្រះសាលាឧទ្ធរណ៍នៅឯតុលាការសេដ្ឋកិច្ច Ismailia បានបើកសវនាការនៅថ្ងៃសៅរ៍ជុំវិញការឃុំខ្លួនម្ចាស់នាវា ក្រោយខាងអាជ្ញាធរបានដាក់បណ្ដឹងឧទ្ធរណ៍ក៏ដូចជាការទាមទាសំណងហិរញ្ញវត្ថុផងដែរ។
សមាជិកក្រុមមេធាវីតំណាងឱ្យក្រុមហ៊ុនជប៉ុន Shoei Kisen បានអះអាងថា ខាងអាជ្ញាធរមានកំហុសក្នុងការអនុញ្ញាតឱ្យនាវាធ្វើដំណើរលើផ្លូវទឹកក្នុងពេលមានអាកាសធាតុមិនសមគួរ។ ដោយឡែកខាងអាជ្ញាធរ ក៏បានរកឃើញភស្ដុតាងអ្វីមួយ ដែលបញ្ជាក់ថាខាងនាវាជាអ្នកខុសឡើយ។
វីដេអូភ័ស្ដុតាងពីខាងនាវា ដែលដាក់ក្នុងតុលាការ បានបង្ហាញពីភាពមិនចុះសម្រុងគ្នារវាងអាជ្ញាធរអ្នកបើកនាវា និងមជ្ឈមណ្ឌលកុងត្រូលរបស់ខ្លួនថា តើគួរតែឱ្យនាវាចូលក្នុងព្រែកជីក ឬ អត់។មេធាវីដដែល បានបន្ថែមថា នាវាដែលធ្វើដំណើរ គួរតែមានអមដោយអុំទូកយ៉ាងតិច២ឱ្យសមស្របនឹងទំហំនាវា ប៉ុន្តែមិនមានអ្នកណាអនុវត្តតាមស្ដង់ដានេះឡើយ នៅពេលមានរឿងកើតឡើង។
យ៉ាងណាមិញ ខាងអាជ្ញាធរ មិនបានឆ្លើយតបភ្លាមៗទាក់ទិននឹងករណីនេះនៅឡើយ ប៉ុន្តែខ្លួនបានបដិសេធជាសាធារណៈថា ខ្លួនមិនមានកំហុសទេ។
មេធាវីដដែលបាន អះអាងថា ដំណើរការចង់ឃុំខ្លួនម្ចាស់នាវានេះ ប្រព្រឹត្តទៅទាំងមានចន្លោះប្រហោង តាមយន្តការច្បាប់ ហើយការជួយរំដោះនាវាក៏មិនមែនជាការជួយសង្គ្រោះក្នុងន័យផ្លូវច្បាប់ត្រឹមត្រូវទេ មានន័យថាអាជ្ញាធរមិនអាចប្ដឹងយកសំណងសម្រាប់ប្រតិបត្តិការនេះឡើយ។
ប្រភពដដែលបានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន Shoei Kisen កំពុងទាមទារសំណងចំនួន ១០ ម៉ឺនដុល្លារវិញ សម្រាប់ការខាតបង់ទាក់ទងនឹងការឃុំខ្លួន។ យ៉ាងណាមិញ ដំណើរការសវនាការបន្តត្រូវបានគេរំពឹងថា នឹងត្រូវធ្វើនៅថ្ងៃអាទិត្យ បន្តទៀត៕