
បំណែកនៃម៉ាស៊ីនយន្តហោះ Boeing 737-500 ដែលត្រនូវស្រង់យកចេញពីបាតសមុទ្រ។ AFP
យន្តហោះដឹកអ្នកដំណើរផ្ទុកមនុស្សជាង ៦០ នាក់ បានធ្លាក់ចូលសមុទ្រជ្វាកាលពីថ្ងៃសៅរ៍ បន្ទាប់ពីហោះចេញពីរដ្ឋធានីហ្សាកាតារបស់ឥណ្ឌូណេស៊ីមិនបានប៉ុន្មាននាទីផង។ នេះបើយោងតាមការរាយករណ៍ចុងក្រោយបង្អស់របស់កាសែត New York Times។
ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ីបាននិយាយថាការទាក់ទងចុងក្រោយរវាងយន្ដហោះប៊ូអ៊ីង ៧៣៧-៥០០ និងអាកាសយានដ្ឋាន Sriwijaya Air Flight 182 គឺនៅម៉ោង ២៖៤០ នាទី (ម៉ោងក្នុងស្រុក)។ យន្ដហោះនេះគ្រោងនឹងហោះទៅកាន់ទីក្រុងផូនៀណាក់នៅលើកោះប័រណូ និងផ្ទុកអ្នកដំណើរប្រមាណ ៦២ នាក់នៅលើយន្តហោះ។
ក្រសួងបានបន្តថា ៤ នាទី ក្រោយពេលយន្តហោះចេញដំណើរចំពេលមានភ្លៀងធ្លាក់រដូវមូសុង បន្ទាប់ពីមានការពន្យារពេលដោយសារអាកាសធាតុមិនល្អរួចមកយន្ដហោះនេះបានធ្លាក់ចុះពីកម្ពស់ជាង ៣ ពាន់ម៉ែត្រ ពីដីក្នុងរយៈពេលមិនដល់ ៦០ វិនាទីផង។ នេះបើយោងតាមសេវាកម្មតាមដានជើងហោះហើរ Flightradar24។
មូលហេតុនៃការធ្លាក់យន្តហោះនេះនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់ទេ។ លោក Richard Aboulafia អ្នកវិភាគអាកាសចរណ៍នៅក្រុមហ៊ុនTeal Group មិនជឿថា ការធ្លាក់នេះគឺជាលទ្ធផលនៃកំហុសបច្ចេកទេសពីការចនាម៉ូដែលទេ។
លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា៖ «នេះមិនមែនជាម៉ូដែល Max ដូចកាលមុនផង។ ម៉្យាងទៀតយន្តហោះនេះ ដំណើរការជាង ៣០ ឆ្នាំហើយ ដូច្នេះវាទំនងជាមិនមែនកំហុសបច្ចេកទេសទេ។ យន្តហោះមួយមនុស្សរាប់ពាន់ជាអ្នកសាងសង់ហើយផលិតកម្មបានបញ្ចប់ទាំងពីជាង ២០ ឆ្នាំកន្លង បើមានកំហុសអីមែន គួរណាស់តែគេរកឃើញតាំងពីយូរឯណ្ណោះ»៕