ក្រុង​ហ្គូម៉ា៖ ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ថ្លែង​ថា​ សាកសព ​២៣ ​នាក់​ ត្រូវ​បាន​គេ​រក​ឃើញ​កាល​ពី​ថ្ងៃ​អាទិត្យ​ ក្រោយ​ពី​យន្តហោះ​ធុន​តូច ​១ ​គ្រឿង​បាន​ធ្លាក់​ នៅ​ពេល​វា​បាន​ហោះ​ឡើង​ទៅ​កាន់​តំបន់​នៃ​ទីក្រុង​ហ្គូម៉ា​ ដែល​មាន​មនុស្ស​​រស់នៅ​យ៉ាង​ច្រើន​នៅ​​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​។​

អ្នក​សម្របសម្រួល​បុគ្គលិក​សង្គ្រោះ​នៅ​ទីក្រុង​ហ្គូម៉ា ​លោក ចូស៊ីបហ៍​ ម៉ាគុនឌី​ បាន​ថ្លែង​ប្រាប់ AFP ​ថា​៖ «​បច្ចុប្បន្ន​យើង​មាន​ចំនួន​អ្នក​ស្លាប់​ដល់ ​២៣ ​នាក់​ហើយ​»​។​

សាកសព​ទាំង​នោះ ​ត្រូវ​បាន​គេ​ជឿ​ថា​ នឹង​រាប់​បញ្ចូល​អ្នក​ដែល​បាន​ស្លាប់​នៅ​លើ​យន្តហោះ​ និង​មនុស្ស​នៅ​លើ​ដី​។​

រូបភាព​វីដេអូ​ចេញ​ពី​កន្លែង​កើត​ហេតុ​ បាន​បង្ហាញ​ផ្សែង​ខ្មៅ​ក្រាស់​​ឃ្មឹក​ និង​អណ្តាត​ភ្លើង​បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញ​ពី​តួ​យន្តហោះ​ ដែល​កំពុង​ឆាប​ឆេះ​ ខណៈ​ក្រុម​ពលរដ្ឋ​នៅ​ក្នុង​តំបន់​បាន​នាំ​គ្នា​​ចោមរោម​មើល​នៅ​ទី​នោះ​។​

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ក៏​បាន​ឃើញ​ភ្លើង​ កំពុង​ឆាប​ឆេះ​តួ​យន្តហោះ​នោះ​ផង​ដែរ​។​

មន្ត្រី​ព្រលាន​យន្តហោះ​ក្រុង​ហ្គូម៉ា ​លោក​ រី​ឆាត​ ម៉ាងហ្គូឡូប៉ា ​បាន​ថ្លែង​ប្រាប់ ​AFP ​ថា​ គ្មាន​ក្រុម​អ្នក​នៅ​រស់​ពី​គ្រោះ​មហន្តរាយ​ធ្លាក់​យន្តហោះ​នោះ​ទេ​។​

ក្រុមពលរដ្ឋ​ចោមរោម​មើល​​យន្តហោះ​ធ្លាក់​ នៅ​ក្នុង​​តំបន់​មាន​​​មនុស្ស​រស់នៅ​យ៉ាង​ច្រើន​​។ AFP

យន្តហោះ​ធុន ​Dornier-228​ បាន​ហោះ​​ឆ្ពោះ​ទៅ​ទីក្រុង​ប៊ីនី​ ចម្ងាយ ​៣៥០ ​គីឡូម៉ែត្រ​ពី​ទីក្រុង​ហ្គូម៉ា​ភាគ​ខាង​ជើង​ នៅ​ពេល​វា​បាន​ចុះ​ចត​នៅ​ក្នុង​តំបន់​លំនៅ​ឋាន​មួយ ​ នៅ​ជិត​ព្រលាន​យន្តហោះ​នៅ​ភាគ​ខាង​កើត​ប្រទេស​។​

បុគ្គលិក​ជើង​ហោះហើរ​ប៊ីស៊ីប៊ី​លោក​ ហឺរីធៀរ​ សេដម៉ាម៉ាឌូ ​បាន​ថ្លែង​ថា៖ ​«​មាន​ក្រុម​អ្នក​ដំណើរ​ ​១៧ ​នាក់​ និង​យានិក ​២ ​នាក់ ​នៅ​លើ​យន្តហោះ​នោះ​។ ​យន្តហោះ​នោះ​បាន​ហោះ​ឡើង​នៅ​ប្រហែល​ម៉ោង ​៩​ និង ៩ ឬ ​១០ ​នាទី​ព្រឹក​»​។​

ជើង​ហោះហើរ​ប៊ីស៊ីប៊ី​ ជា​ក្រុមហ៊ុន​មួយ​បាន​បង្កើត​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​យន្តហោះ ​៣ ​គ្រឿង ​ដែល​បាន​បម្រើ​សេវា​នៅ​ក្នុង​ខេត្ត​គីវ៉ូ​ភាគ​ខាង​ជើង​។​

បុគ្គលិក​មើល​ថែ​ម្នាក់​ក្នុង​ចំណោម​បុគ្គលិក​របស់​ក្រុមហ៊ុន​ជើង​ហោះហើរ​ប៊ីស៊ីប៊ី​នៅ​កន្លែង​នោះ​ ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី​ដោយ​សារព័ត៌មាន ​ស៊ី​ឌី ​បាន​ថ្លែង​ថា​៖ «យន្តហោះ​ធុន​តូច​នោះ​ធ្លាក់ ​បណ្តាល​មក​​ពី​បញ្ហា​បច្ចេកទេស​»​។​

ចំនួន​អ្នក​ស្លាប់​ និង​របួស​ពិត​ប្រាកដ ​ដោយសារ​ការ​ធ្លាក់​យន្តហោះ​ និង​នៅ​លើ​ដី​នោះ ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​។​

បេសកកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ​ បាន​ដាក់​ពង្រាយ​ក្រុម​បុគ្គលិក​​របស់​ខ្លួន​នៅ​​​កុងហ្គោ ដើម្បី​ជួយ​​ការងារ​​​សង្គ្រោះ​ក្នុង​តំបន់៕ ​AFP/SK