ក្រុង​ការ៉ាកាសៈ ​ទី​ភ្នាក់ងារ​សារ​ព័ត៌មាន​ Sputnik ​រដ្ឋ​រុស្ស៊ី​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​យន្តហោះ​យោធា​រុស្ស៊ី ​២ ​គ្រឿង ​បាន​ដឹក​ទាហាន ​​និង​សម្ភារ ​ទៅ​កាន់​វ៉េណេស៊ុយអេឡា​កាល​ពី​ចុង​សប្តាហ៍​មុន​។​

ទី​ភ្នាក់ងារ​សារ​ព័ត៌មាន​នោះ​បាន​រាយការណ៍​បក​ប្រែ​ជា​ភាសា​អេស្ប៉ាញ ​ដែល​បាន​ចុះផ្សាយ​នៅ​ក្នុង​វេបសាយ​របស់​ខ្លួន​ថា​៖ «​យន្តហោះ​រុស្ស៊ី​ ២ គ្រឿង​បាន​មក​ដល់​ប្រទេស ​វ៉េណេស៊ុយអេឡា ​កាល​ពី​ថ្ងៃ​សៅរ៍​ជា​មួយ​សម្ភារ​ និង​បុគ្គលិក ដើម្បី​អនុវត្ត​​​កិច្ចសន្យា​បច្ចេកទេស​យោធា​​»​។​

សារ​ព័ត៌មាន​នោះ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​ទេ ​ប៉ុន្តែ​បាន​ដក​ស្រង់​សម្តី​ពី​មន្ត្រី​ម្នាក់​ដែល​សុំ​មិន​ផ្តល់​អត្តសញ្ញាណ​​មក​ពី​ស្ថានទូត​រុស្ស៊ី​នៅ​ក្រុង​ការ៉ាកាស​ ដោយ​និយាយ​ថា​៖ «​មិន​មាន​អ្វី​ជា​អាថ៌​កំបាំង​» ​អំពី​យន្តហោះ​យោធា​ទាំង​នោះ​ទេ​។​

របាយការណ៍​សារ​ព័ត៌មាន​ Sputnik ​ ​ត្រូវ​បាន​គេ​ចុះ​​ផ្សាយ​​ ក្រោយ​ពី​អ្នក​កាសែត​​វ៉េណេស៊ុយអេឡា​ ​គឺ​​លោក​ Javier Mayorca​ បាន​និយាយ​នៅ លើ​គេហទំព័រ​​ធ្វីធើរ​ថា​​ យន្តហោះ​ទាំង​​នោះ​បាន​ចុះចត កាល​ពី​ថ្ងៃសៅរ៍៕ AFP/SK