ក្រុង​ខាត់​ថ្មាន់​ឌូៈ យន្ត​ហោះ​ម៉ាឡេស៊ី​មួយ​គ្រឿង​ដែល​ដឹក​មនុស្ស​១៣៩​នាក់​ ដែល​បាន​បញ្ឈប់​ការ​ហើរ​ឡើង ​ហើយ​រអិល​ចូល​ភក់​ បាន​បង្ខំ​ឲ្យ​ព្រលាន​យន្ត​ហោះ​ខាត់​ថ្មាន់​ឌូ​ បិទ​រយៈ​ពេល​ជាង​ ១២​ ម៉ោង ​រហូត​ដល់​យន្ត​ហោះ​នេះ ​ត្រូវ​យក​ចេញ​ពី​ភក់​ នៅ​ថ្ងៃ​សុក្រ​នេះ​។

គ្មាន​នរ​ណា​ម្នាក់​ រង​របួស​នៅ​ក្នុង​ឧប្បត្តិ​ហេតុ​នោះ​ឡើយ​ ប៉ុន្តែ​អ្នក​ដំណើរ​រាប់​រយ​នាក់​ បាន​លុប​ចោល​ជើង​ហោះ​ហើរ​របស់​ពួក​គេ​ និង​ជើង​ហោះ​ហើរ​ផ្សេងៗ​ទៀត ​ត្រូវ​បាន​បង្វែរ​ទិស​ដៅ​ ក្រោយ​ពី​យន្ត​ហោះ​ Boeing​ 737 របស់​ក្រុម​ហ៊ុន​Malindo Airlines​ បាន​ចេញ​ដំណើរ​ កាល​ពី​ល្ងាច​​ថ្ងៃ​ព្រហស្បតិ៍​។

អ្នក​នាំ​ពាក្យ​ព្រលាន​យន្ត​ហោះ​លោក​ Prem Nath Thakur ​បាន​ថ្លែង​ថា​ យន្ត​ហោះ​នោះ ​បាន​បន្ថយ​ល្បឿន​ចុះ​រត់​លើ​ផ្លូវ​នៅ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ Tribhuvan ​នៅ​ពេល​ពី​ឡុត​ ជួប​បញ្ហា​ និង​បញ្ឈប់​ការ​ហោះ​ឡើង​ភ្លាម​។

យន្ត​ហោះ​នោះ​ បាន​រអិល​ចូល​ក្នុង​ស្មៅ​ និង​បាន​ជាប់​ក្នុង​ភក់ ​នៅ​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ​ពី​ផ្លូវ​​យន្ត​ហោះ​រត់​។

លោក​ Thakur​ បាន​ថ្លែង​ថា​អ្នក​ដំណើរ​ទាំង​អស់​មាន​សុវត្ថិ​ភាព ​ដោយ​បន្ថែម​ទៀត​ថា​ ​មូល​នៃ​បញ្ហា​នោះ​ មិន​ត្រូវ​បាន​ដឹង​ភ្លាមៗ​នោះ​ទេ៕​ PSA