ក្រុង​ម៉ូស្គូៈ ​ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​យន្ត​ហោះ​ចម្បាំង​ Su-27 ​រុស្ស៊ី​មួយ​គ្រឿង​ បាន​ស្ទាក់​ចាប់​យន្ត​ហោះ P-8A ​របស់​ទាហាន​ជើង​ទឹក​អាមេរិក​និង​យន្ត​ហោះ​ឈ្លប​យក​ការណ៍ RC-135​ របស់​កង​ទ័ព​អាកាស​ នៅ​ពី​លើ​សមុទ្រ​ខ្មៅ។​

​ការិយា​ល័យ​ផ្សព្វ​ផ្សាយ​ Zvezda រ​របស់​ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​បាន​ថ្លែង ​ដោយ​គ្មាន​ការ​បញ្ជាក់​កាល​បរិច្ឆេទ​ច្បាស់​លាស់​ អំពី​ឧប្បត្តិហេតុ​នោះ​ថា​៖ «​ប្រព័ន្ធ​គ្រប់​គ្រង​ដែន​អាកាស​រុស្ស៊ី​ បាន​រក​ឃើញ​គោល​ដៅ​យន្តហោះ​​ ២​ គ្រឿង​ ដែល​បាន​ហោះ​ចូល​ព្រំ​ដែន​ប្រទេស​រុស្ស៊ី ​នៅ​ម្តុំ​ដែន​ទឹក​អព្យា​ក្រិត្យ​សមុទ្រ​ខ្មៅ​នោះ​»​។​

​ការិយា​ល័យ​ផ្សព្វ​ផ្សាយ ​Zvezda ​បាន​និយាយ​ថា ​យន្ត​ហោះ​ Su-27 ​មួយ​គ្រឿង​ របស់​អង្គភាព​យោធា​ភាគ​ខាង​ត្បូង​ ​បាន​ហោះ​ស្ទាក់​ចាប់​គោល​ដៅ​នោះ​។ ​ការិយា​ល័យ​ផ្សព្វ​ផ្សាយ​Zvezda ​បាន​និយាយ​ថា ​បាន​ក្រោយ​ពី​យន្ត​ហោះ​ ២​គ្រឿង​របស់​អាមេរិក​ បាន​ហោះ​ចេញ​ពី​ព្រំដែន​ប្រទេស​រុស្ស៊ី​ យន្តហោះ​ចម្បាំង​រុស្ស៊ី​ បាន​ហោះ​ត្រឡប់​ចូល​ទៅ​ព្រលាន​យន្តហោះ​ របស់​ខ្លួន​វិញ​ដោយ​សុវត្តិភាព​។​

​កាល​ពី​ ២-៣​ សប្តាហ៍​មុន​ យន្តហោះ​ចម្បាំង​រុស្ស៊ី​បាន​ហោះ​ជា​ប្រចាំ​ ដើម្បី​ស្ទាក់​ចាប់​យន្ត​ហោះ​ស៊ើប​យក​ការណ៍​របស់​អាមេរិក​ជា​ច្រើន​គ្រឿង​ នៅ​ពី​លើ​សមុទ្រ​ខ្មៅ​៕ Xinhua/SK