វាល​ប្រេង​អូមារៈ​ កង​កម្លាំង​ដែល​ដឹកនាំ​ដោយ​ក្រុម​ឃើដ​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​នៅ​មុន​ពេល​ធ្វើ​ការ​វាយ​ប្រហារ​ចុង​ក្រោយ​នោះ​ថា ក្រុម​ជីហាដ​និយម​ ដែល​ការពារ​ទីតាំង​ឈរ​ជើង​ចុង​ក្រោយ​ នៅ​ក្នុង​ទឹក​ដី​ស៊ីរី​ នឹង​ត្រូវ​ស្លាប់​ទាំង​អស់​ ប្រសិន​បើ​ពួក​គេ​មិន​ប្រគល់​ខ្លួន​ទេ​នោះ​។​

កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ (SDF) គាំទ្រ​ដោយ​អាមេរិក​ បាន​និយាយ​ថា ​ពួក​គេ​កំពុង​ប្រឹងប្រែង​ជម្លៀស​ក្រុម​ជន​ស៊ីវិល​ដែល​ជាប់​នៅ​ក្នុង​តំបន់​មួយ​មាន​ផ្ទៃ​ដី ​៥០០ ​គីឡូ​ម៉ែត្រ​ការ៉េ​នៃ​រដ្ឋ​កាលិហ្វ​របស់​ក្រុម​រដ្ឋ​អ៊ិស្លាម​ IS ​មុន​នឹង​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​កន្លែង​លាក់​ខ្លួន​របស់​ក្រុម​​​ជីហាដ​នោះ​។

អ្នក​នាំ​ពាក្យ​លោក Mustefa Bali ​បាន​ថ្លែង​ថា​៖ ​«​យើង​កំពុង​ធ្វើ​ការ​បំបែក​ និង​ជម្លៀស​ក្រុម​ជន​ស៊ីវិល​ ហើយ​នឹង​ធ្វើ​​ការ​វាយ​ប្រហារ​តែ​ម្តង​។ ​ការ​វាយ​ប្រហារ​នេះ​ដែរ​ ប្រហែល​ជា​អាច​នឹង​កើត​ឡើង​នៅ​ពេល​ឆាប់​ៗ​នេះ​។

លោក ​បាន​ថ្លែង​ថា​ ក្រុម​យុទ្ធជន​ IS ​មាន​ជម្រើស ​២ ​គឺ​ពួក​គេ​ត្រូវ​ប្រគល់​ខ្លួន ​ឬ​ក៏​ពួក​គេ​​ត្រូវ​ស្លាប់​នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​នោះ​។

ក្រុម​ IS បាន​ប្រកាស​រដ្ឋ​កាលិហ្វ​នៅ​ក្នុង​ទឹក​ដី​មួយ​ភាគ​ធំ​របស់​ស៊ីរី ​និង​អ៊ីរ៉ាក់​ជិត​ខាង​នៅ​ក្នុង​ឆ្នាំ​ ​២០១៤​។

អគារ​ជា​ច្រើន​ខ្នង​នៅ​ក្នុង​ភូមិ​ Baghouz ​គឺ​ថា​ ស្ថិត​នៅ​ក្នុង​តំបន់​នៃ​ដែន​ដី​នយោបាយ​ដែល​មាន​ទំហំ​​​​​ស្មើ​នឹង​ប្រទេស​ អង់គ្លេស​។

ក្រុមសមា​ជិក​នៃ​កងការពា​រ​​ជនស៊ីវិលសុីរី​​​ ពន្លត់​ភ្លើង​នៅទី​កន្លែង​ ដែល​រងការ​វាយប្រហា​រ​ផ្លូវ​អា​កាស​នៅក្នុង​ទី​ប្រជុំជ​ន​ Khan Sheikhun។ AFP

អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃ​អង្គារ ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ជុំវិញ​ស្ថានភាព​របស់​ពលរដ្ឋ​ប្រហែល ​២០០ ​គ្រួសារ​នៅ​ក្នុង​នោះ​មាន​ស្ត្រី​និង​កុមារ​ដែល​​នៅ​ក្នុង​តំបន់​លាក់​ខ្លួន​​របស់​ក្រុម ​IS ​នោះ​។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​អង្គការ​សហ​ប្រជាជាតិ​បាន​ថ្លែង​ថា៖ ​«​ភាគ​ច្រើន​នៃ​គ្រួសារ​ទាំង​នោះ​ កំពុង​ត្រូវ​បាន​រារាំង​ដោយ​ក្រុម ​IS ​មិន​ឲ្យ​ចេញ​ពី​ទី​នោះ​»។

ខ្សែ​ត្រៀម​ជួរ​មុខ​នៅ​ក្នុង​ភូមិ​ Baghouz ​មាន​ភាព​ស្ងប់ស្ងាត់​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ។ អគារ​ជា​ច្រើន​​ត្រូវ​បាន​បំផ្លាញ​និង​រថយន្ត​ជា​ច្រើន​គ្រឿង​ឆេះ​ខ្លោច​នៅ​តាម​ចិញ្ចើម​ផ្លូវ​ដោយ​សារ​ការ​វាយ​ប្រហារ​។

នៅ​ច្រក​ចូល​ភូមិ​នោះ​ កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ បាន​ធ្វើ​ឲ្យ​អគារ​រង​ការ​បំផ្លាញ​នោះ​ក្លាយ​ទៅ​ជា​មូលដ្ឋាន​បណ្តោះ​អាសន្ន​មួយ​។

Dino ​ជា​យុទ្ធ​ជន​មាន​វ័យ ​២៦ ឆ្នាំ​ដែល​បាន​ប្រយុទ្ធ​ជា​មួយ​ក្រុម​ជីហាដ​ជា​ច្រើន​ឆ្នាំ​​នោះ​បាន​និយាយ​ថា ​សុបិន​អាក្រក់​បាន​ផុត​រលត់​បាត់​ហើយ​។ ​យើង​បាន​ជួយ​សង្រ្គោះ​ប្រជាជន​ចេញ​ពី​ក្រុម ​IS។

ក្មេង​សុីរី​អាយុ​ ១១ ឆ្នាំ​ ឈរនៅលើ​​រថក្រោះ​​​ដែល​ខូ​ចមួយ​គ្រឿង​នៅក្បែរ​​​ភូមិ Yazi Bagh ​កាល​ពីថ្ងៃ​ទី​ ១៩​ កុម្ភៈ។ AFP

ការ​ប្រយុទ្ធ​ដំបូងៗ​មាន​ការ​ពិបាក​ណាស់​។ យើង​មិន​បាន​​ស្គាល់​សត្រូវ​របស់​យើង​ច្បាស់​ប៉ុន្តែ​​នៅ​ពេល​បច្ចុប្បន្ន​នេះ​យើង​ស្គាល់​ពួក​គេ​ច្បាស់​ណាស់​។

ប្រជាជន​រាប់​ពាន់​នាក់​ បាន​រត់​គេច​ពី​សង្រ្គាម​ប្រឆាំង​ IS​ កាល​ពី​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ប៉ុន្តែ​គ្មាន​ជន​ស៊ីវិល​ណា​ ​រត់​ចេញ​ទេ​រយៈ​ពេល​ ៣ ថ្ងៃ​នេះ​​។

ក្រុម​អ្នក​ ដែល​បាន​ព្យាយាម​រត់​​ចេញ​ពី​សង្រ្គាម​នោះ​ត្រូវ​បាន​ដឹក​ដោយ​រថយន្ត​ទ្រុង​ជា​ច្រើន​គ្រឿង​ទៅ​កាន់​ជំរំ​គ្រប់គ្រង​ដោយ​ក្រុម​ឃើដ​ភាគ​ខាង​ជើង​នោះ​៕ AFP/PSA