កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី ១ កុម្ភៈ យោធា​មីយ៉ាន់ម៉ា​បាន​ចាប់​ខ្លួន​លោកស្រី ​អ៊ុងសាន ស៊ូជី លោក​ប្រធានាធិបតី U Win Myint និង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ផ្សេងៗ​ទៀត ក្នុង​ការ​ធ្វើ​រដ្ឋ​ប្រហារ​ដណ្ដើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​ដែល​ទើប​តែ​បង្កើត​កាល​ពី ៥ ឆ្នាំ​មុន។

មន្ត្រី​នាំពាក្យ​គណបក្ស​កាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​ប្រជា​ធិបតេយ្យ (NLD) របស់លោក​ស្រី ​អ៊ុង​សាន ស៊ូ​ជី គឺ​លោក MyoNyunt បាន​បញ្ជាក់ថា ការចាប់ខ្លួន​ទាំងនេះ «តាម​ដែល​យើង​ដឹង បុគ្គលសំខាន់ៗទាំងអស់​ត្រូវបាន​ចាប់ខ្លួន​ដោយ​យោធា​មី​យ៉ាន់​ម៉ា» លោក MyoNyunt បាន​និយាយបែបនេះ​មុន​ខ្លួន​លោក​ផ្ទាល់ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ។

លោក​បាន​បន្តទៀតថា៖ «ដូច្នេះ ឥឡូវនេះយើង​អាចនិយាយបានថា វា​ជា​រដ្ឋប្រហារ។ ខ្ញុំ​បាន​ឮថា ​នៅឯ Naypyidaw លោកស្រី ​អ៊ុង​សាន ស៊ូ​ជី និង​ប្រ​ធានាធិបតី Win Myint ត្រូវបាន​ចាប់ខ្លួន។ យើង​មិន​ច្បាស់​អំពី​សមាជិកសភា​នៅក្នុង​បរិវេណ​សាលាក្រុង​ទេ ប៉ុន្តែ​យើង​អាច​សន្មត​ថា​ពួកគេ​ក៏ត្រូវ​បាន​ចាប់ខ្លួន​ផងដែរ»។

ការរាយការណ៍​បឋម បានបញ្ជាក់​ការចាប់ខ្លួន​មនុស្ស​យ៉ាងហោចណាស់ ៣៥ នាក់ ​ក្នុងនោះ​មាន​មន្ត្រី​រដ្ឋាភិបាល មន្ត្រី​គណបក្ស NLD មេដឹកនាំ​សកម្មជន​មេដឹកនាំ​សង្គម​ស៊ីវិល​ជាដើម។ គេ​ព្យាករ​ថា​តួលេខនឹង​បន្ត​កើនឡើង​បន្ថែមទៀត។

ប៉ុន្មាន​ម៉ោង​ក្រោយមក ប៉ុស្តិ៍​ទូរទស្សន៍​របស់​យោធាបាន​ផ្សាយ​ថា ​ស្ថានភាព​គ្រាអាសន្ន​ត្រូវបាន​ប្រកាស​សម្រាប់​រយៈពេល ១ ឆ្នាំ​ ហើយ​អំណាច​ត្រូវបាន​ផ្ទេរ​ទៅ​អគ្គមេបញ្ជាការ​កងទ័ព លោកនាយ​ឧត្ដមសេនីយ៍​ជាន់ខ្ពស់ Min Aung Hlaing។

សេវាកម្ម​ទូរស័ព្ទ និងអ៊ី​ន​ធឺណិ​ត​ត្រូវបាន​បិទ​នៅ​ទីក្រុងធំៗ ហើយ​ជើងហោះហើរ​ក្នុងស្រុក​ត្រូវបាន​ផ្អាក។ ទូរទស្សន៍​ជាតិ MRTV និង​វិទ្យុជាតិ Myanmar Radio បាន​បញ្ឈប់​ការផ្សាយ​របស់​ពួកគេ ដោយ​ប្រកាស​នៅក្នុង​ទំព័រ Facebook ពួកគេ​ថា ការបញ្ឈប់​នេះ​គឺ​ដោយសារ​បញ្ហា​បច្ចេកទេស។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក Anthony Blinken បាន​អំពា​វនា​វ​ឱ្យមាន​ការដោះលែង​មន្ត្រី​រដ្ឋាភិបាល និង​មេដឹកនាំ​សង្គម​ស៊ីវិល​ទាំងអស់ ហើយ​បាន​និយាយថា សហរដ្ឋ​អាមេ​រិ​ក​នឹង «ឈរ​ជាមួយ​ប្រជាជន​ភូមា​នៅក្នុង​សេចក្ដីប្រាថ្នា​របស់​ពួកគេ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ សេរីភាព សន្តិភាព និង​ការអភិវឌ្ឍ»។

សេត​វិមាន​ប្រធានាធិបតី Joe Biden បាន​និយាយថា​សហរដ្ឋអាមេរិក​ «ប្រឆាំង​រាល់​ការប៉ុនប៉ង​ផ្លាស់ប្ដូរ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ ឬ​ការរារាំង​ការផ្ទេរអំណាច​ប្រជាធិបតេយ្យ​របស់​មី​យ៉ាន់​ម៉ា»។

ពលករចំណាកស្រុក កាន់រូបថតរបស​់លោក​ស្រី អ៊ុងសាន ស៊ូ​ជី ក្នុងអំឡុង​ការ​តវ៉ានៅក្រៅស្ថាន​ទូតក្នុងក្រុងបាងកក។ AFP

រដ្ឋប្រហារ​នេះ កើតឡើង​នៅពេលដែល​ភាព​តានតឹង​បាន​កើនឡើង​រវាង​រដ្ឋាភិបាល​ស៊ីវិល និង​កង​យោធា​ជុំវិញ​ជម្លោះ​លទ្ធផល​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា ២០២០ មក​ម្ល៉េះ។ ក្នុងការ​បោះឆ្នោត​នោះ គណបក្ស NLD បានទទួល​អាសនៈ​រដ្ឋសភា​ចំនួន ៣៩៦ ក្នុងចំណោម ៤៧៦ ខណៈ​គណបក្ស​សាមគ្គីភាព និង​ការអភិវឌ្ឍ (USDP) របស់​យោធា​វិញ​ទទួលបាន​ត្រឹមតែ ៣៣ អាសនៈ​ប៉ុណ្ណោះ។ គណបក្ស USDP បានធ្វើការ​អះអាងថា​មានការ​លួច​ក្លែងបន្លំ​សន្លឹកឆ្នោត ហើយ​បានធ្វើ​ការតវ៉ា​ទៅកាន់​តុលាការ​កំពូល។

នៅ​ល្ងាច​ថ្ងៃ​ចន្ទ​រដ្ឋាភិបាលយោធា​បានប្រកាសថា ពួកគេ​នឹង​រៀបចំ​ការបោះឆ្នោត​ថ្មី និង​ផ្ដល់​សិទ្ធិ​ក្នុងការ​បង្កើត​រដ្ឋា​ភិបាល​ថ្មី​ដល់​គណបក្ស​ន​យោបាយ​ដែល​ឈ្នះឆ្នោត​ត្រឹមត្រូវ។ កង​យោធា​ក៏​ប្រកាស​ការធ្វើកំណែទម្រង់​លើ​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត ដែល​ពួកគេ​ចោទប្រកាន់ថា ​បាន​បរាជ័យ​ក្នុងការ​ដោះស្រាយបញ្ហា​លទ្ធផល​ការបោះឆ្នោត។

កាលពី​ថ្ងៃ​សៅរ៍ ទី ៣០ មករា កង​យោធា​បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ថា ការលួចបន្លំ​សន្លឹកឆ្នោត បានកើត​ឡើង​ហើយ​សហគមន៍​អន្តរជាតិ​គួរ​គាំទ្រ​ជំហាន​បន្ទាប់​នៃ​ដំណើរ​ការនយោ​បាយ​ដោយ​ឈរលើ​មូលដ្ឋា​ន «ធុរកិច្ច​ដូច​ធម្មតា»។

សេចក្ដីថ្លែងការណ៍​នោះ​សរសេរ​ថា៖ «កង​យោធា ​Tatmadaw មិនមែន​ធ្វើការ​ជំទាស់ លទ្ធផល​បោះឆ្នោត​ដោយផ្ទាល់​ទេ។ Tatmadaw បាន​យល់ឃើញថា ដំណើរការ​នៃ​ការបោះឆ្នោត ២០២០ គឺ​មិនអាច​ទទួលយកបាន​ទេ ដោយ​មានការ​ក្លែងបន្លំ​ជាង ១០,៥ លាន​ករណី»។

ក្នុងអំឡុងពេល​សប្ដាហ៍​មុន​យោធា​មី​យ៉ាន់​ម៉ា បាន​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ថា ​ខ្លួននឹងធ្វើ​រដ្ឋប្រហារបន្ទាប់ពី​លោក​ឧត្ដមសេនីយ៍ Min Aung Hlaing បាន​ប្រាប់​មន្ត្រី​យោធា​ជាន់ខ្ពស់​ថា​រដ្ឋធម្មនុញ្ញ​អាច​ត្រូវ​ដកហូត ប្រសិនបើ​ច្បាប់​មិន​ត្រូវបាន​អនុវត្ត​ត្រឹមត្រូវ។ តែ​ក្នុងអំឡុងពេល​ដដែល យោធា​បានដាក់​ពង្រាយ​រថក្រោះ​ចំនួន​ច្រើន​ខុសពី​ធម្មតា​នៅ​ជុំវិញ​រដ្ឋធានី ធ្វើឱ្យមាន​ការព្រួយបារម្ភ​ពី​មន្ត្រី​ស៊ីវិល។

រដ្ឋប្រហារ​នេះ​បានកើត​ឡើង ២ ថ្ងៃ ​បន្ទាប់ពី​លោក​ Antonio Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​និយាយ​ប្រឆាំងនឹង​ការបង្ក​ហេតុ​ណាមួយ​ក្នុងប្រទេស​នេះ។ នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​អ្នក​នាំពាក្យ​លោក Guterres បាន​សម្ដែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ទាក់ទង​នឹង​ការប្រកាស​ផ្ទេរអំណាច​នីតិប្បញ្ញត្តិ អំណា​ច​នីតិប្រតិបត្តិ និង​តុលាការ​ដល់​យោធា។

មុន​រដ្ឋប្រហារ សភា​ដែល​ទើប​ជាប់ឆ្នោត​ថ្មី​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​បើក​សម័យប្រជុំទី១ របស់ខ្លួន​នៅ​ថ្ងៃ​ចន្ទ ទី ១ កុម្ភៈ ​ដដែល។

ការចាប់ខ្លួន​មេដឹកនាំ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ​គឺ​គ្រាន់តែ​ជា​ព្រឹត្តិការណ៍​ចុងក្រោយបង្អស់​នៅក្នុង​ប្រវត្តិសាស្ត្រ​ដ៏​ស្មុគស្មាញ​របស់​ប្រទេសមួយ​នេះ ដែល​ពោរពេញ​ទៅដោយ​ការតស៊ូ​ដណ្ដើម​ការគ្រប់គ្រង​រវាង​ក្រុម​ស៊ីវិល​របស់លោក​ស្រី​ អ៊ុងសាន ស៊ូ​ជី និង​ក្រុម​យោធា។

ប្រទេស​មី​យ៉ាន់​ម៉ា ​ដែល​កាលពីមុន​មាន​ឈ្មោះថា ភូមា បានទទួល​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេ​ស​នៅ​ឆ្នាំ ១៩៤៨ តែ​រដ្ឋា​ភិបាល​ស៊ីវិល ត្រូវបាន​ផ្ដួលរ​លំដោយ​កង​យោធា​នៅ​ឆ្នាំ ១៩៦២ ដែល​កាន់អំណាច​ផ្ដាច់ការ​រហូតដល់​ឆ្នាំ ២០១០។

ការបះបោរ​មួយ​នៅ​ឆ្នាំ ១៩៨៨ បាន​ជំ​រុញឱ្យ​រដ្ឋាភិបាលយោធា​រៀបចំ​ការបោះឆ្នោត​ជា​លើកដំបូង​នៅ​ឆ្នាំ ១៩៩០ ដែល​ការបោះឆ្នោត​នេះ ត្រូវបាន​ឈ្នះ​ដោយ​គណបក្ស NLD ប៉ុន្តែ​សមាជិកសភា​ជាប់ឆ្នោត​ដែល​រួមមាន ​អ៊ុង​សាន ស៊ូជី ត្រូវបាន​ចាប់ខ្លួន​ទាំងអស់ មុន​ពួកគេ​ចូលកាន់​អំណាច។ នៅ​ឆ្នាំ​បន្ទាប់​លោកស្រី​ អ៊ុង​សាន ស៊ូ​ជី បានឈ្នះ​ពានរង្វាន់​ណូបែល​សន្តិភាព ខណៈពេលដែល​លោកស្រី​ជាប់ឃុំ​នៅ​គេហដ្ឋាន និង​ត្រូវបាន​បំបិទ​សេរី​ភាពជា​ញឹកញាប់​ក្នុងអំឡុង​ឆ្នាំ ១៩៩៩ មក​ម្លេ​៉ះ។

នៅ​ឆ្នាំ ២០១០ នាយ​ឧត្ដមសេនីយ៍ Than Shwe បានប្រកាសថា ប្រទេស​នេះនឹងត្រូវ​ប្រគល់​ទៅឱ្យ​មេដឹកនាំ​ស៊ីវិល តែ​បាន​ធានាថា យោធា​នឹង​រក្សា​អំណាច​ជាច្រើន ដូចជា​ការគ្រប់គ្រង​ក្រសួងសំខាន់ៗជាដើម។ ពួកគេ​បាន​ដោះលែង​អ្នកទោសនយោបាយ ដែល​រួមទាំង​សមាជិកសភា​គណបក្ស NLD។ លោកស្រី ​អ៊ុង​សាន ​ស៊ូ​ជី ត្រូវបាន​គេ​បោះឆ្នោត​ជ្រើសរើស​កាលពី​ឆ្នាំ ២០១២ ឱ្យក្លាយ​ជាទី​ប្រឹក្សា​រដ្ឋ​មី​យ៉ាន់ម៉ា។ នៅ​ឆ្នាំ ២០១៥ គណបក្ស NLD បានទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​សភា ដែល​កាលនោះ កង​យោធាបាន​គោរព​លទ្ធផល​នៃ​ការបោះឆ្នោត។

លោកស្រី អ៊ុង​សាន ស៊ូ​ជី ​ខណៈ​ដែលមាន​ប្រជាប្រិយ​ក្នុងចំណោម​ពុទ្ធសាសនិក​ភាគច្រើន​នៅ​មី​យ៉ាន់​ម៉ា បាន​មើលឃើញ​កេរ្តិ៍ឈ្មោះ​អន្តរជាតិ​របស់លោក​ស្រី​ធ្លាក់ចុះ ដោយសារ​ការប្រព្រឹត្តរ​បស់​រដ្ឋាភិបាល​លោកស្រី​ទៅលើ​ជនជាតិ​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ដែល​កាន់​សាសនា​អ៊ិ​ស្លាម។ នៅ​ឆ្នាំ ២០១៧ កងទ័ព​មី​យ៉ាន់​ម៉ា​បាន​បង្កើន​ការបង្ក្រាប​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ដែល​ឈានដល់​ការសម្លាប់​រង្គាល។ លោកស្រី​ អ៊ុង​សាន ស៊ូ​ជី មិនបាន​ថ្កោលទោស​សកម្មភាព​នេះ​ទេ ហើយ​រួមទាំង​ចូលរួម​ក្នុងការ​ការពារកងទ័ព​ថែមទៀត៕