
អ្នកកាន់ទុក្ខកាន់រូបថតអ្នកតវ៉ាឈ្មោះ Aung Kaung Htet នៅពិធីបុណ្យសពរបស់លោកក្នុងទីក្រុងយុាំងហ្គោន។ AFP
យោធាមីយ៉ាន់ម៉ាបានចោទប្រកាន់ថា ក្រុមអ្នកតវ៉ាបាតុកម្មប្រឆាំងនឹងរបបយោធាបង្កឱ្យមានការប្រើប្រាស់អាវុធ និងអំពើហិង្សា ហើយបណ្ដាលឱ្យមានមនុស្សស្លាប់ជាច្រើននាក់ទៀត។ ការចោទប្រកាន់នេះ ធ្វើឡើងក្រោយពេលប្រទេសលោកខាងលិចដាក់ទណ្ឌកម្មបន្ថែមទៀតលើបុគ្គល និងក្រុមដែលជាប់ពាក់ព័ន្ធនឹងរបបយោធា។
អ្នកនាំពាក្យរបបយោធាលោក Zaw Min Tun បាននិយាយថា បាតុករ ១៦៤ នាក់ បានបាត់បង់ជីវិត ហើយលោកក៏បានសម្តែងការសោកស្តាយចំពោះការស្លាប់នេះផងដែរ។ លោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានី Naypyidaw កាលពីថ្ងៃអង្គារ៖ «ពួកគេក៏ជាពលរដ្ឋរបស់យើងដែរ» ហើយបានបន្ថែមថា កងកម្លាំងយោធានឹងប្រើកម្លាំងតិចបំផុត តាមតែអាចធ្វើទៅបាន ដើម្បីបង្ក្រាបអំពើហិង្សាក្នុងពេលបាតុកម្មនោះ។
ក្រុមសកម្មជនសមាគមជំនួយ ដើម្បីអ្នកទោសនយោបាយ (AAPP) បាននិយាយថា មនុស្សយ៉ាងហោចណាស់ ២៦១ នាក់បានស្លាប់ នៅក្នុងការបង្ក្រាបដ៏ឃោរឃៅរបស់កងកម្លាំងយោធារបស់រដ្ឋាភិបាល។ សាក្សី និងសេចក្តីរាយការណ៍បានឱ្យដឹងថា មានមនុស្ស ៣ នាក់បានស្លាប់ក្នុងពេលបាតុកម្មក្នុងទីក្រុង Man dalay ប្រទេសមីយ៉ាន់ម៉ា ក្នុងនោះមានទាំងក្មេងប្រុសជំទង់ម្នាក់ផងដែរ កាលពីថ្ងៃចន្ទកន្លងទៅ។
លោក Zaw Min Tun បានចោទក្រុមអ្នកតវ៉ាថា បានបង្កឱ្យមានបាតុកម្មរហូតបណ្ដាលឱ្យមានអំពើហិង្សា និងផ្ទុះអាវុធហើយបាននិយាយថា កងកម្លាំងសន្តិសុខ ៩ នាក់ ត្រូវបានស្លាប់ក្នុងបាតុកម្មនេះផងដែរ។ លោកបានបង្ហាញវីដេអូរោងចក្រឆេះ ហើយនិយាយថា «នេះ ឬការតវ៉ាដោយសន្តិវិធី? តើប្រទេស ឬអង្គការមួយណាដែលចាត់ទុកអំពើហិង្សាបែបនេះថា ជាការតវ៉ាសន្តិភាព?»។
លោកក៏បានបន្ថែមថា ការធ្វើកូដកម្ម និងមន្ទីរពេទ្យ ដែលមិនបានដំណើរការពេញលេញបានបង្កឱ្យមានករណីស្លាប់កើតឡើង ដោយនោះក៏រួមបញ្ចូលទាំងការស្លាប់ដោយសារជំងឺកូវីដ ១៩ ផងដែរ។ លោកបានហៅក្រុមអ្នកធ្វើបាតុកម្មថា «គ្មានមេត្តា និងគ្មានវិជ្ជាជីវៈ»។
មន្ត្រីដដែលនេះ ក៏បានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយថា ពួកគេរួមចំណែកផ្សាយ «ព័ត៌មានក្លែងក្លាយ» និងធ្វើឱ្យមានការជ្រួលច្របល់ និងបង្កឱ្យមានភាពវឹកវរក្នុងប្រទេស។ លោកបានបន្ថែមទៀតថា អ្នកយកព័ត៌មាននឹងអាចត្រូវជាប់ទោស ប្រសិនបើរដ្ឋាភិបាលរកឃើញថា អ្នកទាំងនោះមានទំនាក់ទំនងជាមួយក្រុមប្រជាធិបតេយ្យ CRPH ថែមទាំងបានប្រកាសថា ស្ថាប័នប្រជាធិបតេយ្យ CRPH មួយនេះ គឺជាអង្គការខុសច្បាប់។
នៅក្នុងសន្និសីទសារព័ត៌មានរយៈពេលជាង ៣ ម៉ោង លោក Zaw Min Tun ក៏បាននិយាយផងដែរថា «កងកម្លាំងយោធាគោរពប្រព័ន្ធផ្សព្វផ្សាយណាស់ ពោលគឺបើរាយការណ៍អំពីព្រឹត្តិការណ៍តវ៉ា គឺពួកយើងអនុញ្ញាត ប៉ុន្តែបើជាអ្នកជំរុញឱ្យមានការតវ៉ា នេះគឺជាបទឧក្រិដ្ឋ»។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃចន្ទ កន្លងទៅ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលណា ដែលជាប់ទាក់ទងនឹងរដ្ឋប្រហារ និងកងកម្លាំង ដែលបង្ក្រាបបាតុករផងដែរ។ មនុស្ស ១១ នាក់ ដែលត្រូវបានគេកំណត់គោលដៅ ដែលក្នុងនោះរួមបញ្ចូលទាំងនាយឧត្តមសេនីយ៍ Min Aung Hlaing មេបញ្ជាការយោធាមីយ៉ាន់ម៉ា និងជាមេដឹកនាំរបបយោធា ដែលកំពុងកាន់អំណាចផងដែរ។ សហភាពអឺរ៉ុប ធ្លាប់បានដាក់ទណ្ឌកម្មសព្វាវុធទៅលើមីយ៉ាន់ម៉ារួចហើយ និងបានកំណត់គោលដៅទៅលើមន្ត្រីយោធាជាន់ខ្ពស់មួយចំនួនចាប់តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។
រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ លោក Heiko Maas បានប្រាប់អ្នកយកព័ត៌មានថា៖ «ការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ា «បានឈានដល់កម្រិតមួយ ដែលមិនអាចទទួលយកបានឡើយ»។ បន្ថែមពីនេះ ក្រុមអ្នកការទូតសហភាពអឺរ៉ុប ក៏បាននិយាយថា វិធានការបន្ថែមផ្សេងៗ អាចនឹងត្រូវដាក់បន្ថែមលើប្រទេសមីយ៉ាន់ម៉ាបន្ថែមទៀត ដោយដៅទៅរកអាជីវកម្មដែលគ្រប់គ្រងដោយបុគ្គលជាប់ទាក់ទងនឹងរបបយោធា។
ដោយឡែកទីក្រុងវ៉ាស៊ីនតោន ក៏បានដាក់ទណ្ឌកម្មលើលោក Min Aung Hlaing រួចហើយ ហើយវិធានការដែលបានប្រកាសកាលពីថ្ងៃចន្ទ នឹងត្រូវពង្រីកបន្ថែមទៀត។ សម្រាប់ការដាក់ទណ្ឌកម្មពីអាមេរិក គឺដៅលើប៉ូលិសជាន់ខ្ពស់ គឺលោក Than Hlaing និងមន្ត្រីយោធា Aung Soe ក៏ដូចជាកងពលរបស់កងទ័ពមីយ៉ាន់ម៉ាចំនួន ២ គឺកងពលថ្មើរជើងលេខ ៣៣ និង ៧៧ ផងដែរ។
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Anthony Blinken បាននិយាយថា សមាជិកនៃកងពលធំទី៣៣ បានបាញ់ជុំផ្ទាល់ទៅកាន់ហ្វូងមនុស្សនៅទីក្រុង Mandalay។ លោកបានមានប្រសាសន៍ថា អង្គភាពទាំង ២ គឺជាផ្នែកមួយនៃ «ផែនការជាប្រព័ន្ធរបស់កងកម្លាំងសន្តិសុខ ដើម្បីបង្កើនការប្រើប្រាស់កម្លាំងយោធាដ៏កាចសាហាវបន្ថែមទៀត»។
យ៉ាងណាមិញ មិនទាន់ឃើញមានការឆ្លើយតបជាបន្ទាន់ពីសំណាក់មន្ត្រីយោធាណាមួយ ដែលបង្ហាញសញ្ញាណនៃការភ័យព្រួយបារម្ភចំពោះការថ្កោលទោសពីអន្តរជាតិចំពោះសកម្មភាពរបស់ខ្លួននៅឡើយ។
សម្រាប់ប្រទេសជិតខាងមីយ៉ាន់ម៉ាទៀតសោត ក៏បាន និងកំពុងងើបឈរ និងសម្ដែងការមិនពេញចិត្តចំពោះការប្រើអំពើហិង្សាចំពោះបាតុករផងដែរ។ ទោះយ៉ាងណាក្ដី របបយោធាបានអះអាងថា ខ្លួនបាន និងកំពុងធ្វើសហប្រតិបត្តិការជាមួយប្រទេសជិតខាងចំនួន ៥ មាន បង់ក្លាដែស ចិន ឥណ្ឌា ឡាវ និងថៃ រួមទាំង ប្រទេសណាដែលគោរពស្ថិរភាពរបស់មីយ៉ាន់ម៉ា ដែលរដ្ឋាភិបាលមីយ៉ាន់ម៉ាតែងឱ្យតម្លៃ និងគោរពពាក្យសម្តីប្រទេសទាំងនោះ៕