ក្រុងការ៉ាកាសៈ យោធាវ៉េណេស៊ុយអេឡា បានប្តេជ្ញា គាំទ្រ លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ កាលពីថ្ងៃអង្គារកន្លងទៅ ហើយបាន និយាយថា ពួកគេ «កំពុងប្រុងជើងការ» ដើម្បីទប់ទល់ការរំលោភបំពាននៅតាមព្រំដែន បន្ទាប់ពីមានការគំរាមកំហែងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានជំរុញឲ្យពួកគេ គាំទ្រមេដឹកនាំគណបក្សប្រឆាំង លោក Juan Guaido នោះ។
រដ្ឋមន្ត្រីការពារជាតិ លោក Vladimir Padrino បានថ្លែងថា៖ «កងកម្លាំងប្រដាប់អាវុធនឹងនៅតែដាក់ពង្រាយកងទ័ពនិងកំពុងប្រុងជើងការនៅតាមបណ្តោយព្រំដែនដើម្បីបញ្ចៀសការរំលោភបំពានបូរណភាពដែនដី» ដោយបានអានសេចក្តីថ្លែងការណ៍មួយនៅក្នុងការបង្ហាញជាសាធារណៈនៅក្បែរក្រុមមេបញ្ជាការកំពូលៗជាច្រើនរូបនោះ។
លោកបានបន្ថែមថា៖ «យើងបានបញ្ជាក់ពីការគោរព ការស្តាប់បង្គាប់ និងភាពស្មោះត្រង់» ចំពោះលោក ម៉ាឌូរ៉ូ ជាថ្មីម្តងទៀត។
លោក ម៉ាឌូរ៉ូ មានវ័យ ៥៦ ឆ្នាំ បានប្រឈមនឹងការអំពាវនាវឲ្យចុះចេញពីតំណែង ខណៈប្រទេសនេះកំពុងប្រឈមនឹងការខ្វះខាតស្បៀងអាហារ និងថ្នាំពេទ្យនោះ។
មេបញ្ជាការយោធាជាន់ខ្ពស់ ដែលរហូតមកទល់ពេលនេះ បានបន្តការគាំទ្រជាសាធារណៈរបស់ខ្លួន ចំពោះលោក ម៉ាឌូរ៉ូ ត្រូវបានគេមើលឃើញថាជាមនុស្សសំខាន់ជួយឲ្យលោក ម៉ាឌូរ៉ូ បន្តកាន់អំណាចនេះ តទៅទៀត។
លោក Guaido ប្រធានសភាវ៉េណេស៊ុយអេឡា បានប្រកាសខ្លួនឯងថា ជាប្រធានាធិបតីស្តីទី ហើយកំពុងអំពាវនាវឲ្យមេដឹកនាំយោធាទាំងអស់ស្តាប់បញ្ជារបស់លោក។
លោកបានបង្ហោះនៅលើគេហទំព័រធ្វីធើរជាបន្តបន្ទាប់ ដោយអំពាវនាវហៅឈ្មោះមេដឹកនាំយោធាជាន់ខ្ពស់មួយចំនួនចំៗ ដែលកំពុងការពារនៅតាមព្រំដែនឲ្យបោះបង់ចោលលោក ម៉ាឌូរ៉ូ ដែលតំណែងរបស់លោកត្រូវបាន គេចាត់ទុកថា ខុសច្បាប់ជុំវិញជម្លោះឲ្យមានការបោះឆ្នោតជា ថ្មីរបស់មេដឹកនាំសង្គមនិយមរូបនេះ កាលពីឆ្នាំ ២០១៨។
លោក Juan Guaido ត្រូវបានគាំទ្រដោយអាមេរិក និងទទួលស្គាល់ដោយប្រទេសប្រហែល ៥០ ផ្សេងទៀត។
អាមេរិកបានបញ្ជូនជំនួមក ប៉ុន្តែយោធាមិនអនុញ្ញាតឲ្យចូលឡើយ៕ AFP/SK