ក្រុង​ធូបាស់៖ ​មន្ត្រី ​និង​សាក្សី​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ​យោធា​អ៊ីស្រាអែល​ បាន​កម្ទេច​ផ្ទះ​ Palestinian Bedouins ​ជិត ​៨០ ​ខ្នង​ នៅ​ក្នុង​តំបន់​កាន់កាប់​វ៉េស​ប៊ែង នៅ​ក្នុង​ប្រតិបត្តិការ​ដ៏​កម្រ​មួយ​​ ដែល​បាន​កំណត់​គោលដៅ​យ៉ាង​ឆាប់​រហ័ស​ទៅ​លើ​សហគមន៍​ប៉ាឡេស្ទីន​ទាំង​អស់​នៅ​ទី​នោះ​។​

យោង​តាម​អ្នក​ថតរូប​កាសែត ​AFP​ ម្នាក់​នៅ​កន្លែង​កើត​ហេតុ​ដែល​បាន​មើល​ឃើញ​មនុស្ស​រាប់​សិប​នាក់​ ចាក​ចេញ​ពី​ផ្ទះ​សំបែង​បាន​ឱ្យ​ដឹង​ថា ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​កន្លង​ទៅ​ រថយន្ត​ឈូស​ឆាយ​របស់​អ៊ីស្រាអែល​ បាន​វាយ​កម្ទេច​ភូមិ​ប៉ាឡេស្ទីន​ចោល​ នៅ​ក្នុង​នោះ​រួម​មាន​ តង់​ បង្គន់​អនាម័យ​ និង​ប្រព័ន្ធ​ប្រើប្រាស់​ពន្លឺ​ព្រះអាទិត្យ​មួយ​ចំនួន ​នៅ​ជិត​ទីក្រុង​ធូបាស់​ នៅ​ក្នុង​ជ្រលង​ភ្នំ​ចូរដេន​។​

នាយក​រដ្ឋមន្ត្រី​ប៉ាឡេស្ទីន​លោក ​ម៉ូហាម៉េដ​ ស្សាតៃយីហ៍​ បាន​ចោទ​ប្រកាន់​កង​កម្លាំង​អ៊ីស្រាអែល​ ពី​បទ ​«កម្ទេច​ភូមិ​ហ៊ូម​សា ​អាល់-​បាហ្ស៊ា​ទាំង​មូល​ ដោយ​បាន​បណ្តាល​ឱ្យ​មនុស្ស​ប្រហែល​ជា​ ​៨០ ​នាក់​ គ្មាន​ផ្ទះ​សំបែង​រស់នៅ​»។​

យោធា​អ៊ីស្រាអែល ​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​កិច្ច​ការ​ស៊ី​វិល​នៅ​ក្នុង​តំបន់​វ៉េស​ប៊ែង​ គឺ​អង្គភាព​ COGAT បាន​ថ្លែង​ថា ​ខ្លួន​បាន​កម្ទេច​រចនា​សម្ព័ន្ធ​ជា​ច្រើន ដែល ​«​បាន​សាងសង់​ដោយ​ខុស​ច្បាប់​ នៅ​ក្នុង​តំបន់​ប្រយុទ្ធ​គ្នា​មួយ​កន្លែង ​(​តំបន់​បណ្តុះបណ្តាល​យោធា​) ​នៅ​ក្នុង​ជ្រលង​ភ្នំ​ចូរ​ដេន​»​។​

ជ្រលង​ភ្នំ​ចូរដេន​ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ «​តំបន់​ C»​ របស់​វ៉េសប៊ែង​ ដែល​ត្រូវ​បាន​គ្រប់គ្រង​​ដោយ​យោធា​៕ AFP/SK