ក្រុង​បូហ្គោតា៖ ​ប៉ូលិស ​និង​ទាហាន​កូឡុំប៊ី បាន​ធ្វើ​ការ​ល្បាត​នៅ​តាម​ដង​ផ្លូវ​នានា​នៃ​ក្រុងបូហ្គោតា​កាល​ពី​ថ្ងៃ​សៅរ៍​ បន្ទាប់​ពី​បាន​ដាក់​បម្រាម​គោចរណ៍​នៅ​ពេល​យប់​ដ៏​កម្រ​មួយ ក្រោយ​ពី​មាន​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​លោក​ប្រធានាធិបតី ​អ៊ីវ៉ាន ឌូគី​ ​បាន​ក្លាយ​ទៅ​ជា​អំពើ​ហិង្សា​។​

ដោយ​ជិះ​​ក្នុង​​​រថយន្តពាស​ដែក ​​​ម៉ូតូ ជិះ​​ឧទ្ធម្ភាគចក្រ ​ឬ​ ដើរ​ផង ​​ទាហាន​ប្រហែល ​១៣ ពាន់​នាក់​ និង​ប៉ូលិស​ប្រឆាំង​កុបកម្ម​ បាន​ឃ្លាំ​មើល​​ដោយ​ប្រុង​ប្រយ័ត្ន​​នៅ​ក្នុង​សង្កាត់​ដែល​​​ងាយ​ផ្ទុះ​ហិង្សា​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ដែល​មាន​មនុស្ស​រស់នៅ​ ៧ ​លាន​នាក់​ ជាទី​ដែល​មាន​អំពើ​ហិង្សា​ និង​​​​អំពើ​​លួច​ប្លន់​ទ្រព្យ​សម្បត្តិ​​ បាន​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ប្រហែល​ ៣០០ ​នាក់​។​

លោក​ អ៊ី​វ៉ាន់ ឌូ​គី​ ជា​គោលដៅ​នៃ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​របស់​ក្រុម​អ្នក​តវ៉ា​កូឡុំប៊ី​រាប់​សែន​នាក់​បាន​ថ្លែង​ថា៖ ​«​ការ​ល្បាត​ទាំង​នេះ​ គឺ​ជា​រឿង​ចាំបាច់​ និង​ធានា​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​នៅ​ក្នុង​ទីក្រុង​នេះ​»​។​

លោក​ អ៊ីវ៉ាន់ ឌូគី ​មិន​បាន​ថ្លែង​ថា​ តើ​ត្រូវ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​នោះ​ បន្ត​ល្បាត​ដល់​ពេល​ណា​​ទេ​។​

ទីក្រុង​បូហ្គោតា​មាន​ឈ្មោះ​ល្បី​ដោយសារ​ចរាចរណ៍​​​កក​ស្ទះ​យ៉ាង​ខ្លាំង​របស់​ខ្លួន ​និង​រថយន្ត​ធុន​ធំ​ និង​ធុន​តូច​ធ្វើ​ចរាចរណ៍​ឮ​លាន់​សន្ធឹក​ទាំង​យប់​ទាំង​ថ្ងៃ​​​នោះ​ កំពុង​ក្លាយ​ទៅ​ជា​សភាព​ស្ងប់ស្ងាត់​បន្តិច​ម្តងៗ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​។​

ក្រុង​នេះ ប្រៀប​បី​ដូច​​ជា​ទីក្រុង​ខ្មោច​ នៅ​ពេល​យប់​​ស្ងាត់​ឈឹង ​ដោយសារ​តែ​​​​​បម្រាម​គោចរណ៍​នោះ៕ AFP/SK