រដ្ឋ​លេខាធិការ​មន្ទីរ​កងទ័ព​ជើងគោក​អាមេរិក​លោក Ryan McCarthy បាន​ប្រាប់​សមាជិក​សភា​អាមេរិក​ថា​យ៉ាង​ហោច​ណាស់​មនុស្ស ២៥ នាក់​ គឺ​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​បទ​ភេរវកម្ម ទាក់​ទង​នឹង​ការ​ឡោមព័ទ្ធ​និង​សម្រុក​ចូល​អគារ​សភា​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​។

លោក John Crow ដែល​ជា​សមាជិក​គណៈកម្មាធិការ​កង​ប្រដាប់​អាវុធ​នៃ​សភា​តំណាង​ បាន​និយាយ​ថា​លោក​បាន​ជួប​លោក McCarthy តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​និយាយ​ថា​ការ​ស៊ើប​ត្រូវ​បាន​បើក​បន្ទាប់​ពី​អាជ្ញាធរ​រក​ឃើញ កាំ​ភ្លើង​វែង ដប​សាំង គ្រឿងផ្ទុះ​ និង​ខ្នោះ​ប្លាស្ទិក​នៅ​កន្លែង​កើត​ហេតុ​។

លោក McCarthy បាន​ធានា​ថា​ក្រសួងការពារជាតិ​បាន​ដឹង​អំពី «ការ​គំរាម​កំហែង​ដែល​អាច​កើត​មាន​បន្ថែម​ទៀត​ដែល​បង្ក​ឡើង​ដោយ​បុគ្គល​ដែល​អាច​ក្លាយ​ជា​ភេរវករ​» មុន​និង​នៅ​ថ្ងៃ​ទី ២០ ខែ​មករា ហើយ​បាន​បញ្ជាក់​ថា​ក្រសួងការពារជាតិ​គឺ​កំពុង​សហការ​ជា​មួយ​អាជ្ញាធរ​ថ្នាក់​ជាតិ​និង​ថ្នាក់​មូលដ្ឋាន​ដើម្បី​សម្រប​សម្រួល​ការ​ត្រៀម​សន្តិសុខ​៕