មន្ត្រី​សុខាភិបាល​នៅ​ប្រទេស​បារាំង ​អ៊ីតាលី ​អាល្លឺម៉ង់ ​អេស្ប៉ាញ​ អៀរឡង់​ ហូឡង់​ ស៊ុយអែត ​ដាណឺម៉ាក ​ជប៉ុន​ លីបង់​ អូស្ត្រាលី ​និង​កាណាដា​ប្រកាស​ថា ​ពួក​គេ​បាន​រក​ឃើញ​ករណី​ឆ្លង​វ៉ារ្យ៉ង់​វីរុស​កូវីដ ១៩ ថ្មី ដែល​មាន​គ្រោះថ្នាក់​ងាយ​នឹង​ឆ្លង​ជាង​ធម្មតា​ក្នុង​ប្រទេស​របស់​ពួក​គេ។ ​ករណី​ឆ្លង​ភាគ​ច្រើន ​គឺ​ទាក់ទង​ទៅ​នឹង​អ្នក​ធ្វើ​ដំណើរ​ពី​ចក្រភព​អង់គ្លេស​ ដែល​ជា​កន្លែង​រក​ឃើញ​វ៉ារ្យ៉ង់​នេះ​ដំបូង។

អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​បាន​​សន្និដ្ឋាន​ថា​ វ៉ារ្យ៉ង់​នេះ ​មាន​សមត្ថភាព​ចម្លង​ខ្ពស់​ជាង​វ៉ារ្យ៉ង់​ផ្សេង​ទៀត​ប្រមាណ ​៥៦% ​តែ​មិន​មាន​ភ័ស្តុតាង​បញ្ជាក់​ថា ​អាច​បង្ក​ការ​ស្លាប់​ច្រើន​ជាង​វ៉ារ្យ៉ង់​ផ្សេង​ទៀត​ទេ។ ការ​ចម្លង​ដ៏​លឿន​នៃ​វ៉ារ្យ៉ង់​នេះ ​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​អង់គ្លេស​ដាក់​ការ​បង្ខាំង​មិន​ឱ្យ​ចេញ​ចូល​នៅ​តំបន់​អង់គ្លេស​ខាង​ត្បូង​ហើយ ធ្វើ​ឱ្យ​ប្រទេស​ជា​ច្រើន​បិទ​ការ​ធ្វើ​ដំណើរ​ជាមួយ​អង់គ្លេស​។

ជប៉ុន ​គឺ​ជា​ប្រទេស​ដំបូង​គេ​ដែល​បាន​រក​ឃើញ​ការ​ឆ្លង​វ៉ារ្យ៉ង់​ថ្មី​នៅ​ក្រៅ​អង់គ្លេស​ដោយ​កាល​ពី​ថ្ងៃសុក្រ ​ទី ​២៥ ​ធ្នូ ​បាន​រក​ឃើញ​ករណី​ទី១​ ហើយ​មក​ដល់​ពេល​នេះ​រក​ឃើញ​ចំនួន ៧ ​​ករណី ដែល​បុគ្គល​ឆ្លង​ទាំង​នេះ​​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​អង់គ្លេស ​ឬ​បាន​ប៉ះពាល់​ជាមួយ​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​អង់គ្លេស​។

ការ​រក​ឃើញ​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​​ជប៉ុន​បិទ​ព្រំដែន​របស់​ខ្លួន​ចំពោះ​ការ​ចូលថ្មី​ទាំង​អស់​ដោយ​​ជន​បរទេស​មិន​មាន​សិទ្ធិ​រស់នៅ។​ ពលរដ្ឋ​ជប៉ុន​ និង​ជន​បរទេស​មាន​សិទ្ធិ​រស់នៅ​អាច​ត្រឡប់​មក​វិញ តែ​ត្រូវ​បង្ហាញ​ថា​ បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​ក្នុង​រយៈពេល ​៧២ ​ម៉ោង មុន​ធ្វើ​ដំណើរ​ហើយ​ត្រូវ​ធ្វើ​ចត្តាឡឺស័ក​រយៈពេល ​១៤ ថ្ងៃ​បន្ទាប់​ពី​មក​ដល់​។

នៅ​ថ្ងៃ​សុក្រ​ដដែល ​ក្រសួង​សុខាភិបាល​បារាំង​ក៏​បាន​ប្រកាស​ថា​ រក​ឃើញ​ករណី​ឆ្លង​ដំបូង​របស់​ពួក​គេ។​មន្ត្រី​បារាំង​បាន​និយាយ​ថា​ អ្នក​ជំងឺ​គឺ​ជា​ពលរដ្ឋ​បារាំង​ដែល​រស់នៅ​ក្នុង​ប្រទេស​អង់គ្លេស ​ដែល​បាន​ធ្វើ​ដំណើរ​ពី​ទីក្រុងឡុង​ដ៍​ទៅ​កាន់​ទីក្រុង ​Tours នៅ​កណ្ដាល​ប្រទេស​បារាំង​ កាល​ពី​ថ្ងៃទី ១៩​ ខែធ្នូ​ ១ ថ្ងៃ​មុន​ពេល​រដ្ឋាភិបាល​អង់គ្លេស​បាន​ដាក់​ការ​បង្ខាំង​មិន​ឱ្យ​ចេញ​ចូល​បន្ទាប់​ការ​លេច​ចេញ​វ៉ារ្យ៉ង់​នេះ។

នៅ​អេស្ប៉ាញ ​មន្ត្រី​សុខាភិបាល​បាន​រក​ឃើញ​ករណី​ឆ្លង​វ៉ារ្យ៉ង់​នេះ ​ដំបូង​នៅ​រដ្ឋធានី​ម៉ា្រឌីដ​កាល​ពី​ថ្ងៃ​សៅរ៍ទី ​២៦ ធ្នូ​ ដោយ​មក​ដល់​ពេល​នេះ​រក​ឃើញ​​ករណី​ឆ្លង​ចំនួន ​៤​ និង​ករណី​សង្ស័យ​ចំនួន ៣ ​នៅ​តំបន់​រដ្ឋធានី​ដដែល។ ករណី​ឆ្លង​ចំនួន ​២ ​គឺ​ជា​ជន​ធ្វើ​ដំណើរ​ពី​អង់គ្លេស ​ហើយ​ករណី​ផ្សេង​ទៀត ​គឺ​ជា​សាច់ញាតិ​របស់​អ្នក​ធ្វើ​ដំណើរ​។

មន្ត្រី​សុខាភិបាល​នៅ​ខេត្ត ​Ontario ​ប្រទេស​កាណាដា​ បាន​និយាយ​កាល​ពី​ថ្ងៃសៅរ៍​ថា ​ពួក​គេ​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​វ៉ារ្យ៉ង់​ថ្មី​ចំនួន ​២ ​នៅ​ក្នុង​ខេត្ត​នេះ។ ​អ្នក​ជំងឺ​ទាំង ២ នាក់​គឺ​ជា​ប្ដី​ប្រពន្ធ​រស់នៅ​ជិត​ទីក្រុង Toronto។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​គឺ​ថា ​ប្ដី​ប្រពន្ធ​នេះ​គឺ​មិន​មាន​ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើរ​​ ឬ​ការ​មាន​ប៉ះពាល់ ​និង​ទំនាក់ទំនង​ដែល​មាន​ហានិភ័យ​​ខ្ពស់​នោះ​ទេ។​

សហរដ្ឋអាមេរិក​ គឺ​មិន​ទាន់​រក​ឃើញ​ថា ​មាន​ការ​នាំចូល​វ៉ារ្យ៉ង់​ថ្មី​នេះ​ទេ ​តែ​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជំងឺ (CDC) អាមេរិក​បាន​តម្រូវ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​មក​ពី​ចក្រភព​អង់គ្លេស​ត្រូវ​តែ​បង្ហាញ​ថា​ បាន​លទ្ធផល​តេស្ត​វីរុស​អវិជ្ជមាន​ក្នុង​រយៈពេល ​៧២ ​ម៉ោង​មុន​ការ​ធ្វើ​ដំណើរ​។

ព្រឹត្តិការណ៍​ទាំង​នេះ ​បាន​កើត​ឡើង ​ខណៈ​ពេល​ដែល​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​បាន​ចាប់​ផ្ដើម​ការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ​ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក​ Pfizer ជាមួយ​ដៃ​គូអាល្លឺម៉ង់ ​BioNTech។ កាល​ពី​ថ្ងៃ​សៅរ៍​ទី ​២៦ ​ធ្នូ ប្រទេស​ហុងគ្រី និង​ស្លូវ៉ាគី ​បាន​ចាប់​ផ្ដើម​ចាក់​វ៉ាក់​សាំង ខ្នាត​​ធំ​ជូន​បុគ្គលិក​សុខាភិបាល​​ជួរ​មុខ​ ១ ថ្ងៃ​មុន​ផែនការ​ចាក់​របស់​ប្រទេស​ផ្សេង ទៀត​នៃ​សហភាព​អឺរ៉ុប។ រីឯ​អាល្លឺម៉ង់​នៅ​ថ្ងៃ​ដដែល​បាន​ចាក់​វ៉ាក់សាំង​ជូន​បុគ្គល​រស់នៅ​មជ្ឈមណ្ឌល​ថែទាំ​ និង​ជន​ចាស់​ជរា។ ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទាំង​អស់ ​គឺ​បាន​ទទួល​ការ​ដឹក​ជញ្ជូន​វ៉ាក់សាំង​របស់​ពួក​គេ​រួច​ជា​ស្រេច​ហើយ​កំពុង​រៀប​ធ្វើ​ការ​ចាក់។

យ៉ាងណា​មិញ​ជា​ធម្មតា​វីរុស​តែងតែ​មាន​ការ​ផ្លាស់ប្ដូរ​ចេញ​វ៉ារ្យ៉ង់​ថ្មី ​ហើយ​មក​ដល់​ពេល​នេះ​ ​វ៉ារ្យ៉ង់​របស់​វីរុស​កូរ៉ូណា​ភាគ​ច្រើន ​គឺ​មិន​មាន​ភាព​ខុស​គ្នា​ច្រើន​ទេ។​ ប៉ុន្តែ​វ៉ារ្យ៉ង់​ដែល​រក​ឃើញ​នៅ​អង់គ្លេស ​គឺ​មាន​ការ​ផ្លាស់ប្តូរ​ចំនួន ​២៣ ដែល​ការ​ផ្លាស់ប្ដូរ​ភាគ​ច្រើន​គឺ​បង្ក​ឱ្យ​បង្កើន​សមត្ថភាព​ចម្លង​ខ្ពស់។ ​

អ្នក​ជំនាញ​ផ្នែក​វ៉ាក់សាំង​បាន​បង្ហាញ​ការ​ជឿជាក់​ថា ​វ៉ាក់សាំង​ដែល​មាន​សព្វ​ថ្ងៃ ​គឺ​អាច​បង្ការ​នឹង​វ៉ារ្យ៉ង់​ថ្មី​ តែ​ត្រូវ​ការ​សាកល្បង​ជាក់​ស្ដែង​ទើប​ដឹង​ច្បាស់។ វ៉ារ្យ៉ង់​គួរ​ឱ្យ​ព្រួយ​បារម្ភ​មួយ​ចំនួន​ផ្សេង​ទៀត​ត្រូវ​បាន​គេ​រក​ឃើញ​ផង​ដែរ​ ដែល​រួម​មាន ១ ​នៅ​អាហ្វ្រិក​ខាង​ត្បូង ​និង​ ១ ​ទៀត​នៅ​នីហ្សេរីយ៉ា​៕