កាលពីថ្ងៃសុក្រ ទី ១៦ មករា រញ្ជួយផែនដីកម្រិត ៦,២ រ៊ិចទ័រ បានកើតឡើងនៅកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី ធ្វើឱ្យមនុស្សជាច្រើននាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសហើយគេហដ្ឋាន និងអគារជាច្រើនបានដួលរលំ។
គិតត្រឹមថ្ងៃអាទិត្យក្រុមអ្នកជួយសង្គ្រោះបានរកឃើញមនុស្សស្លាប់ចំនួន ៥៦ នាក់ ខណៈមនុស្សជាង ៨០០ នាក់ ត្រូវបានរាយការណ៍ថា បានរងរបួសក្នុងការរញ្ជួយដីនេះ។ ដោយសារការរញ្ជួយដីកើតឡើងនៅលើដីគោកគេមិនបានចេញបម្រាមឱ្យប្រុងប្រយ័ត្នចំពោះរលកស៊ូណាមិទេ។
យន្តហោះពីទីក្រុងហ្សាការតា ដែលដឹកស្បៀងអាហារ តង់ ភួយ និងសម្ភារប្រើប្រាស់ផ្សេងៗ បានចុះចតនៅកោះ Sulawesi កាលពីថ្ងៃសុក្រ ដើម្បីធ្វើការចែកចាយនៅតំបន់ជម្រកបណ្ដោះអាសន្នសម្រាប់មនុស្សរាប់ពាន់នាក់ ដែលបាត់បង់ផ្ទះសំបែង៕