
ប្រធានាធិបតីអាមេរិកលោក Donald Trump និងភរិយា នាពេលកន្លងមក។ រូបថត AFP
មន្ត្រីរដ្ឋបាលកំពូល Trump បាននិយាយថា ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានប្រជាជនមូស្លីមធំជាងគេបំផុតនៅលើពិភពលោកនឹងទទួលបានជំនួយអភិវឌ្ឍន៍រហូតដល់ ២ ពាន់លានដុល្លារអាមេរិក ប្រសិនបើប្រទេសនេះទទួលស្គាល់ជនជាតិអ៊ីស្រាអែល។
លោក Adam Boehler នាយកប្រតិបត្តិនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិអភិវឌ្ឍន៍អាមេរិកបានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ក្នុងបទសម្ភាសមួយដែលចេញផ្សាយកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌូនេស៊ី អាចទទួលបានជំនួយអភិវឌ្ឍន៍ពី ១ ពាន់ទៅ ២ ពាន់លានដុល្លារបន្ថែមទៀត ប្រសិនបើប្រទេសនេះចូលរួមនឹងយុទ្ធនាការចុងក្រោយ ដែលរៀបចំឡើងដោយរដ្ឋបាល Trump ក្នុងការឱ្យប្រទេសអារ៉ាប់ និងមូស្លីម ទទួលស្គាល់ជនជាតិអ៊ីស្រាអែលក្នុងប្រទេសនេះជាផ្លូវការ។
លោក Boehler បាននិយាយថា៖ «យើងកំពុងនិយាយជាមួយឥណ្ឌូនេស៊ីអំពីរឿងនេះ។ ប្រសិនបើពួកគេបានត្រៀមខ្លួនរួចរាល់ យើងនឹងរីករាយក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុច្រើនជាងអ្វី ដែលយើងធ្វើបានឥឡូវនេះទៀត»។
យ៉ាងណាមិញកាលពីសប្តាហ៍ មុនប្រទេសឥណ្ឌូនេស៊ី បានច្រានចោលការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយដែលថា ប្រទេសនេះកំពុងស្វែងរកការបង្កើតទំនាក់ទំនងការទូតជាមួយរបប Zionist ឬអ៊ីស្រាអែលនេះ។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូនេស៊ីលោក Teuku Faizasyah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារសប្តាហ៍មុនថា ឥណ្ឌូនេស៊ីមិនមានការស្វះស្វែងរកកិច្ចព្រមព្រៀងដូចនេះឡើយ ហើយក្រសួងក៏មិនដែលមានទំនាក់ទំនងជាមួយរបប Zionist ឬអ៊ីស្រាអែលនេះដូចគ្នា។
លោកបាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍មុនថា៖ «មានរឿង ២ ដែលខ្ញុំចង់និយាយ។
ទី១ ក្រសួងការបរទេសមិនដែលទាក់ទងជាមួយអ៊ីស្រាអែលទេ។ ទី២នៅពេលនិយាយអំពីគោលនយោបាយការបរទេសក្រសួងការបរទេសឥណ្ឌូនេស៊ីនៅតែមានទំនាក់ទំនងជាមួយខាងប៉ាឡេស្ទីនស្របទៅតាមអាណត្តិនៃរដ្ឋធម្មនុញ្ញរបស់ប្រទេសដដែល»។
ឥណ្ឌូនេស៊ីភាគច្រើនតែងបញ្ជាក់ជំហររបស់ពួកគេជានិច្ចចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីននៅក្នុងការប្រជុំអន្តរជាតិជាច្រើន។ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែកញ្ញា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានសម្តែងការគាំទ្រមិនឈប់ឈររបស់ឥណ្ឌូនេស៊ីចំពោះប៉ាឡេស្ទីន។
លោកក៏បានគូសបញ្ជាក់ពីការដែលប៉ាឡេស្ទីន គឺជាអ្នកចូលរួមតែ ១ គត់នៃសន្និសីទក្រុងបានដុងឆ្នាំ ១៩៥៥ ដែលជាកិច្ចប្រជុំកំពូលស្តីពីសន្តិភាពពិភពលោកចូលរួមដោយប្រទេសអាស៊ី និងអាហ្រ្វិកចំនួន ២៩ ដែលមិនទាន់បានឈានដល់ឯករាជភាពនៅឡើយ។
ទោះបីជាយ៉ាងណាក្ដីអាមេរិកនៅតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជានិច្ច ក្នុងការជំរុញឱ្យឥណ្ឌូនេស៊ីទទួលស្គាល់ជនជាតិអ៊ីស្រាអែលជាផ្លូវការ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ដឹកនាំដោយទីប្រឹក្សាជាន់ខ្ពស់នៃសេតវិមានលោក Jared Kushner ដែលជាកូនប្រសារបស់ប្រធានាធិបតីអាមេរិកលោក Donald Trump និងជាមិត្តភក្តិយូររបស់លោក Boehler លោក Kushner និងរដ្ឋបាល Trump កំពុងជំរុញកិច្ចព្រមព្រៀងក្នុងការទទួលស្គាល់អ៊ីស្រាអែលរវាងរដ្ឋអារ៉ាប់ និងមូស្លីម ខណៈការកាន់អំណាចរបស់ប្រធានាធិបតី Trump ខិតជិតដល់ទីបញ្ចប់។
មេដឹកនាំអាមេរិក និងអ៊ីស្រាអែលបាននិយាយថា ពួកគេរំពឹងថា នឹងមានប្រទេសជាច្រើនទៀតចូលរួមជាមួយកិច្ចព្រមព្រៀងនៃការបង្កើតចំណងមិត្តភាពប្រក្រតីជាមួយអ៊ីស្រាអែលដែលបានប្រកាសក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ទៅកាន់ប្រទេសមួយចំនួនរួមមានសាធារណរដ្ឋ អេមីរ៉ាត អារ៉ាប់រួម បារ៉ែន ស៊ូដង់ និងប្រទេសម៉ារ៉ុក។
លោក Boehler បាននិយាយថា បើទោះជាប្រទេសអូម៉ង់ និងអារ៉ាប់ប៊ី សាអ៊ូឌីត មានការដាក់កម្រិតមិនអនុញ្ញាតឱ្យវិនិយោគដោយផ្ទាល់ នៅក្នុងរដ្ឋដែលមានប្រាក់ចំណូលខ្ពស់ក៏ដោយ ក៏លោកសង្ឃឹមថា ប្រទេសទាំង ២ អាចនឹងចូលរួមមូលនិធិរបស់ DFC របស់អាមេរិក ដើម្បីចូលរួមចុះកិច្ចព្រមព្រៀងស្ដីពីការបង្កើតទំនាក់ទំនងនេះផងដែរ។
លោក Boehle បាននិយាយថា លោកនឹងប្រកាសបើកសាខា Prosper Africa នៅអាហ្វ្រិកខាងជើងដែលជាគំនិតផ្តួចផ្តើមមួយ ដើម្បីបង្កើនអាជីវកម្មរវាងសហរដ្ឋអាមេរិក និងអាហ្វ្រិក។ លោកបានបន្ថែមថា ទីភ្នាក់ងាររបស់លោកនឹងក្លាយជាផ្នែកមួយនៃស្ថាប័នរៀបចំបំណុលដើម្បីជួយផ្តល់ហិរញ្ញវត្ថុដល់ការលក់កំពង់ផែសមុទ្រធំបំផុតរបស់អ៊ីស្រាអែលនៅភាគខាងជើងទីក្រុងហៃហ្វា។
ក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនប្រទេសអារ៉ាប៊ី សាអ៊ូឌីត បានបង្ហាញចំណាប់អារម្មណ៍លើការដេញថ្លៃនេះហើយ ចំណែកឯ លោក Boehler ក៏បានមានប្រសាសន៍ថា លោកនឹងពិនិត្យមើលការដេញថ្លៃណាដែលពាក់ព័ន្ធនឹងជនជាតិអាមេរិក ឬសម្ព័ន្ធមិត្តដូចជា UAE ជាដើម។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀងទទួលស្គាល់ជនជាតិអ៊ីស្រាអែលលោក Boehler រួមគ្នាប្រមូលទឹកប្រាក់បានប្រមាណ ៣ ពាន់លានដុល្លារ ពីអ៊ីស្រាអែល អារ៉ាប៊ី និងអាមេរិក ដែលជាមូលនិធិមានមូលដ្ឋាននៅក្រុងហ្ស៊េរុយសាឡិម ដើម្បីធ្វើការវិនិយោគក្នុងតំបន់។ លោក Arye Lightstone ទីប្រឹក្សាជាន់ខ្ពស់នៃស្ថានទូតសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះសហរដ្ឋអាមេរិកកំពុងតែធ្វើការយកចិត្តទុកដាក់លើកិច្ចព្រមព្រៀងដ៏មានសក្តានុពលធំៗជាង ១០ ច្បាប់៕