
បុរសម្នាក់កាន់រូបថតរបស់អតីតមេដឹកនាំគុយបា Fidel Castro នៅក្បែរទង់ជាតិគុយបា និងអាមេរិក។ រូបថត AFP
សហរដ្ឋអាមេរិកសម្រេចដាក់ធនាគារគុយបាទៅក្នុងបញ្ជីឈ្មោះស្ថាប័នជាប់ទណ្ឌកម្ម ដោយចោទប្រកាន់ថា ស្ថាប័នហិរញ្ញវត្ថុទាំងនេះមានទំនាក់ទំនងជាមួយយោធាគុយបា ហើយប្រាក់ចំណេញដែលបានមកពីស្ថានប័នទាំងនោះ បានផ្តល់មូលនិធិជួយប្រទេសវេណេស៊ុយអេឡា ដែលកំពុងស្ថិតក្រោមទណ្ឌកម្មដូចគ្នា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនកំពុងបន្ថែមសហគមន៍នៃវិស័យធនាគារ និងហិរញ្ញវត្ថុ (BFI) របស់ប្រទេសគុយបា ចូលក្នុងបញ្ជីឈ្មោះរបស់អង្គភាព ដែលអាមេរិកចោទប្រកាន់ថា មានទំនាក់ទំនងស៊ើបការណ៍សេវាកម្មសន្តិសុខ ជាមួយយោធាគុយបា។
ជនណាដែលស្ថិតនៅក្រោមយុត្តាធិការរបស់សហរដ្ឋអាមេរិក ត្រូវបានហាមឃាត់មិនឱ្យធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយស្ថាប័ននានាដែលមាននៅក្នុងបញ្ជីនេះទេ។
រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការបន្ថែម BFI ទៅក្នុងបញ្ជីឈ្មោះរបស់អង្គភាពដែលមានទំនាក់ទំនងយោធាជាមួយគុយបា គឺជាការបន្ថែមគោលដៅរបស់រដ្ឋបាលក្នុងការរារាំងយោធាគុយបាពីការគ្រប់គ្រង និងទទួលបានអត្ថប្រយោជន៍ពីប្រតិបត្តិការហិរញ្ញវត្ថុនានា ដែលគួរតែជាស្ថាប័នផ្តល់ផលប្រយោជន៍ដល់ប្រជាជនគុយបា»។
រដ្ឋមន្រ្តីក្រសួងការបរទេសគុយបា លោក Bruno Rodriguez បានច្រានចោលការប្រកាសនេះ ដោយបង្ហោះសារនៅលើបណ្ដាញ Twitter នៅថ្ងៃ សុក្រថា វិធានការនេះមានចេតនាដាក់ទណ្ឌកម្ម ដើម្បីរឹតបន្តឹង និងបិទផ្លូវប្រឆាំងនឹងប្រទេសគុយបា។
លោក Rodriguez បានសរសេរថា៖ «សរុបមកការដាក់បញ្ចូលអង្គភាពគុយបាក្នុងបញ្ជីរបស់ខ្លួន (អាមេរិក) គឺមានគោលបំណងពង្រឹងការឡោមព័ទ្ធសេដ្ឋកិច្ច បន្ទាប់ពីធ្លាប់បរាជ័យផ្ដួលរលំបដិវត្តន៍គុយបាអស់រយៈពេលជិត ៦២ ឆ្នាំកន្លងមកនេះ»។
វិធានការអាមេរិកនេះ កើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថា រដ្ឋបាល Trump ខិតខំរៀបវិធានការទាំងយប់ក្នុងការបញ្ឆេះគុយបាឱ្យក្លាយជាសត្រូវជាមួយប្រទេសនេះ ដើម្បីបង្កើតជាឧបសគ្គដល់រដ្ឋបាល លោក Biden ដែលទំនងជានឹងបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយនឹងទីក្រុងឡាហាវ៉ាន ប្រទេសគុយបា នេះ។
កាសែត The New York Times បាននិយាយថា ក្រសួងការបរទេសបានរៀបចំសំណើមួយទាក់ទិននឹងករណីនេះ ប៉ុន្តែគេមិនទាន់ច្បាស់ថា តើលោក Pompeo នឹងចុះហត្ថលេខាលើសំណើនោះដែរ ឬអត់ទេ? ចុះហត្ថលេខា ឬអត់រដ្ឋបាលលោក Biden អាចនឹងចំណាយពេលច្រើនខែ ដើម្បីទប់ទល់សកម្មភាពនេះ។
យោងតាមក្រសួងការបរទេសការសម្រេចដាក់ប្រទេសគុយបា ប្រទេសឧបត្ថម្ភភេរវកម្មអាចបង្កឱ្យមានការដាក់ទណ្ឌកម្មផ្សេងៗ រួមមាន «ការរឹតត្បិតលើជំនួយបរទេសរបស់សហរដ្ឋអាមេរិកការហាមឃាត់ការនាំចេញ និងការលក់គ្រឿងអាវុធ ការត្រួតពិនិត្យជាក់លាក់លើការនាំចេញទំនិញសម្រាប់ប្រើប្រាស់ទ្វេភាគី និងការរឹតត្បិតហិរញ្ញវត្ថុ និងការរឹតត្បិតផ្សេងៗថែមទៀតផង«។
សមាជិកសភាអាមេរិក Gregory Meeks ប្រធាននៃគណៈកម្មាធិការកិច្ចការបរទេសក្នុងសភា បានព្រមានលោក Pompeo ដែលបានប្រឆាំងនឹងការបង្កើតភេរវកម្មនេះ ដោយអះអាងថា វិធានការថ្មីរបស់រដ្ឋបាល Trump នេះ មានគោលបំណង «ចងដៃ» ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Joe Biden មិនឱ្យអនុវត្តគោលការណ៍បង្កើតការទូតជិតស្និទ្ធជាមួយប្រទេសគុយបា។
លោក Meeks បានថ្លែងថា៖ «ច្បាស់ណាស់ថា នេះជាគម្រោងការថ្មីមួយទៀតរបស់លោកប្រធានាធិបតី Trump និង លោក Pompeo ទៀតហើយ»។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយលើ «ការពិភាក្សា ដែលមានសក្តានុពលទាក់ទងនឹងការរៀបចំវិធានការថ្មី» របស់លោក Trump និងលោក Pompeo។
សហរដ្ឋអាមេរិក បានដកប្រទេសគុយបា ជាផ្លូវការចេញពីបញ្ជីប្រទេសឧបត្ថម្ភភេរវកម្មកាលពីឆ្នាំ ២០១៥ ដែលផ្ទុះឡើងម្ដងទៀតក្នុងរយៈពេលខ្លីមួយក្នុងរយៈពេលដែល លោក Obama កាន់តំណែង។ ការចាត់តាំងប្រទេសគុយបា ជាប្រទេសឧបត្ថម្ភភេរវកម្មសាជាថ្មីម្ដងទៀត គឺដើម្បីបំផ្លាញផែនការរបស់ប្រធានាធិបតីជាប់ឆ្នោត Joe Biden ក្នុងការបង្កើតការទូតជាមួយប្រទេសនេះ និងលួងចិត្តប្រជាជនអាមេរិកគុយបា និងអ្នកបោះឆ្នោតដទៃទៀត ដែលបោះឆ្នោតឱ្យ Trump ឈ្នះក្នុងរដ្ឋហ្វ្លរីដា បើទោះបីជាលោកចាញ់ឆ្នោតនៅរដ្ឋនោះក៏ដោយ។
ទំនាក់ទំនងរវាងគុយបា និងសហរដ្ឋអាមេរិកចាប់ផ្តើមយ៉ាប់យ៉ឺនចាប់តាំងពីឆ្នាំ ២០១៧ នៅពេលដែលរដ្ឋបាល Trump បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរដ្ឋាភិបាល ដែលគ្រប់គ្រងដោយកុម្មុយនីស្តប៉ុណ្ណោះ និងបានរឹតបន្តឹងពលរដ្ឋអាមេរិកក្នុងការធ្វើដំណើរទៅកាន់ប្រទេស នេះថែមទៀតផង។
នាពេលថ្មីៗនេះ ទំនាក់ទំនងរវាងប្រទេសទាំង២ មានតែ ការរឹតត្បិតជាប្រចាំ។ តួយ៉ាង លោក Pompeo បានប្រកាសកាលពីដើមខែនេះ ថាសហរដ្ឋ-អាមេរិកកំពុងដាក់ប្រទេសគុយបា ក៏ដូចជា ម៉ារ៉ុក នីការ៉ាហ្គា និងរុស្ស៊ី «នៅក្នុងបញ្ជីឃ្លាំមើលពិសេសសម្រាប់រដ្ឋាភិបាលណាដែលបានចូលរួម ឬអត់ឱនដល់ការរំលោភសេរីភាពសាសនាយ៉ាងធ្ងន់ធ្ងរ» ជាដើម៕