កាល​ពី​ថ្ងៃ​អាទិត្យ ​ទី ៧ មីនា ​រដ្ឋមន្ត្រី​ការបរទេស​ចិន និង​ទីប្រឹក្សា​រដ្ឋ​លោក Wang Yi បាន​ព្រមាន​សហរដ្ឋ​អាមេរិក​កុំ​ឱ្យ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ផ្សេង ​ដែល​នេះ​ជា​ការ​ព្រមាន​ធំ​បំផុត​របស់​ក្រុង​ប៉េកាំង​ចំពោះ​ក្រុង​វ៉ាស៊ីនតោន​តាំង​ពី​លោក​ប្រធានាធិបតី Joe Biden ចូល​កាន់​តំណែង។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំឆ្នាំ​របស់​លោក​នៅ​ឯ​សម័យប្រជុំ​សមាជជាតិ​នៃ​ប្រជាជន (NPC) លោក Wang Yi បាន​រិះគន់​អាមេរិក​ថា «បាន​ជ្រៀត​ជ្រែក​ដោយ​ចេតនា​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃទៀត​ដោយ​សំអាង​លើ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស» ហើយ​សកម្មភាព​បែបនេះ​បង្កើត​ឱ្យ​មាន «បញ្ហា​ជាច្រើន​នៅ​លើ​ពិភពលោក និង​ក្នុង​ករណី​ខ្លះ​បង្ក​ភាព​ច្របូកច្របល់ ​និង​ជម្លោះ»។

លោក Wang Yi បាន​បន្ត​ទៀត​ថា៖ «វា​ជា​ការ​សំខាន់​ណាស់​ដែល​សហរដ្ឋអាមេរិក​ទទួល​ស្គាល់​រឿង​នេះ​ឱ្យ​បាន​ឆាប់​បំផុត។ បើ​មិន​ដូច្នោះ​ទេ​ពិភព​លោក​នឹង​នៅ​ឆ្ងាយ​ពី​ការ​ក្លាយ​ទៅ​ជា​កន្លែង​ស្ងប់ស្ងាត់»។

ស្រប​ពេល​ជាមួយ​ការ​រិះគន់​នេះ​លោក Wang Yi បាន​រំឭក​ឡើង​វិញ​នូវ​ឆន្ទៈ​របស់​ចិន​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​ដោះស្រាយ​ការ​ព្រួយ​បារម្ភ​រួម ដូចជា​បញ្ហា​សេដ្ឋកិច្ច​ពិភព​លោក និង​ការ​ប្រែប្រួល​អាកាសធាតុ។

លោក Wang Yi ក៏​បាន​ថ្លែង​ទាក់ទង​ទៅ​នឹង​ចំណុច​ក្ដៅ​មួយ​ចំនួន​ក្នុង​ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក ដូច​ជា​បញ្ហា​កោះ​តៃវ៉ាន់ បញ្ហា​នយោបាយ​នៅ​ហុងកុង និង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​ស៊ីនជាំង​ផង​ដែរ។

លោក Wang Yi បាន​ជំរុញ​ឱ្យ​រដ្ឋបាល​លោក Biden បញ្ឈប់ «ការ​អនុវត្ត​ប្រកប​ដោយ​គ្រោះថ្នាក់» របស់​រដ្ឋបាល​ប្រធានាធិបតី Donald Trump ហើយ​ព្រមាន​ថា ​គោលការណ៍​ចិន​តែ​មួយ​គឺ​ជា «ខ្សែ​ក្រហម​មួយ​ដែល​មិន​គួរ​ឆ្លង»។

លោក Wang Yi បាន​និយាយ​ទៀត​ថា៖ «រដ្ឋាភិបាល​ចិន​មិន​មាន​កន្លែង​សម្រាប់​ការ​សម្របសម្រួល ឬ​លះបង់​លើ​បញ្ហា​តៃវ៉ាន់​ឡើយ។ យើង​ទទូច​ឱ្យ​រដ្ឋបាល​សហរដ្ឋអាមេរិក​ថ្មី​ស្វែងយល់​ឱ្យ​បាន​ពេញលេញ​ពី​ភាព​រសើប​យ៉ាង​ខ្ពស់​នៃ​បញ្ហា​តៃវ៉ាន់»។

សហរដ្ឋ​អាមេរិក​មិន​មាន​ទំនាក់ទំនង​ការ​ទូត​ជា​ផ្លូវការ​ជាមួយ​នឹង​កោះ​តៃវ៉ាន់​ទេ តាំង​ពី​ការ​ផ្ទេរ​ការ​ទទួល​ស្គាល់​ការ​ទូត​ពី​ក្រុង​តៃប៉ិ ទៅ​ប៉េកាំង​នៅ​ឆ្នាំ ១៩៧៩ ប៉ុន្តែ​នៅ​រក្សា​ទំនាក់ទំនង​ក្រៅ​ផ្លូវការ​ដ៏​ទូលំទូលាយ។ លោក Trump បាន​បង្ក​ភាព​តានតឹង​ជាមួយ​ចិន ពេល​ដែល​លោក​បញ្ជូន​សមាជិក​គណៈរដ្ឋមន្ត្រី ១ រូប ទៅ​កាន់​កោះ​តៃវ៉ាន់ ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក។

លោក Biden បាន​និយាយ​ថា លោក​ចង់​បាន​ទំនាក់ទំនង​ស៊ីវិល័យ​ជាមួយ​ចិន តែ​មិន​បាន​បង្ហាញ​ថា លោក​នឹង​ដក​គោល​នយោបាយ​ប្រឈម​ដាក់​គ្នា​ជាមួយ​ចិន​របស់​លោក Trump ទេ។ រដ្ឋបាល Biden និង​ក្រសួង​ការ​បរទេស​អាមេរិក​បាន​បង្ហាញ​ថា ពួក​គេ​ប្រកាន់​ជំហរ​គាំទ្រ​កោះ​តៃវ៉ាន់ ហើយ​ឈរ​ជាមួយ​សម្ព័ន្ធមិត្ត​ក្នុង​តំបន់។

នៅ​ថ្ងៃ​អាទិត្យ​ដដែល ក្រសួង​ការ​បរទេស​អាមេរិក​បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «យើង​ទទូច​ឱ្យ​ទីក្រុង​ប៉េកាំង​បញ្ឈប់​ការ​ដាក់​សម្ពាធ​យោធា​ការទូត និង​សេដ្ឋកិច្ច​លើ​តៃវ៉ាន់ ហើយ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ប្រកប​ដោយ​អត្ថន័យ​ជាមួយ​តំណាង​របស់​តៃវ៉ាន់ ដែល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ»។

លោក Wang Yi មិន​បាន​បង្ហាញ​ថា ទីក្រុង​ប៉េកាំង​អាច​មានប្រតិកម្ម​យ៉ាងណា​ទេ ​ប្រសិន​បើ​លោក Biden មិន​ផ្លាស់ប្ដូរ​ទិសដៅ ប៉ុន្តែ​គណបក្ស​កុម្មុយនីស្ត​ចិន​បាន​គំរាម​ធ្វើការ​បង្រួបបង្រួម​ជាមួយ​កោះ​តៃវ៉ាន់​ដោយ​ប្រើប្រាស់​យោធា​ប្រសិន​បើ​ក្រុង​តៃប៉ិ ប្រកាស​ឯករាជ្យ​ជា​ផ្លូវ​ការ ឬ​ពន្យារពេល​ការ​ជជែក​ពី​ការ​រួបរួម។

លោក Wang Yi បាន​ការពារ​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​នៅ​ហុងកុង ដែល​ត្រូវ​បង្ហាញ​ជា​សាធារណៈ​ក្នុង​អំឡុង​ពេល​សម័យ​ប្រជុំ NPC។ លោក​បាន​និយាយ​ថា កំណែ​ទម្រង់​នេះ នឹង​រួម​ចំណែក​ដល់​ស្ថិរភាព​រយៈពេល​វែង និង​នាំមក​នូវ ««អនាគត​ដ៏​ភ្លឺស្វាង» សម្រាប់​ទីក្រុង​នេះ។ អ្នក​រិះគន់​បាន​និយាយ​ថា កំណែ​ទម្រង់​នេះ នឹង​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​ភាព​ឯករាជ្យ​នៃ​អភិបាលកិច្ច​របស់​ហុងកុង ដែល​ចែង​ក្នុង​ក្របខ័ណ្ឌ «ប្រទេស ១ ប្រព័ន្ធ ២» ដែល​ចិន​បាន​យល់ព្រម​ជាមួយ​នឹង​អំណាច​អាណានិគម​អង់គ្លេស។

ក្នុង​សន្និសីទ​កាសែត​ដដែល​លោក Wang Yi បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ថា ការ​រំលោភ​សិទ្ធិ​មនុស្ស​បាន​កើត​ឡើង​នៅ​ខេត្ត​ស៊ីនជាំង។ ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស និង​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា យ៉ាងហោច​ណាស់​ជនជាតិ​ភាគ​តិច​មូស្លីម​អ៊ុយហ្គ័រ ១ លាន​នាក់ ​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ជំរំ​អប់រំ​ឡើង​វិញ។ ចិន​បដិសេធ​ថា​ មិន​មាន​ការ​រំលោភ​សិទ្ធិ​កើត​ឡើង​នៅ​ជំរំ​ទាំង​នេះ​ទេ ហើយ​និយាយ​ថា ជំរំ​ផ្តល់​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ហើយ​ត្រូវ​ការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ជ្រុល​និយម៕