ក្រុងអ៊ីស្លាម៉ាបាដៈ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Shah Mehmood Qureshi កាលពីថ្ងៃអាទិត្យ បានអះអាងថា រដ្ឋាភិបាលរបស់លោក បានព័ត៌មានគួរឲ្យជឿជាក់ថា ប្រទេស ឥណ្ឌា កំពុងរៀបចំផែនការឈ្លានពានប្រឆាំងប៉ាគីស្ថាននៅចន្លោះថ្ងៃទី ១៦ និងថ្ងៃទី ២០ ខែ មេសា។
ទំនាក់ទំនងរវាងប្រទេសក្បែរខាងប្រដាប់ដោយអាវុធនុយក្លេអ៊ែរនេះ បានធ្លាក់ចុះយ៉ាងខ្លាំង ក្រោយពីមានការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ នៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌាកាលពីខែកុម្ភៈ បានបណ្តាលឲ្យបុគ្គលិកសន្តិសុខឥណ្ឌា ៤០ នាក់ស្លាប់ និងក្រោយមកត្រូវបានអះអាងទទួលខុសត្រូវដោយក្រុមសកម្មប្រយុទ្ធមួយក្រុម មានមូលដ្ឋាននៅប៉ាគីស្ថាន។
ប៉ាគីស្ថានបានបដិសេធថា មិនមានការជាប់ទាក់ទងណាមួយនៅក្នុងការវាយប្រហារ ទាំងនោះឡើយ ហើយលោកនាយករដ្ឋមន្ត្រី Imran Khan បានផ្តល់សហប្រតិបត្តិការនៅក្នុងការស៊ើបអង្កេត ប្រសិនបើមានភ័ស្តុតាងគួរឲ្យជឿជាក់ ត្រូវបានផ្តល់ឲ្យដោយប្រទេស ឥណ្ឌា មែននោះ។
ដោយថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅក្រុងម៉ាល់តានភាគខាងត្បូង លោក Qureshi បានថ្លែងថា ក្រុមឯកអគ្គរដ្ឋទូតនៃសមាជិកអចិន្រៃ្តយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅក្រុងអ៊ីស្លាម៉ាបាដ ត្រូវបានជូនដំណឹងអំពី «ផែនការ» នោះបានរយៈពេល ២ ថ្ងៃហើយ។
លោក Qureshi បានថ្លែងថា៖ «យើងមានព័ត៌មានគួរឲ្យជឿទុកចិត្តបានថា ប្រទេស ឥណ្ឌាបានរៀបចំផែនការថ្មីហើយផែនការនោះ កំពុង ដំណើរការ និងមានឱកាសជាច្រើនដើម្បីឈ្លានពានផ្សេងទៀតប្រឆាំងប៉ាគីស្ថាន ហើយយោងតាមព័ត៌មានរបស់ពួកយើងអំពីសកម្មភាពនេះ អាចធ្វើឡើងនៅរវាងថ្ងៃទី ១៦ និងទី ២០ ខែមេសានេះ»។
លោក បានថ្លែងទៀតថា៖ «ខ្ញុំកំពុងនិយាយអំពីព័ត៌មានដោយមានការទទួលខុសត្រូវ ហើយខ្ញុំមានជំហរទទួលខុសត្រូវ ខ្ញុំដឹងរាល់ពាក្យសម្តីខ្ញុំបាននិយាយនោះនឹងត្រូវបានគេ ចុះផ្សាយនៅខាងមុខទំព័រកាសែតអន្តរជាតិ» ដោយលោកសង្កត់ធ្ងន់ទៅលើព័ត៌មានគួរឲ្យជឿទុកចិត្តបានជុំវិញការអះអាងរបស់លោកនោះ។
លោកបានបន្តថ្លែងថា ការឈ្លានពានដែលបានរៀបចំផែនការទុកជាមុននោះត្រូវបានធ្វើឡើង ដើម្បីដាក់សម្ពាធការទូតឲ្យកាន់តែខ្លាំងឡើងប្រឆាំងប៉ាគីស្ថាន»។
ប៉ុន្មានថ្ងៃក្រោយពីមានវាយប្រហារនៅតំបន់កាស្មៀរ ក្រុងញូវដែលី ដែលចោទប្រកាន់ក្រុងអ៊ីស្លាម៉ាបាដពីបទផ្តល់ជម្រកឲ្យក្រុមសកម្មប្រយុទ្ធដែលវាយប្រហារទៅលើទឹកដីរបស់ខ្លួនបានទាមទារឲ្យមានវិធានការជាក់ស្តែង៕ AFP