កាលពីថ្ងៃអាទិត្យ ទី ៨ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Teodoro Locsin Jr បានបញ្ជាទៅបេសកជនរបស់ខ្លួនប្រចាំអង្គការសហប្រជាជាតិឱ្យបោះឆ្នោតគាំទ្របេក្ខជនជនជាតិចិន ដើម្បីបំពេញអាសនៈមួយក្នុងចំណោមអាសនៈ ៥ នៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលនឹងផុតអាណត្តិនៅឆ្នាំក្រោយ។
លោក Locsin បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ដែលក្រោយមកលោកបានលុបចោលថា៖ «អ្នកត្រូវបានបញ្ជាឱ្យប្រើប្រាស់សំឡេងរបស់ហ្វីលីពីន ដើម្បីបោះឆ្នោតគាំទ្របេក្ខជនជនជាតិចិនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។ នោះគឺជាបទបញ្ជាច្បាស់លាស់តែ ១ គត់របស់អ្នក»។
១ ថ្ងៃក្រោយមក លោកបានបង្ហោះសារថ្មីមួយថា៖ «ឥឡូវនេះអ្នកមានបេក្ខជន ៣ សម្រាប់បោះឆ្នោតជូន៖ ចិន ជប៉ុន និងអាល្លឺម៉ង់ ជាអំណាចធំៗ។ ឈប់ត្រឹមហ្នឹង រហូតដល់មានការបញ្ជាបន្ថែម ហើយត្រូវចងចាំថា មិនត្រូវធ្វើអំពើដោះដូរទេ។ យើងមិនធ្វើការដោះដូរក្នុងរឿងសំខាន់នោះទេ»។
បេក្ខជន ៤ រូប ក្នុងចំណោម ៨ រូបដែលត្រូវបានស្នើឱ្យឈរឈ្មោះបោះឆ្នោតបំពេញអាសនៈទាំង ៥ នេះ គឺបានកាន់តំណែងជាចៅក្រម ICJ ស្រាប់តែត្រូវផុតអាណត្តិ ៩ ឆ្នាំរបស់ពួកគេនៅខែកុម្ភៈឆ្នាំ ២០២១។ ក្នុងចំណោមចៅក្រមដែលឈរឈ្មោះបោះឆ្នោតបន្តអាណត្តិ ចៅក្រមសញ្ជាតិចិន គឺលោកស្រី Xue Hanqin ដែលបានចូលកាន់តំណែងនៅឆ្នាំ ២០១០ និងបានតែងតាំងជាអនុប្រធាន ICJ នៅឆ្នាំ ២០១៨។
តុលាការយុត្តិធម៌អន្តរជាតិមានចៅក្រមសរុប ១៥ រូប ដែលត្រូវបោះឆ្នោតតែងតាំងដោយ «សំឡេងភាគច្រើនដាច់ខាត ឬ Absolute Majority» ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ ប្រទេសជាសមាជិកនៃតុលាការអាជ្ញាកណ្ដាលអចិន្រៃ្តយ៍ (PCA) ទាំង ១៧២ គឺជាអ្នកស្នើឱ្យបេក្ខជនឈរឈ្មោះបោះឆ្នោត (Nominate) តាមរយៈចៅក្រម ៤ រូប ដែលតំណាងប្រទេសនីមួយៗ។ ការបោះឆ្នោតនៅមហាសន្និបាតអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងប្រព្រឹត្តនៅថ្ងៃទី ១១ ខែវិច្ឆិកា នេះ។
គួរជម្រាបជូនថា ក្រុងប៉េកាំង និងក្រុងម៉ានីលមានជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ កាលពីឆ្នាំ ២០១៣ ប្រទេសហ្វីលីពីន បានដាក់ពាក្យបណ្ដឹងទៅតុលាការអាជ្ញាកណ្ដាលអចិន្រៃ្តយ៍ ដើម្បីប្រឆាំងនឹងការកាន់កាប់ដែនទឹកតាម «ខ្សែបន្ទាត់ប្រាំបួនត្រេ» របស់ចិន ហើយបានទទួលជ័យជម្នះនៅឆ្នាំ ២០១៦។ តែក្រោយពីប្រធានាធិបតីបច្ចុប្បន្នលោក Rodrigo Duterte បានឡើងកាន់អំណាចរដ្ឋាភិបាលហ្វីលីពីន គឺហាក់ដូចជាកំពុងខំប្រឹងពង្រឹងទំនាក់ទំនងជាមួយចិន។
ចំពោះតុលាការយុត្តិធម៌អន្តរជាតិ គឺជាស្ថាប័នដ៏សំខាន់មួយរបស់អង្គការសហប្រជាជាតិ ដែលមានតួនាទីដោះស្រាយទំនាស់រវាងប្រទេសជុំវិញពិភពលោក ដែលទាក់ទងទៅនឹងច្បាប់អន្តរជាតិ រីឯតុលាការអាជ្ញាកណ្ដាលអចិន្រៃ្តយ៍វិញ គឺជាស្ថាប័នអន្តរជាតិមួយដែលមានតួនាទីដោះស្រាយបញ្ហាដែលចេញពីកិច្ចព្រមព្រៀង ឬសន្ធិសញ្ញារវាងប្រទេសជាសមាជិក អង្គការអន្តរជាតិ ឬភាគីឯកជន។ តុលាការទាំង ២ នេះ មានទីស្នាក់ការនៅវិមានសន្តិភាពទីក្រុងឡាអេ ប្រទេសហូឡង់៕