កាលពីថ្ងៃពុធ ទី ២៤ មីនា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken និយាយថា ចិនគំរាមកំហែងសន្តិសុខអង្គការណាតូ (NATO) ហើយជំរុញឱ្យសម្ព័ន្ធមិត្តទាំងនេះធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងក្រុងប៉េកាំង។
លោក Blinken បាននិយាយក្នុងសុន្ទរកថានៅឯទីស្នាក់ការកណ្ដាលរបស់អង្គការ NATO ក្នុងទីក្រុងប្រ៊ុចសែលថា៖ «អាកប្បកិរិយាបង្ខិតបង្ខំរបស់ក្រុងប៉េកាំងគំរាមកំហែងដល់សន្តិសុខ និងវិបុលភាពរួមរបស់យើង ហើយវាកំពុងធ្វើការយ៉ាងសកម្ម ដើម្បីកាត់ផ្តាច់ច្បាប់នៃប្រព័ន្ធអន្តរជាតិ និងគុណតម្លៃដែលយើង និងសម្ព័នមិត្តរបស់យើងចែករំលែក»។
បើទោះជាលោក Blinken បានបញ្ជាក់ថា នៅតែមានចន្លោះ ដើម្បីសហការជាមួយប្រទេសចិន លើបញ្ហាប្រឈមរួម ដូចជាការប្រែប្រួលអាកាសធាតុ និងសន្តិសុខសុខភាពហើយអាមេរិកនឹងមិនបង្ខំឱ្យសម្ព័ន្ធមិត្តធ្វើជម្រើស «ពួកយើង ឬពួកគេ» ទេ ប៉ុន្តែបានអំពាវនាវឱ្យ NATO ឈរជាមួយគ្នានៅពេលដែលក្រុងប៉េកាំង ធ្វើការបង្ខិតបង្ខំសមាជិកមួយនៃសម្ព័ន្ធភាពនេះ។
លោក Blinken បាននិយាយថា៖ «យើងដឹងហើយថា សម្ព័ន្ធមិត្តរបស់យើងមានទំនាក់ទំនងស្មុគស្មាញជាមួយប្រទេសចិន ដែលតែងតែមិនស្របគ្នាជាមួយប្រទេសយើងទេ។ ប៉ុន្តែយើងចាំបាច់ត្រូវឆ្លងកាត់ឧបសគ្គទាំងនេះជាមួយគ្នា។ នោះមានន័យថា ធ្វើការជាមួយសម្ព័ន្ធមិត្តរបស់យើង ដើម្បីបិទគម្លាតក្នុងវិស័យ ដូចជាបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ ដែលក្រុងប៉េកាំងកំពុងកេងចំណេញ ដើម្បីដាក់សម្ពាធបង្ខិតបង្ខំ»។
លោកបាននិយាយបន្តទៀតថា៖ «នៅពេលដែលសមាជិកយើងមួយត្រូវបានគេបង្ខិតបង្ខំ យើងគួរតែឆ្លើយតបក្នុងនាមជាសម្ព័ន្ធមិត្តហើយធ្វើការជាមួយគ្នា ដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់យើង ដោយធានាថា សេដ្ឋកិច្ចរបស់យើងមានសមាហរណកម្មជាមួយគ្នា»។
លោក Blinken បាននិយាយថា លោកចង់ធ្វើការជាមួយដៃគូរបស់អាមេរិកលើ «វិធីដើម្បីជំរុញផលប្រយោជន៍សេដ្ឋកិច្ចរួមគ្នារបស់យើង និងដើម្បីប្រឆាំងនឹងសកម្មភាពអរិយភាព និងបង្ខិតបង្ខំមួយចំនួនរបស់ចិន ក៏ដូចជាការបរាជ័យរបស់ខ្លួនពួកគេក្នុងការគោរពការប្ដេជ្ញាចិត្តអន្តរជាតិ»។
អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg ក៏បាននិយាយថា សម្ព័ន្ធភាពយោធាមិន «ចាត់ទុកប្រទេសចិន ជាសត្រូវទេ ប៉ុន្តែជាការពិតការកើនឡើងរបស់ចិនមានផលវិបាកដោយផ្ទាល់ចំពោះសន្តិសុខរបស់យើង»។ លោកក៏បានកត់សម្គាល់ថា ប្រទេសចិន កំពុងវិនិយោគយ៉ាងខ្លាំងលើឧបករណ៍យោធា ដោយរួមទាំងមីស៊ីលដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់បរមាណូ។
លោក Stolenberg បានបន្តទៀតថា៖ «ចិន គឺជាប្រទេសមួយដែលមិនចែករំលែកតម្លៃរបស់យើងទេ។ យើងឃើញនៅក្នុងរបៀបដែលពួកគេដោះស្រាយការតវ៉ាប្រជាធិបតេយ្យនៅហុងកុង ពីរបៀបដែលពួកគេបង្ក្រាបជនជាតិភាគតិចអ៊ុយហ្គ័រ នៅក្នុងប្រទេសរបស់ពួកគេ និងវិធីដែលពួកគេព្យាយាមធ្វើឱ្យខូចសណ្ដាប់ធ្នាប់តាមច្បាប់អន្តរជាតិ»។
កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកសហភាពអឺរ៉ុប អង់គ្លេស និងកាណាដា បានដាក់វិធានការបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការធ្វើដំណើរទៅលើក្រុមមន្ត្រីចិនមួយចំនួននៅស៊ីនជាំង (Xinjiang) ជុំវិញបញ្ហារំលោភសិទ្ធមនុស្សក្នុងតំបន់នោះ។ ចិនបានឆ្លើយតបវិញដោយការដាក់ទណ្ឌកម្មគោលដៅអឺរ៉ុបចំនួន ១០ ដែលរួមមានសមាជិកសភាអឺរ៉ុបបញ្ញវន្ត និងស្ថាប័នអឺរ៉ុបចំនួន ។ ក្រុងប៉េកាំងបាននិយាយថា បុគ្គលទាំងនេះ បានធ្វើឱ្យខូចខាតដល់ផលប្រយោជន៍របស់ប្រទេសចិន និង «បានផ្សព្វផ្សាយការកុហក និងព័ត៌មានមិនពិត»។
រដ្ឋាភិបាលលោកខាងលិចទាំងនេះ គឺកំពុងព្យាយាមធ្វើឱ្យក្រុងប៉េកាំងទទួលខុសត្រូវចំពោះការឃុំខ្លួនជនជាតិមូស្លីម អ៊ុយហ្គ័រនៅស៊ីនជាំង។ ក្រុមសកម្មជនសិទ្ធិមនុស្ស និងអ្នកជំនាញអង្គការសហប្រជាជាតិបាននិយាយថា យ៉ាងហោចណាស់ជនជាតិអ៊ុយហ្គ័រ ១ លាននាក់ ត្រូវបានឃុំខ្លួនជំរំអប់រំឡើងវិញ ដែលធ្វើឱ្យមានការលេចឡើងការចោទប្រកាន់ប្រទេសចិន ថា បានប្រើទារុណកម្មបង្ខំឱ្យធ្វើការ និងកំពុងបំបាត់សមត្ថភាពបន្តពូជរបស់ជនជាតិនេះ។
កាណាដា និងអាមេរិកបានចាត់ទុកសកម្មភាពរបស់ចិនទៅលើជនជាតិអ៊ុយហ្គ័រថា ជាអំពើប្រល័យពូជសាសន៍។ ចិនបានច្រានចោលការចោទប្រកាន់ទាំងនេះ ហើយនិយាយថា ជំរំខាងលើបានផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ជនជាតិភាគតិច និងចាំបាច់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងភាពជ្រុលនិយម៕