រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក​ Mike​ Pompeo​ បាន​បដិសេធ​មិន​ទទួល​ស្គាល់​ជ័យជម្នះ​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​របស់​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​លោក ​Joe ​Biden ​ដោយ​បាន​លើក​ឡើង​ថា​ នីតិវិធី​នៃ​ការ​បោះ​ឆ្នោត​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​។​ លោក​ Mike​ Pompeo ​បាន​និយាយ​ថា​៖​ «នឹង​មាន​ការ​បន្ត​ដោយ​រលូន​ទៅ​រដ្ឋបាល ​Trump​ អាណត្តិ​ទី​២»​។​

លោក​ Pompeo ​បាន​លើក​ឡើង​បែប​នេះ​ កាល​ពី​ថ្ងៃទី ​១០ ​វិច្ឆិកា នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​។​ អ្នក​សារព័ត៌មាន​ Fox​ News​ បាន​សួរ​លោក​ Pompeo​ ​ថា​៖ «​តើ​បច្ចុប្បន្ន​នេះ​ក្រសួង​ការ​បរទេស​កំពុង​រៀបចំ​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ក្រុម​រៀបចំ​ការ​ផ្ទេរ​អំណាច​របស់​លោក​ Joe ​Biden ​ដែរ​ឬ​ទេ​?​ ហើយ​បើ​ទេ ​តើ​ដល់​ចំណុច​ណា ​ដែល​ការ​ពន្យារ​នេះ ​អាច​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​ការ​ផ្ទេរ​អំណាច​ដោយ​រលូន ​ឬ​អាច​ធ្វើ​ឱ្យ​មាន​ហានិភ័យ​ដល់​សន្តិសុខ​ជាតិ?​»។​

ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក​ Trump​ ថា​ មាន​ការ​ក្លែង​សន្លឹក​ឆ្នោត​ លោក​ Pompeo ​បាន​និយាយ​ថា​៖ «ខ្ញុំ​មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា​ ​យើង​នឹង​រាប់​ ហើយ​យើង​ត្រូវ​រាប់​ទាំង​អស់​នូវ​សន្លឹក​ឆ្នោត​ស្រប​ច្បាប់​។​

យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រាកដ​ថា ​សន្លឹក​ឆ្នោត​ដែល​មិន​ស្រប​ច្បាប់​ គឺ​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ទេ​។ ​វា​បន្សាប​សំឡេង​ឆ្នោត​របស់​អ្នក​ បើ​សិន​ធ្វើ​មិន​ត្រឹមត្រូវ​»។​

ដោយ​ឡែក​អ្នក​សារព័ត៌មាន ​Reuters ​ម្នាក់​ក៏​បាន​សួរ​លោក​ Pompeo ​ថា៖​ «តើ​ការ​ណែនាំ​បែប​ណា​ដែល​អ្នក​ផ្ដល់​ឱ្យ​អ្នក​ការ​ទូត​អាមេរិក​អំពី​របៀប​បក​ស្រាយ​លទ្ធផល​នៃ​​ការ​បោះឆ្នោត​​ប្រធានាធិបតី​?​»​។

អ្នក​សារព័ត៌មាន​ម្នាក់​នោះ​បន្ថែម​ទៀត​ថា៖​ «ក្រសួង​នេះ​បាន​​ផ្ញើ​សេចក្ដី​ថ្លែងការណ៍​ជា​ញឹកញាប់ ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​បរទេស​ ហើយ​ជំរុញ​អ្នក​ចាញ់​នៃ​ការ​បោះឆ្នោត​ទាំង​នោះ ​ឱ្យ​ទទួល​យក​លទ្ធផល​។​ តើ​ការ​បដិសេធ​របស់​លោក​ប្រធានាធិបតី​ Trump ​ចំពោះ​ការ​ទទួល​យក​ការ​ចុះ​ចាញ់​នោះ​ធ្វើ​ឱ្យ​ខូចខាត​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​នោះ​ មែន​ឬ​ទេ?​»។​

លោក​ Pompeo​ បាន​ឆ្លើយ​ថា៖ ​«វា​មិន​សម​ហេតុ​ផល​.. ហើយ​​អ្នក​ក៏​ដឹង​ថា​ វា​មិន​សម​ហេតុផល​ ហើយ​អ្នក​សួរ​វា​ដោយ​អ្នក​ដឹង​ថា​ វា​មិន​សម​ហេតុ​ផល»​។​ លោក ​Pompeo បន្ត​ថា​​ ក្រសួង​​ការ​បរទេស​របស់​លោក​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់​ ក្នុង​ការ​ធានា​ថា​ ការ​បោះឆ្នោត​នៅ​ជុំវិញ​ពិភព​លោក​ប្រព្រឹត្ត​ទៅ​ដោយ​សុវត្ថិភាព ​សន្តិសុខ​ សេរី ​និង​យុត្តិធម៌​ ហើយ​មន្ត្រី​របស់​យើង​បាន​ដាក់​ជីវិត ​ដើម្បី​ធានា​ឱ្យ​​មាន​ការ​ប្រព្រឹត្ត​ទៅ​បែប​នេះ​»​។​

ការ​អត្ថាធិប្បាយ​របស់​លោក​ Pompeo ​អស់​ទាំង​នេះ ​គឺ​បញ្ជាក់​​ថា ​លោក​មាន​ទំនោរ​ដូច​លោក ​Trump​ ដែល​បាន​អះអាង​ថា​ បក្ស​ប្រជាធិបតេយ្យ​បាន​លួច​ដណ្ដើម​យក​ជ័យជម្នះ​របស់​លោក​​តាមរយៈ​ការ​ក្លែង​សន្លឹក​ឆ្នោត​ផ្ញើ​តាម​ប្រអប់​សំបុត្រ ​ហើយ​​ក៏​បញ្ជាក់​ដែរ​ថា​ លោក ​Pompeo ​មាន​ការ​ជឿជាក់​លើ​ការ​តវ៉ា​លទ្ធផល​បោះឆ្នោត​របស់​លោក Trump​។​

ទាក់ទង​នឹង​សម្តី​របស់​លោក ​Pompeo ​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ ដែល​លោក ​ត្រាំ ​បាន​បណ្តេញ​ចេញ​គឺ​លោក​ John ​Bolton ​បាន​និយាយ​នៅ​លើ​ទូរទស្សន៍​ CNN ​ថា៖ ​«​ខ្ញុំ​គិត​ថា​វា​មិន​សម​ហេតុផល​ ដែល​ Mike​ (Pompeo)​ បាន​និយាយ​បែប​នេះ​។​ ខ្ញុំ​គិត​ថា​លោក​បាន​បំផ្លាញ​ទំនុក​ចិត្ត​ចំពោះ​លោក​នៅ​លើ​ឆាក​អន្តរជាតិ​ ដោយសារ​ខ្ញុំ​គិត​ថា ​មាន​មនុស្ស​តិច​ណាស់ ​សូម្បី​តែ​នៅ​ក្នុង​រដ្ឋាភិបាល​អាមេរិក​ដែល​ជឿ​​ជាក់​ថា ​មាន​រឿង​នេះ​កើត​ឡើង​»​។​

លោក ​Bolton ​បាន​បន្ត​ទៀត​ថា​៖ ​«ខ្ញុំ​មិន​ដឹង​ថា​ ហេតុ​អ្វី​បាន​ជា​​លោក​គិត​ថា ​ត្រូវ​ការ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​នេះ​ទេ​។​ ប្រហែល​ជា​លោក​ចង់​ចៀស​វាង​ពី​ការ​បណ្ដេញ​ចេញ​ដូច​អ្នក​ដទៃ​ទៀត​ ដែល​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​នៅ​​ក្នុង​រដ្ឋបាល​នេះ​។​ តែ​សេចក្ដី​ថ្លែងការណ៍​នេះ ​គឺ​មិន​សម​ហេតុ​ផល​»​។​

គួរ​បញ្ជាក់​ថា ​លោក ​Trump ​បាន​ដាក់​ពាក្យ​បណ្ដឹង​តវ៉ា​សន្លឹក​ឆ្នោត​ទៅ​កាន់​តុលាការ​នៃ​រដ្ឋ ​Swing ​State​ ចំនួន ​៥ ​ដែល​រួម​មាន​ Arizona, ​Georgia, ​Michigan, ​Nevada, ​និង ​Pennsylvania ​ដែល​សុទ្ធ​តែ​ជា​រដ្ឋ​លោក ​Biden ​បាន​នាំ​មុខ​សំឡេង​ឆ្នោត​។

លោក ​Trump ​បាន​ចាញ់​រឿង​ក្ដី​នៅ​រដ្ឋ​ Georgia ​និង​ Michigan​។ ​អ្នក​វិភាគ​មួយ​ចំនួន​បាន​យល់​ឃើញ​ថា​ លោក​នឹង​ចាញ់​រឿង​ក្ដី​ទាំង​អស់​នេះ ​ដោយសារ​លោក​ខ្វះ​ភ័ស្តុតាង​ច្បាស់​លាស់​ សាក្សី​ទុក​ចិត្ត​​បាន​ និង​​យុទ្ធសាស្ត្រ​ច្បាស់លាស់​ ហើយ​បើ​សិន​ឈ្នះ​ក៏​មិន​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត​ផង​ដែរ​។​

រី​ឯ​លោក ​Biden ​វិញ​បាន​ត្រូវ​អង្គភាព​ AP​ និង ​Fox ​News​ រាយការណ៍​ថា​ បាន​ទទួល​អង្គ​បោះ​ឆ្នោត​ចំនួន ​២៩០​ គ្រប់​​គ្រាន់​សម្រាប់​ទទួល​ជ័យជម្នះ​។​ តួលេខ​នេះ ​អាច​កើន​ឡើង​រហូត​ដល់ ​៣០៦ ​បើ​សិន​លោក ​Biden​ រក្សា​ការ​នាំ​មុខ​សំឡេង​នៅ​រដ្ឋ​ Georgia ​ក្រោយ​ពី​ការ​រាប់​សន្លឹក​ឆ្នោត​សា​ឡើង​វិញ​ត្រូវ​បាន​បញ្ចប់​។​

យ៉ាង​ណា​មិញ​ដំណើរការ​ផ្ទេរ​អំណាច​ គឺ​ជា​ដំណើរការ​មួយ​ដែល​ស្ថាប័ន​រដ្ឋាភិបាល​អាមេរិក​​ត្រូវ​ធ្វើ​ការ​សហការ​ជាមួយ​នឹង​បេក្ខជន​ប្រធានាធិបតី​ដែល​ទទួល​ជ័យជម្នះ ​តាមរយៈ​ការ​ផ្ដល់​ព័ត៌មាន​សំខាន់ៗ​ជា​រៀង​រាល់​ថ្ងៃ​ សម្រាប់​ត្រៀម​ខ្លួន​ចូល​កាន់​អំណាច​។​ ក្នុង​ដំណើរការ​នេះ​ហើយ​ដែល​បេក្ខជន​នីមួយៗ​ អាច​រៀបចំ​ផែនការ​សម្រាប់​រដ្ឋបាល​របស់​ពួក​គេ​៕