បុរីញូវយ៉កៈ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ បានបន្តការចោទប្រកាន់ថា អាមេរិកកំពុងធ្វើ «ភេរវកម្មសេដ្ឋកិច្ច» ទៅលើដំណើរទស្សនកិច្ចមួយទៅកាន់បុរីញូវយ៉ក នៅអំឡុងពេលដែលក្រុងវ៉ាស៊ីនតោន បានដាក់កម្រិតយ៉ាងខ្លាំងចំពោះការធ្វើដំណើររបស់លោកនោះ។
បន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងឡើងអស់រយៈពេលជាច្រើនខែ រដ្ឋមន្ត្រីការបរទេសលោក ម៉ូហាម៉ាដ-ចារ៉ាដ ហ្សារីហ្វ បានទៅកាន់បុរីញូវយ៉ក ដើម្បីប្រជុំជាមួយអង្គការសហប្រជាជាតិ អំពីការអភិវឌ្ឍប្រកបដោយចីរភាព ជាទីដែលលោកបានរិះគន់ទណ្ឌកម្មជាឯកតោភាគីដែលធ្វើឡើងដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។
លោក ហ្សារីហ្វ បានថ្លែងថា៖ «អ៊ីរ៉ង់ត្រូវបានរងភេរវកម្មសេដ្ឋកិច្ចយ៉ាងឃោរឃៅបំផុត ដោយបានយកជនស៊ីវិលស្លូតត្រង់ជាគោលដៅដោយចេតនា ដើម្បីសម្រេចទិសដៅនយោបាយដោយខុសច្បាប់ទាំងនោះ»។
«ការដាក់ទណ្ឌកម្មនៅក្រៅប្រទេស ដោយខុសច្បាប់នោះ» គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតចំពោះសមិទ្ធផលនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អ៊ីរ៉ង់ និងក្រុមប្រទេសជិតខាងរបស់យើងជាច្រើនទៀតផងដែរ» ។
លោក ដូណាល់ ត្រាំ កាលពីឆ្នាំ ២០១៨ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិមួយ ដែលបានចរចាដោយប្រធានាធិបតីមុនរបស់លោក គឺលោក បារ៉ាក់ អូបាម៉ា ដែលអ៊ីរ៉ង់បានកាត់បន្ថយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួននោះ។
លោក ដូណាល់ ត្រាំ ជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត និងអ៊ីស្រាអែលជាគូសត្រូវអ៊ីរ៉ង់ បានបង្កើនការដាក់ទណ្ឌកម្មដែលក្នុងនោះមានការហាមឃាត់មិនឲ្យមានការនាំប្រេងចេញរបស់អ៊ីរ៉ង់ទាំងអស់ ក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីកាត់បន្ថយកងកម្លាំងក្នុងតំបន់របស់របបក្រុងតេអេរ៉ង់។
អាមេរិក ជាប្រទេសម្ចាស់ផ្ទះរៀបចំជំនួបអង្គការសហប្រជាជាតិ បានដាក់កំហិតយ៉ាងខ្លាំងទៅលើលោក ហ្សារីហ្វ ដោយបានកំណត់ព្រំដែនឲ្យលោកនៅក្នុងប្លុកជុំវិញស្នាក់ការអង្គការសហប្រជាជាតិ និងនិវេសនដ្ឋានរបស់ប្រេសិតពិសេសរបស់អ៊ីរ៉ង់តែប៉ុណ្ណោះ។
លោក ហ្សារីហ្វ បានថ្លែងទៅកាន់ក្រុមអ្នកកាសែតថា វិធានការនោះ «ពិតជាមិនមែនជាវិធានការគួរឲ្យរាក់ទាក់នោះទេ» ហើយបង្កឲ្យមានការលំបាកយ៉ាងខ្លាំង សម្រាប់ក្រុមគ្រួសាររបស់បុគ្គលិកគណៈប្រតិភូទាំងអស់នោះ។
លោក ហ្សារីហ្វ បានថ្លែងថា៖ «ប៉ុន្តែសម្រាប់ខ្ញុំវិញ វាមិនបញ្ហាអ្វីនោះទេ ពីព្រោះខ្ញុំមិនមានការងារណាមួយធ្វើនៅទីនេះទេ»។
ឯកអគ្គរដ្ឋទូតរងរុស្ស៊ី លោក Dmitry Polyanskiy បានថ្លែងថា សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងពិភាក្សាអំពីការរឹតត្បិតរបស់ US ទៅលើលោក ម៉ូហា ម៉ាដ-ចារ៉ាដ ហ្សារីហ្វ៕ AFP/SK