កាលពីថ្ងៃអាទិត្យ ទី ៤ មេសា រដ្ឋមន្ត្រីក្រសួងសាធារណការតៃវ៉ាន់ បានស្នើចុះចេញពីតំណែង បន្ទាប់ពីមានគ្រោះថ្នាក់កើតមានឡើងកាលពីសប្តាហ៍មុន។ គ្រោះថ្នាក់រថភ្លើងនេះកើតឡើងនៅជិតទីក្រុង Hualien ភាគខាងកើតតៃវ៉ាន់បានបណ្តាលឱ្យមនុស្ស ៤៨ នាក់ស្លាប់ និងជិត ២០០ នាក់រងរបួស។
រដ្ឋមន្ត្រីក្រសួងសាធារណការតៃវ៉ាន់លោក Lin Chia-lung បានសរសេរនៅក្នុងទំព័រហ្វេសប៊ុកថា៖ «ខ្ញុំគួរតែទទួលយករាល់ការរិះគន់ទាំងអស់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប៉ុន្តែយើងមិនទាន់បានដោះស្រាយបញ្ហានេះបានល្អនៅឡើយទេ»។ លោកបាននិយាយថា លោកនឹងចាកចេញពីតំណែងនៅពេលប្រតិបត្តិការជួយសង្គ្រោះត្រូវបានបញ្ចប់។
គ្រោះថ្នាក់នេះ គឺកើតឡើងកាលពីថ្ងៃទី ២ មេសា ក្នុងអំឡុងពេលពិធីសែនផ្នូរនៅកោះតៃវ៉ាន់រយៈពេល ៤ ថ្ងៃ។ ប្រជាជនតៃវ៉ាន់ជាច្រើនបានប្រើប្រាស់មធ្យោបាយនេះធ្វើដំណើរ ដើម្បីទៅសែនផ្នូរដូនតារបស់ពួកគេ៕