លោក Michael Gove រដ្ឋមន្ត្រីទីស្ដីការគណ:រដ្ឋមន្ត្រីអង់គ្លេស បាននិយាយកាលពីថ្ងៃអាទិត្យទី ១៨ តុលា ថា «ទ្វារនៅបើកបន្តិចនៅឡើយ» សម្រាប់កិច្ចពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបបើប្លុកនេះផ្លាស់ប្ដូរវិធីសាស្ត្ររបស់ខ្លួន និងបង្ហាញឱ្យឃើញនូវការប្ដេជ្ញាចិត្ត។ លោកបាននិយាយបែបនេះមុននឹងការចរចា ចាប់ផ្ដើមឡើងវិញក្នុងសប្ដាហ៍នេះ។
ក្នុងកិច្ចសម្ភាសន៍នៅក្នុងទូរទស្សន៍ BBC រដ្ឋមន្ត្រីរូបនេះបាននិយាយថា៖ «យើងសង្ឃឹមថា សហភាពអឺរ៉ុបនឹងផ្លាស់ប្ដូរជំហររបស់ពួកគេ។ យើងមិនបាននិយាយថា បើពួកគេមិនផ្លាស់ប្ដូរជំហរនោះ យើងមិនអាចនិយាយជាមួយពួកគេបាននោះទេ»។
គួររំឭកថា ការចរចារវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបបានជាប់គាំងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនដោយសារមានការខ្វែងគំនិតគ្នាលើបញ្ហាការនេសាទ និងការប្រកួតប្រជែងស្មើភាពគ្នា។
កាលពីថ្ងៃសុក្រទី ១៦ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយថា អង់គ្លេសគ្មានហេតុផលដើម្បីបន្តកិច្ចពិភាក្សាទេ បើសហភាពអឺរ៉ុបនៅតែមិន «ធ្វើការផ្លាស់ប្ដូរឱ្យបានច្រើននូវវិធីសាស្ត្រ» ចរចារបស់ពួកគេ។
លោកក៏បានលើកឡើងផងដែរថា អាជីវកម្មអង់គ្លេសត្រូវតែត្រៀមខ្លួនធ្វើពាណិជ្ជកម្មដោយ គ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប នៅពេលដែលរយ:ពេលអន្តរកាលត្រូវបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ។
នៅក្នុងសុន្ទរកថា ចាក់ផ្សាយតាមទូរទស្សន៍លោក Johnson បាននិយាយថា៖ «ខ្ញុំបានសន្និដ្ឋានថា យើងគួរត្រៀមខ្លួនសម្រាប់ថ្ងៃទី ១ ខែមករា ជាមួយនឹងការរៀបចំធ្វើពាណិជ្ជកម្មស្រដៀងនឹងប្រទេសអូស្ត្រាលី ដោយផ្អែកលើគោលការណ៍សាមញ្ញនៃពាណិជ្ជកម្មសេរីសកល»។
លោកបានបន្តទៀតថា៖ «ជាមួយនឹងជំនឿជឿជាក់យ៉ាងមុតមាំ យើងត្រៀមនឹងទទួលយកជម្រើសថ្មី ហើយយើងនឹងរីកចម្រើនខ្លាំង ក្នុងនាមជាប្រទេសធ្វើពាណិជ្ជកម្មសេរីមួយដែលគ្រប់គ្រង និងកំណត់ច្បាប់របស់យើងដោយខ្លួនឯង»។
បើការចរចាមិនអាចឈានដល់ការចុះកិច្ចព្រមព្រៀងនោះពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងអង់គ្លេសនឹងប្រព្រឹត្តទៅតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលអាចនាំឱ្យមានការកំណត់ យកពន្ធលើផលិតផលនាំចេញ។ បញ្ហានេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ពាណិជ្ជកម្មទ្វេភាគី ដោយសារថា ការកំណត់យកពន្ធនឹងធ្វើឱ្យផលិតផលឡើងថ្លៃ និងធ្វើឱ្យការជួញដូរក្នុងទីផ្សារនីមួយៗកាន់តែពិបាក។
សហភាពអឺរ៉ុបបាននិយាយថា ខ្លួនបានត្រៀមពង្រឹងកិច្ចចរចាឱ្យបានកាន់តែល្អប្រសើរឡើង ប៉ុន្តែនឹងមិនព្រមទទួលកិច្ចព្រមព្រៀងជាមួយលក្ខខណ្ឌមិនសមរម្យឡើយ។
ដើមឡើយអ្នកចរចារបស់សហភាពអឺរ៉ុបលោក Michael Barnier និងអ្នកចរចារបស់អង់គ្លេសលោក David Frost គ្រោងនឹងជួបគ្នានៅទីក្រុងឡុងដ៍ក្នុងសប្ដាហ៍នេះ ប៉ុន្តែជំនួបនេះត្រូវបានប្តូរទៅជាកិច្ចប្រជុំតាមវីដេអូវិញ។
ចក្រភពអង់គ្លេស បានចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការកាលពីដើមឆ្នាំ ២០២០ នេះបន្ទាប់ពីបានដំណើរការដកខ្លួនអស់រយ:ពេល ៣ ឆ្នាំកន្លះ ក្រោយពីការធ្វើប្រជាមតិនៅឆ្នាំ ២០១៦។ ទោះបីជាចក្រភពអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការក៏ដោយក៏អង់គ្លេសនៅតែស្ថិតក្រោមច្បាប់សហភាពអឺរ៉ុប ព្រោះភាគីទាំងសងខាងបានកំណត់យកឆ្នាំ ២០២០ ជារយ:ពេលអន្តរកាល ដើម្បីចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ។ ក្រោយឆ្នាំ ២០២០ ប្រទេសអង់គ្លេស នឹងដកខ្លួនពីសហភាពអឺរ៉ុបជាស្ថាពរ ទោះបីមាន ឬមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មក្តី៕