ក្រុង​សេ​អ៊ូលៈ ​រដ្ឋ​មន្ត្រី​បង្រួប​បង្រួម​កូរ៉េ​ខាង​ត្បូង​ បាន​ចេញ​ដំណើរ​ទៅ​អា​មេ​រិក​នៅ​ថ្ងៃ​អង្គ​ារ​នេះ​ ដើម្បី​បំពេញ​ទស្សន​កិច្ច​៥​ថ្ងៃ​ស្រប​ពេល​មាន​សង្ស័យ​ជុំវិញ​លទ្ធ​ភាព​ខ្វែង​គំនិត​គ្នារ​វាង​សម្ព័​ន្ធ​មិត្ត​ទាំង​ពីរ​ទៅ​លើ​របៀប​ដើម្បី​ឈាន​ដល់​ការ​លុប​បំបាត់​អាវុធ​នុយ​ក្លេ​អ៊ែរ​របស់​កូរ៉េ​ខាង​ជើង។ ​

ក្រសួង​នោះ ​បាន​ឲ្យ​ដឹង​ថា​ លោក​រដ្ឋ​មន្ត្រី​ Cho Myoung-gyon ​គ្រោង​ជួប​លោក​រ​ដ្ឋ​មន្ត្រី​ការ​បរ​ទេស​ម៉ៃ​ក៍​ប៉ុម​ប៉េអូ​ និង​មន្ត្រី​ដទៃ​ទៀត ​និង​ក្រុម​អ្នក​ជំនាញ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​លុប​បំបាត់​អា​វុធ​នុយ​ក្លេ​អ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ និង​ទំនាក់​ទំនង​អន្តរ​កូរ៉េ​។

លោក​ Cho បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​មុន​ឡើង​យន្ត​ហោះ​ទៅ​អាមេ​រិក​នៅ​ព្រលាន​អន្តរ​ជាតិ​ Incheon ​នៅ​ខាង​លិច​ក្រុង​សេអ៊ូល​ថា​៖​«នេះ​គឺ​ជា​ដំណើរ​ទស្សន​កិច្ច​​ដ៏មា​ន​អត្ថ​ន័យ​មួយ​ ដែល​បាន​កើត​ឡើង​ចំ​ពេល​វេលា​ដ៏​សំខាន់​នេះ​»។

លោក ​បាន​បន្ថែមថា៖«​នៅ​ក្នុង​ក្រុង​វ៉ាស៊ីន​តោន​ និង​ក្រុង​ញូវ​យ៉ក ​ខ្ញុំ​នឹង​ជួប​ក្រុម​រដ្ឋា​ភិបាល​ និង​​សភា​ និង​អ្នក​ជំនាញ​ជា​ច្រើន​ទៀត​ ដើម្បី​ពិភាក្សា​អំពី​ការ​លុប​បំបាត់​អាវុធ​នុយ​ក្លេ​អ៊ែរ​នៅ​ឧប​ទ្វីប​កូរ៉េ ​និង​ការ​បង្កើត​សន្តិ​ភាពនៅឧបទ្វី​ប​នេះ​​»៕ Yonhap/PSA