ក្រុង​គែរ៖​ រដ្ឋមន្ត្រី​ការ​បរទេស​អេហ្ស៊ីប ​លោក​ Sameh ​Shoukry ​កាល​ពី​ថ្ងៃ​អង្គារ ​បាន​ជួប​ជាមួយ​ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស ​លីប៊ី ​លោក​ Ghassan ​Salame ​ដើម្បី​ពិភាក្សា​រក​មធ្យោបាយ​ដោះស្រាយ​វិបត្តិ​នៅ​ក្នុង​ប្រទេស​នេះ​​។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ​រដ្ឋមន្ត្រី​ការ​បរទេស​អេហ្ស៊ីប ​បាន​ថ្លែង​ថា ​នៅ​អំឡុង​កិច្ច​ប្រជុំ​លោក​បាន​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា​ ប្រទេស​អេហ្ស៊ីប​ បាន​អំពាវនាវ​ឲ្យ​ធ្វើ​ការ​ដោះស្រាយ​នយោបាយ​ទូលំទូលាយ​មួយ​នៅ​ប្រទេស​ លីប៊ី​ នៅ​ក្នុង​មធ្យោបាយ​មួយ​ដែល​រក្សា​សាមគ្គីភាព​ និង​បូរណភាព​នៃ​ប្រទេស ​អាហ្រ្វិក​ភាគ​ខាង​ជើង​។​

អ្នក​ការ​ទូត​កំពូល​របស់​ប្រទេស ​អេហ្ស៊ីប​ បាន​បញ្ចាក់​ថា ​ការ​គាំទ្រ​របស់​អេហ្ស៊ីប​ឲ្យ​ស្តារ​​ស្ថាប័ន​រដ្ឋ​ឡើង​វិញ ​ដើម្បី​គ្រប់គ្រង​ប្រទេស ​លីប៊ី​ ហើយ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​អង្គការ​ភេរវកម្ម​​ រហូត​ដល់​ធ្វើ​ឲ្យ​សន្តិសុខ​ប្រទេស​មួយ​នេះ​ ត្រូវ​បាន​ស្តារ​​ឡើង​វិញ​នៅ​ក្នុង​ចក្ខុ​វិស័យ​ទូលំទូលាយ​មួយ​នៅ​ក្នុង​ប្រទេស​នេះ​។​

ភាគី​ទាំង ​២​ បាន​ពិភាក្សា​គ្នា​រក​មធ្យោបាយ​ក្នុង​ការ​ដោះស្រាយ​នយោបាយ​ ដើម្បី​បញ្ចប់​វិបត្តិ​នៅ​ក្នុង​ប្រទេស លីប៊ី ​និង​ការ​រៀបចំ​ដើម្បី​កិច្ច​​​ប្រជុំ​​ក្រុង​ប៊ែរឡាំង​ស្តីពី​ប្រទេស ​លីប៊ី ​នា​ពេល​បច្ចុប្បន្ន​។​

សម្រាប់​ទស្សនកិច្ច​របស់​លោក​ Salame ​បាន​សាទរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​បាន​ធ្វើ​ឡើង​ដោយ​ប្រទេស ​អេហ្ស៊ីប​ ដើម្បី​ដោះស្រាយ​វិបត្តិ​លីប៊ី​ និង​ស្តារ​សន្តិសុខ ​និង​ស្ថិរភាព​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​ហែកហួរ​ដោយសារ​សង្គ្រាម​​នេះ​។​

លីប៊ី ​​កំពុង​​​​រង​ផល​ប៉ះពាល់​ដោយ​អំពើ​ហិង្សា ​និង​អស្ថិរភាព​នយោបាយ​កាន់​តែ​ខ្លាំង​មិន​ធ្លាប់​មាន​ពី​មុន​​ ចាប់​តាំង​ពី​បាន​ទម្លាក់​លោក​ ​មួ​ម៉ា កា​ដាហ្វី​ ឆ្នាំ ​២០១១ ​មក​​៕ Xinhua/SK