រដ្ឋមន្ត្រី​បារាំង​លោក Clement Beaune និយាយថា កម្មវិធី​ចាក់វ៉ាក់សាំង​កូ​វីដ ១៩ របស់​អង់គ្លេសដែល​កំពុង​ព​ន្លឿ​ន​ល្បឿន​នេះ​មាន​លក្ខណៈ «ប្រថុយប្រថាន» ច្រើន​ខណៈ​មន្ត្រី​នៅ​បែលហ្ស៊ិកអះអាង​ថា សហភាព​អឺរ៉ុប​មិន​ច្រណែន​នឹង​ប្រទេស​នេះ​ក៏ដូចជា​ប្រជា​ជាតិ​នានា​ដូចជា​សហរដ្ឋ​អាមេ​រិ​ក ​និង​អ៊ីស្រា​អែល​អ្វី​ឡើយ។

ប្រជាជន​ពេញវ័យ​អង់គ្លេស​ប្រមាណ ១៤% ទទួលបាន​ការចាក់​ថ្នាំ​ជា​លើកដំបូង​ហើយ បើ​ប្រៀបធៀប​ជាមួយ​ប្រជាជន​ប្រមាណ ៣ ភាគរយ​នៅ​ទូទាំង ២៧ ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ទើប​ទទួលបាន​វ៉ា​ក់សាំង​នេះ​ដែល​បង្កឱ្យមាន​ការមិន​ពេញចិត្ត​កាន់តែខ្លាំង​ឡើង​ពី​សំណាក់​គណៈកម្មការ​អឺរ៉ុប ដែល​ទទួលដោះស្រាយ​បញ្ហា​ជំងឺ​សកល​នេះ។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃថ្មីៗនេះ​គណៈកម្មការ​អឺរ៉ុបបាននិងកំពុង​តែ​ជាប់គាំង​ក្នុងការ​ប្រយុទ្ធជា​សាធារណៈ​ដ៏​ជូរចត់​ជាមួយ​ក្រុមហ៊ុន AstraZeneca ដែលជា​អ្នកផ្គត់ផ្គង់​ដ៏​សំខាន់​នៅ​ដំណាក់​កាល​នៃ​ឆ្នាំនេះ​ដោយសារ​កង្វះខាត​វ៉ាក់សាំង​យ៉ាងច្រើន​គួរឱ្យកត់សម្គាល់​នៅ​ត្រីមាស​ទី១ នៃ​ឆ្នាំនេះ​ដែល​ធ្វើឱ្យ​មានការចោទ​ជា​សំណួរ​ថា ​តើ​ប្លុក​អឺរ៉ុប​នឹង​ទទួលបាន​វ៉ាក់សាំង​ចំនួន​ប៉ុន្មាន​ទៀត​នៅ​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ?

ទោះបីជា​មានការ​ខឹងសម្បា​យ៉ាងណាក៏ដោយ លោកស្រី Sandra Gallina មន្ត្រី​គណៈកម្ម​ការ​អឺរ៉ុប ដែល​បាន​ចរចា​កិច្ចសន្យា​ផ្គត់ផ្គង់​វ៉ាក់សាំង​បាន​អះអាង​ថា សហភាព​អឺរ៉ុប​ស្ថិតក្នុង​ចំណោម «ប្រទេស​ធំ » ដែល​ទទួលបាន​វ៉ាក់សាំង​ហើយ​លោក-ស្រី​មិនមាន​អ្វីដែល​ច្រណែន​នឹង​ប្រជាជាតិ​ដទៃទៀត​ឡើយ។

យោងតាម​ទិន្នន័យ​ពី Our World in Data tables ប្រទេស​សមាជិក​សហគម​ន៍​អឺរ៉ុប ដែលមាន​ដំណើរ​ការចាក់​វ៉ាក់សាំង​យឺត​ជាងគេ​បំផុត គឺ​ហូ​ឡង់ និង​ប៊ុលហ្គារី ដែល​ចាក់​វ៉ាក់សាំង​បានតែ ១ ភាគរយ​នៃ​ចំនួន​ប្រជាជន​ពេញវ័យ​របស់​ពួកគេ​ប៉ុណ្ណោះ។ ដោយឡែក​ប្រទេស​ដែលមាន​ដំណើរការ​ល្អជា​ង​គេ​ក្នុង​ប្លុក​គឺ ប្រទេស​ដា​ណឺ​ម៉ាក ​ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយ​ប្រមាណ ៤,៦% និង​ម៉ា​ល់ត៍ ប្រមាណ ៦% ខណៈ​អ៊ីស្រា​អែលបាន​ចាក់​វ៉ា​ក់សាំង​ហើយ​ប្រមាណ ៥៦% និង​អាមេរិក ៩%។

យ៉ាងណាមិញ លោកស្រី Gallina ក៏បាន​បដិសេធ​ក្នុងការធានា​គោលដៅ​នៃ​ការចាក់​វ៉ាក់សាំង ៧០ ភាគរយ ​នៃ​ចំនួន​ប្រជាជន​ពេញវ័យ​នៅ​ចុង​រដូវក្តៅ​ដោយ​អះអាង​ថា ​វា​អាស្រ័យ​លើ​សមត្ថភាព​របស់រដ្ឋ​ជា​សមាជិកនីមួយ។

ជាមួយគ្នានេះដែរ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​លោក Beaune ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ក៏បាន​យល់ស្រប​នឹង​សហភាព​អឺរ៉ុប​ដែរថា ​ភាព​ជោគជ័យ​របស់​ចក្រភព​អង់គ្លេស «មិនមាន​អ្វី​ទាក់ទង​ជាមួយ Brexit ទេ»។ លោក​បាន​អះអាងថា​ យុទ្ធសាស្ត្រ​របស់​ចក្រភព​អង់គ្លេ​ស មាន​លក្ខណៈ​ប្រថុយ​ប្រថា​ន ដែល​សូម្បីតែ​សាធារណជន​បារាំង​ក៏​មិនអាច​ទទួលយកបាន។

លោក​បាន​និយាយថា៖ «ជនជាតិ​អង់គ្លេស​ស្ថិតនៅក្នុង​ស្ថានភាព​ប្រថុយប្រថាន​ខ្លាំង​សម្រាប់​វិស័យ​សុខភាព។ ពោលគឺ ពួកគេ​កំពុង​ប្រថុយ​នឹង​គ្រោះថ្នាក់​ខ្លាំង​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ ហើយ​ខ្ញុំ​អាច​យល់​ពួកគេ​កំពុង​ប្រថុយ​នឹង​ហានិភ័យ​ជាច្រើន ដែល​អាច​កើតមានឡើង»។

ការលើកឡើង​ដដែល​នេះ លោក Beaune បាន​និយាយ​អំពី​ការសម្រេចចិត្ត​របស់​ច​ក្រ​ភព​អង់គ្លេ​ស​ក្នុងការ​ព​ន្លឿ​ន​ល្បឿននៃ​ការចាក់​វ៉ាកសាំង​ជា​លើកដំបូង​របស់ខ្លួន ដែល​កើន​ឡើងដល់​ទៅ ១២ សប្តាហ៍ ​ជា​ចំនួន​អតិបរិមា​ទ្វេដង​ដែល​បាន​ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក និង​សេចក្ដី​ណែនាំ លើ​វ៉ាក់សាំង​ពី​ Oxford និង​វ៉ាក់សាំង AstraZeneca។

លោក​បាន​និយាយថា៖ «ពួកគេ​បាន​ពន្យារ​គម្លាត​សម្រាប់​ការចាក់​ថ្នាំ​ពី​លើកដំបូង​ទៅ​លើក​ទី២ ហើយ​អ្នកវិទ្យាសាស្ត្រ​បាន​ប្រាប់​យើង​ហើយ​ថា ​កុំឱ្យ​ធ្វើបែបនេះ។ អាជ្ញាធរ​អឺរ៉ុប​នឹង​ប្រាប់​យើង​នៅ​ថ្ងៃស្អែក​ទាក់ទិន​នឹង​បញ្ហា​នេះ ប៉ុន្តែ​អាល្លឺម៉ង់​ក៏បាន​ប្រាប់​យើង​រួចហើយ ទាក់ទិន​ការសង្ស័យ​នឹង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ចំពោះ​មនុស្ស​ដែលមាន​អាយុ​លើសពី ៦៥ ឆ្នាំ»។

លោក​បាន​បន្តថា៖ «ចក្រភពអង់គ្លេស​បាន​ប្រើ​វ៉ាក់សាំង​នេះ​ទៅលើ​ក្រុមមនុស្ស​នេះ។

ដូច្នេះ​ខ្ញុំ​យល់ថា ប្រសិនបើ​ពួកគេ​កំពុងស្ថិត​ក្នុងស្ថានភាព​ពិបាក​ហើយ​ពួកគេ​បន្ថែម​ហានិភ័យ​បែបនេះ​ទៀត​ខ្ញុំ​គិតថា ពលរដ្ឋ​របស់​យើង​ទទួលយក​មិនបាន​ទេ ប្រសិនបើ​ប្រទេស​យើង​ព្រម​ចាក់វ៉ាក់សាំង​ទាំង​ហានិភ័យ​ បើទោះបី​មានការ​ណែនាំ​ពី​អ្នកវិទ្យាសាស្ត្រ​ក៏ដោយ​នោះ»។

ភ្នាក់ងារ​ឱសថ​អាមេរិក​ហៅ កាត់​ជា​ភាសា​អង់គ្លេស FDA ក៏​ធ្លាប់​ព្រមាន​ចក្រភព​អង់គ្លេស​ថា វិធីសាស្ត្រ​ពង្រីក​គម្លាត​សម្រាប់​ចាក់​វ៉ាក់សាំង​នេះ​អាច​នឹង​ផ្ដល់​គ្រោះថ្នាក់​ដល់​ប្រជាជន។

លោក Peter Openshaw សាស្ត្រាចារ្យ​ផ្នែក​ពិសោធន៍​នៅ​មហាវិទ្យាល័យ Imperial College London ជឿជាក់​លើ​ការពង្រីក​គម្លាត​សម្រាប់​វ៉ា​ក់សាំង Oxford/AstraZeneca ប៉ុន្តែ​គាត់​បាន​និយាយថា​វា​ជា ការ «ពឹងពាក់​លើ​ព្រេងវាសនា» បន្តិច​សម្រាប់​វ៉ាក់សាំង BioNTechនិង Moderna។

លោក​បាន​និយាយ​ថា៖ «យើង​ត្រូវការ​ការសាកល្បង​ចាក់​វ៉ាក់សាំង​ ដើម្បី​ធ្វើការ​សាកល្បង​ពី​ប្រសិទ្ធភាព​ឱ្យ​កាន់តែ​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​ ដើម្បី​រកឱ្យឃើញ​នូវ​ប្រសិទ្ធភាព​នៃ​ការពង្រីក​គម្លាត​រយៈពេល​នៃ​ការចាក់​វ៉ាក់សាំង​លើក​ទី២ របស់​ពួកគេ»។

លោក StenVermund នាយក​សាលា​សុខភាព​សា​ធារណៈ Yale ក៏បាន​និយាយថា​មាន​ភ័ស្តុតាង និង​ទ្រឹស្តី​ដ៏​រឹងមាំ​ជាច្រើន​ដែល​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​នេះ។ ប្រសិនបើ​ចាក់​វ៉ាក់សាំង​មនុស្ស​ចំនួន ១ លាន​នាក់ ដោយ​ប្រើតែ ១ ដងដោយ​ចាំ​សង្កេតមើល ប្រសិនបើ​មាន​ប្រសិទ្ធភាព​ចន្លោះ​ពី ៧០ ភាគរយ​ទៅ ៩០ ភាគរយ ​អ៊ីចឹង​មនុស្ស ដែល​ចាក់​វ៉ាក់សាំង​លើក​ទី១ មនុស្ស​ចំនួន ៥០០ ០០០ នាក់ ដោយ​ចាក់​វ៉ាក់សាំង ២ ដង ​នឹង​បង្កើន​ប្រសិទ្ធភាព​ទៅ ៩៥ ភាគរយ។

ប៉ុន្តែ​លោក​ក៏បានផ្តល់​ការ​ក្រើនរំឭក​ឱ្យមាន​ការប្រុងប្រយ័ត្ន​ដែរ​ថា៖ «នៅពេលណា​ដែល​អាជ្ញាធរ​សុខភាព​សាធារណៈ​ស្នើឱ្យ​ងាក​ចេញពី​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​ដែល​ត្រូវបាន​អនុម័ត​ពួកគេ (អង់គ្លេ​ស) ក៏​ត្រូវតែ​ប្រយ័ត្នប្រយែង​បំផុត​ចំពោះ​ការស្នើនេះដែរ ដើម្បី​កុំឱ្យ​សាធារណជន​ទូទៅ​មាន​អារម្មណ៍​ថា ពួកគេ​កំពុង​ត្រូវបាន​ពិសោធន៍»៕