ក្រុង​ហ៊្សេរុយសាឡិមៈ ​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ម្នាក់​ បាន​ថ្លែង​អួត​អាង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ប្រទេស​របស់​លោក​គឺ​ជា​ប្រទេស​តែ​មួយ​គត់​ដែល​ «បាន​នឹង​កំពុង​សម្លាប់​ប្រជាជន​អ៊ីរ៉ង់​»​ ក្រោយ​ពី​មាន​ភាព​តានតឹង​រវាង​អង់គ្លេស​ និង​អ៊ីរ៉ង់ ​បាន​កើន​​ឡើង​កម្តៅ​យ៉ាង​ខ្លាំង​​នៅ​ក្នុង​ឈូង​សមុទ្រ​។​

ការ​អត្ថាធិប្បាយ​របស់​​រដ្ឋមន្ត្រី​កិច្ច​សហប្រតិបត្តិការ​ប្រចាំ​តំបន់​​​លោក ​Tzachi ​Hanegbi​ ​ធ្វើ​ឡើង​នៅ​វិទ្យុ​សាធារណៈ​ គឺ​ជា​ការ​និយាយ​សំដៅ​ដល់​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ នៅ​ក្នុង​ប្រទេស ​ស៊ីរី ​​ដែល​ជា​ប្រទេស​ក្បែរ​ខាង​ប្រឆាំង​នឹង​គោលដៅ​​យោធា​របស់​​អ៊ីរ៉ង់ និង​ក្រុម​ហេបូឡាហ៍​។​

ប៉ុន្តែ​ជម្លោះ​របស់​ពួក​គេ​បាន​កើត​ឡើង ​ក្រោយ​ពី​អ៊ីរ៉ង់​បាន​ឃាត់​ទុក​នាវា​មាន​ទង់ជាតិ​អង់គ្លេស ​១ ​គ្រឿង ​កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​បាន​បន្ថែម​ថា​ ភាព​តានតឹង​រវាង​ក្រុង​វ៉ាស៊ីនតោន​ និង​ក្រុង​តេអេរ៉ង់​ បាន​ជាប់​ទាក់ទង​ជាមួយ​កិច្ច​ព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​ឆ្នាំ ​២០១៥​។​

លោក ​Tzachi ​Hanegbi​ បាន​ចោទ​ប្រកាន់​អ៊ីរ៉ង់​ ជា​សត្រូវ​ធំ​របស់​អ៊ីស្រាអែល​ ពី​បទ​បង្ក​​ ​​«​ភាព​ចលាចល»​ និង ​«​បង្ក​គ្រោះ​ថ្នាក់​ដល់​សេរីភាព​នាវាចរណ៍​»​។​

ដោយ​បាន​លើក​ជា​សំណួរ​ថា ​តើ​លោក​មាន​ការ​បារម្ភ​ថា​ អ៊ីស្រាអែល​នឹង​មិន​ត្រូវ​ទទួល​បាន​ការ​គាំទ្រ​ពី​អាមេរិក​នៅ​ក្នុង​ករណី​ជម្លោះ​ជាមួយ​អ៊ីរ៉ង់​ដែរ​ទេ​?​ លោក ​Hanegbi ​បាន​បញ្ជាក់​ថា ​ក្រុង​តេអេរ៉ង់ ​នឹង​បញ្ចៀស​ស្ថានការណ៍​នេះ​ជាក់​ជា​មិន​ខាន​។​

លោក​ Hanegbi ​បាន​ថ្លែង​ថា​៖ «អ៊ីស្រាអែល​​ គឺ​ជា​ប្រទេស​តែ​មួយ​គត់​នៅ​ក្នុង​ពិភព​លោក​ ដែល​បាន​និង​កំពុង​សម្លាប់​ប្រជាជន​​អ៊ីរ៉ង់​អស់​រយៈពេល​ ២ ​ឆ្នាំ​មក​ហើយ​»​។​

«យើង​បាន​វាយ​ប្រហារ​អ៊ីរ៉ង់​អស់​រាប់​រយ​លើក​នៅ​ក្នុង​ប្រទេស ​ស៊ីរី​។ ​ជួន​កាល​យើង​បាន​ទទួល​ស្គាល់​ការ​​ពិត​ ហើយ​ជួន​កាល​របាយការណ៍​បរទេស​ខ្លះ​ដែល​បាន​បង្ហាញ​ឲ្យ​ដឹង​អំពី​បញ្ហា​នេះ​រួច​មក​ហើយ​»​។​

លោក​ Hanegbi ​បាន​បន្ថែម​ថា​ប្រទេស អ៊ីរ៉ង់ ​«​ត្រូវ​ស្វែង​យល់​ថា ​អ៊ីស្រាអែល​មាន​មធ្យោបាយ​ធ្វើ​ជំនួញ​យ៉ាង​ច្រើន​នៅ​ក្នុង​ពិភព​លោក​»​។​

អ៊ីស្រាអែល ​បាន​បើក​ការ​វាយ​ប្រហារ​រាប់​រយ​លើក​នៅ​ក្នុង​ប្រទេស ​ស៊ីរី ​​ប្រឆាំង​នឹង​អ្វី​ដែល​អ៊ីស្រាអែល​​បាន​និយាយ​ថា​ ត្រូវ​យក​យោធា​អ៊ីរ៉ង់ ​និង​ក្រុម​ហេបូឡាហ៍​ ជា​គោលដៅ​ក្នុង​ការ​វាយ​ប្រហារ៕ AFP/SK