ក្រុង​ប៉ា​រីសៈ ​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​លោក​ Christophe Castaner ​បាន​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ មនុស្ស​ជាង​៤០០​នាក់​ បាន​រង​របួស​ ១៤​នាក់​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​ការដំឡើង​ពន្ធប្រេ​ង​នៅ​ជុំវិញ​ប្រទេស​បារាំង​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ ស្លាប់​។

ចំ​នួន​អ្នក​រង​របួស​នោះ​ បាន​កើន​ឡើង ​បន្ទាប់​ពី​ទី​តាំង​ចំនួន​ ៨៧​កន្លែង​នៅ​ទូ​ទាំង​ប្រទេស​នេះ​ ជា​ទី​ដែល​ក្រុម​អ្នក​តវ៉ា​ បាន​បិទ​ផ្លូវ ​ដើម្បី​បញ្ចេញ​កំហឹង​របស់​ពួក​គេ​ចំពោះ​ការ​ដំឡើង​ពន្ធ​ប្រេង​។​

អ្នក​រង​របួស​សរុប​ ៤០៩​នាក់​ នៅ​ក្នុង​នោះ​មាន​ សមា​ជិក​ប៉ូលិស​២៨​នាក់ ​តម្រួត​យោ​ធា ​និង​ក្រុម​ពន្លត់​អគ្គិ​ភ័យ​។

លោក​ Castaner​ បាន​ប្រាប់​វិទ្យុ RTL​ថា​ មនុស្ស​ប្រហែល​២៨៨​០០០​នាក់​ បាន​ចូល​រួម​នៅ​ក្នុង​ការ​តវ៉ា ​នៅ​ទី​តាំង​ ២០៣៤​កន្លែង ​កាល​ពី​ថ្ងៃ​សៅរ៍ ​នៅ​ទូ​ទាំង​ប្រទេស​ ហើយ​អ្នក​តវ៉ា​ប្រហែល​៣៥០០​នាក់ ​ដេកនៅ​កណ្តាល​វាល​ ពេញ​មួយ​យប់​៕ PSA