រដ្ឋអាជ្ញា​ជាន់​ខ្ពស់​ទទួល​បន្ទុក​ខាង​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត ​លោក ​Richard ​Pilger​ បាន​លា​ឈប់​ពី​តំណែង​​កាល​ពី​ថ្ងៃ​ចន្ទ​​ ទី ​៩ ​វិច្ឆិកា​ បន្ទាប់​ពី​មាន​បញ្ជា​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​លោក William ​Barr​ ឱ្យ​រដ្ឋអាជ្ញា​សហព័ន្ធ​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ការ​ចោទ​ប្រកាន់​រឿង​លួច​បន្លំ​សន្លឹក​ឆ្នោត​ឱ្យ​រួច​រាល់​មុន​ពេល​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​នា​ពេល​ខាង​មុខ​។​

លោក Pilger​ ប្រធាន​ផ្នែក​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​នៃ​នាយកដ្ឋាន​សុចរិតភាព​សាធារណ:​នៃ​ក្រសួង​យុត្តិធម៌​បាន​ផ្ញើ​អ៊ីមែល​ប្រាប់​សហការី​របស់​លោក​ថា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បាន​ដាក់​គោលការណ៍​ថ្មី​ដ៏​សំខាន់​មួយ​ឱ្យ​រដ្ឋ​អាជ្ញា​ធ្វើ​ការ​ស៊ើបអង្កេត​ជា​បន្ទាន់​លើ​ករណី​លួចបន្លំ​សន្លឹក​ឆ្នោត ​ដែល​ជា​រឿង​មិន​ធ្លាប់​កើត​មាន​ឡើង​ក្នុង​រយ​ពេល​ជិត ​៤០ ​ឆ្នាំ​មក​នេះ​ ដោយ​បាន​បញ្ជា​ឱ្យ​បញ្ចប់​ការងារ​នេះ​ មុន​ពេល​ដែល​លទ្ធផល​បោះឆ្នោត​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ចប់​សព្វ​គ្រប់​ និង​បិទ​ការ​តវ៉ា​។​

លោក​បាន​ផ្ញើ​អ៊ីមែល​នេះ​ទៅ​មិត្ត​រួម​ការងារ​ដោយ​ភ្ជាប់​ជាមួយ​នូវ​លិខិត​លាលែង​ពី​តំណែង​របស់​លោក​។ ​ទោះ​យ៉ាង​ណា​ក្តី​ លោក​ Pilger នៅ​តែ​មាន​តំណែង​ជា​រដ្ឋអាជ្ញា​នៅ​ក្នុង​អង្គភាព​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​សាធារណ:​ដដែល​។​

បញ្ជា​របស់​លោក​ Barr​ ឱ្យ​ស៊ើប​អង្កេត​លើ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​នេះ​ ធ្វើ​ឡើង​ដោយ​មិន​បាន​ផ្តល់​ភ័ស្តុតាង​ណា​មួយ​ ដើម្បី​គាំទ្រ​ការ​អះអាង​របស់​លោក​ Trump ​ដែល​ថា ​មាន​ការ​ក្លែង​បន្លំ​ដ៏​ធំ​នៅ​ក្នុង​ការ​បោះឆ្នោត​ កាល​ពី​សប្ដាហ៍​មុន​ឡើយ​។​

លោក​គ្រាន់​តែ​សរសេរ​សារ​ដោយ​ក្រអឺត​ក្រទម​មួយ​ទៅ​កាន់​រដ្ឋអាជ្ញា​ទាំង​អស់​ថា​ ពួក​គេ​ត្រូវ​ចាត់​វិធានការ​ស៊ើប​អង្កេត​ ដូច​ជា​ការ​សម្ភាស​សាក្សី​ជា​ដើម​ ដែល​ជា​ធម្មតា​មុន​នឹង​អាច​ធ្វើ​កិច្ច​សម្ភាសន៍​បែប​នេះ​បាន​ ពួក​គេ​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ផ្នែក​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ជាមុន​សិន​។​ ​យ៉ាង​ណា​ក៏​ដោយ​ គោលការណ៍​ដែល​ដាក់​ចេញ​ទៅ​នេះ​ នឹង​មិន​មាន​ឥទ្ធិពល​ជា​ដុំ​កំភួន​ទៅ​លើ​សំឡេង​ឆ្នោត​នោះ​ទេ​ ព្រោះ​លោក​ Donald ​Trump ​ទទួល​បាន​សំឡេង​តិច​ជាង​លោក Joe​ Biden ​រាប់​សិប​ម៉ឺន​សំឡេង​ឯណោះ​ នៅ​ក្នុង​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន​។​

សមាជិក​ព្រឹទ្ធសភា​អាមេរិក ​លោកស្រី​ Elizabeth​ Warren ​បាន​និយាយ​កាល​ពី​យប់​ថ្ងៃ​ចន្ទ ​​ថា​៖ «​លោក ​Barr ​គឺ​ជា​​មេ​ខ្លោង​ពុក​រលួយ​របស់​លោក​Trump ​ដែល​គួរ​តែ​ត្រូវ​បាន​ដក​តំណែង​តាំង​ពី​ប៉ុន្មាន​ខែ​មុន​ឯណោះ​»​។​

ទោះបី​ពេល​នេះ​ មិន​មែន​ជា​កាល:ទេស:​សម្រាប់​ដក​តំណែង​មន្ត្រី​រូប​ណា​ក៏​ដោយ​ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​មិន​ស្រប​ច្បាប់​ដែល​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​រូប​នេះ​បាន​ធ្វើ​ឡើង​ ​គឺ​បង្ក​ឱ្យ​មាន​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ សូម្បី​តែ​ប្រធាន​ក្រុម​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​លោក ​Mitch ​McConnell ​និង​សមាជិក​គណបក្ស​សាធារណ​រដ្ឋ​ ក៏​គាំទ្រ​ឱ្យ​លោក Barr ចុះចេញ​ពី​តំណែង​ដែរ​ ព្រោះ​ពួក​គេ​ទ្រាំលែង​បាន​ចំពោះ​ការ​រំលោភ​បំពាន​ និង​ការ​ប្រើប្រាស់​អំណាច​ទឹក​ប្រាក់​របស់​លោក​ Barr​ ទៅ​លើ​ពួក​គេ​។​

គិត​ត្រឹម​ថ្ងៃ​ទី ​១១​ វិច្ឆិកា ​នេះ ​តុលាការ​រដ្ឋ​សហព័ន្ធ​ និង​រដ្ឋ​នានា​ បាន​ទទួល​ពាក្យ​បណ្ដឹង​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​យ៉ាង​ហោច​ណាស់ ១៧ ​ករណី ​ដែល​មាន​ភាព​ស្រដៀងៗ​គ្នា​ ដែល​ប្តឹង​ដោយ​យុទ្ធនាការ​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​ការ​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​របស់​លោក​ Trump​។ ​ការ​ចោទ​ប្រកាន់​ទាំង​អស់​នោះ ​រួម​បញ្ចូល​ការ​ចោទ​ប្រកាន់​ដែល​ថា ​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​របស់​លោក​ Trump ​មិន​មាន​សិទ្ធិ​ចូលរួម​​អង្កេត​នៅ​ពេល​គេ​កំពុង​រាប់​សន្លឹក​ឆ្នោត​ ឬ​សន្លឹក​ឆ្នោត​ផ្ញើ​តាម​អ៊ីមែល​ត្រូវ​បាន​គេ​ក្លែងបន្លំ​ជា​ដើម​។​

ថ្មីៗ​នេះ​ដែរ​ យុទ្ធនាការ​របស់​លោក​ Trump​ បាន​ចោទ​ប្រកាន់​ថា ​មាន​សន្លឹក​ឆ្នោត ​៤​ សន្លឹក​ត្រូវ​បាន​បោះ​ដោយ​មនុស្ស​ដែល​បាន​ស្លាប់​បាត់​ទៅ​ហើយ​ នៅ​ក្នុង​រដ្ឋ​ Georgia​ ហើយ​ស្នើ​ឱ្យ​មាន​ការ​ពិនិត្យ​លើ​ករណី​នេះ​ឡើង​វិញ​ឱ្យ​បាន​ហ្មត់ចត់​បំផុត​។​ ជាមួយ​គ្នា​នេះ​ដែរ​ រដ្ឋ Georgia ​បាន​ប្រកាស​ថា ​នឹង​ដំណើរការ​រាប់​សន្លឹក​ឆ្នោត​នៅ​ក្នុង​រដ្ឋ​នេះ​ឡើង​វិញ​ ដោយ​ដៃ​ផង​ដែរ​។​

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​ពុធ​ លោក ​Tim-Murtagh ​ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​យុទ្ធនាការ​របស់​លោក Trump បាន​និយាយ​ថា​៖ «ទស្សន:​នៃ​យុទ្ធនាការ​របស់​លោក​ Trump ​គឺ​ថា​ ការ​បោះឆ្នោត​នេះ ​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ»៕​

សៅ សម្ភស្ស