ក្រុងបាងកកៈ កាលពីថ្ងៃអង្គាររដ្ឋមន្ត្រីសំខាន់ៗបានចេញមកអះអាងថា មិនមានគម្រោងពន្យារពេលការបោះឆ្នោតទូទៅដែលគេត្រូវរង់ចាំយូរមកហើយនោះទេ។
នៅពេលជាមួយគ្នានេះ មាន ការអះអាងថា រដ្ឋមន្ត្រីដែលជាសមាជិកនៃបក្ស Palang Pracharath Party (PPP) រៀបចំផែនការលាលែងពីគណៈរដ្ឋមន្ត្រី នៅពេលវេលាសមស្របណាមួយ។
លោក Prawit Wongsuwon និងលោក WissanuKreangam ឧបនាយករដ្ឋមន្ត្រី ២ រូបនេះ និងរដ្ឋមន្ត្រីមហាផ្ទៃ លោក Anupong Paojinda បានថ្លែងថា រដ្ឋាភិបាលនេះ មិនមានគម្រោងពន្យារពេលការបោះឆ្នោតហួសពីថ្ងៃ ២៤ កុម្ភៈ ឆ្នាំក្រោយនេះទេ។
លោក Wissanu បានថ្លែងថា៖ «រាជរដ្ឋាភិបាល បានរៀបចំកិច្ចពិភាក្សាជាមួយគណៈកម្មការរៀបចំការបោះឆ្នោត ហើយមិនមានគម្រោងពន្យារពេលការបោះឆ្នោតទៅពេលក្រោយទៀតនោះទេ»។
ឧត្តមសេនីយ៍ Prawit ជាមន្ត្រីសំខាន់មួយនៅក្នុងក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ (NCPO) និងជារដ្ឋមន្ត្រីការពារជាតិដែរ នោះ ក៏បានឯកភាពដែរ ដោយបាននិយាយថា របបនេះមិនមានបំណងចង់លើកពេលវេលាទៅថ្ងៃក្រោយទៀតនោះទេ។
កាលបរិច្ឆេទការបោះឆ្នោតម្តងទៀត ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន ទាំងប្រជាជន និង មន្ត្រីរាជការ៕