
អ្នកស្រី Lyubov Sobol ថ្លែងក្នុងអំឡុងការជួបជុំប្រឆំាងការរារាំងបេក្ខជនបក្សប្រឆាំងមិនឲ្យចុះឈ្មោះបោះឆ្នោត។ AFP
កាលពីថ្ងៃសុក្រសប្ដាហ៍មុន គណៈកម្មាធិការស៊ើបអង្កេតដែលជាអង្គភាពស៊ើបអង្កេតសំខាន់របស់រុស្ស៊ីបានអះអាងថា ខ្លួនបានបើកការស៊ើបអង្កេតព្រហ្មទណ្ឌប្រឆាំងនឹងសកម្មជនគណបក្សប្រឆាំងអ្នកស្រី Lyubov Sobol។ គណៈកម្មាធិការបានបន្ថែមថាការស៊ើបអង្កេតធ្វើឡើង ក្រោយអ្នកស្រី Sobol គំរាម និងនាំគ្នាហ៊ុមព័ទ្ធជុំវិញផ្ទះរបស់សមាជិកក្រុមសេវាកម្មសន្តិសុខសហព័ន្ធ (FSB) ខុសច្បាប់។
របាយការណ៍ផ្តាច់មុខរបស់ទូរទស្សន៍ CNN ចេញផ្សាយនៅសប្តាហ៍មុន បានបង្ហាញខ្សែទូរស័ព្ទមួយដែលលោក Navalny បញ្ឆោតឱ្យលោក Kudryavtsev បង្ហាញថា ភ័ស្ដុតាងដែលបញ្ជាក់ថា មេដឹកនាំប្រឆាំងពិតជាត្រូវបានគេបំពុលដោយថ្នាំសរសៃប្រសាទ Novichok ដែលបានដាក់ទៅខោក្នុងរបស់លោក Navalny ពិតមែន។
លោក Navalny បានទូរស័ព្ទទៅភ្នាក់ងារនោះប៉ុន្មានម៉ោងក្រោយមានក្រុមស៊ើបអង្កេត Bellingcat បានចេញរបាយការណ៍ថា ក្រុមសន្តិសុខ FSB ដែលមានជំនាញខាងអាវុធគីមីបានតាមដានលោក អស់ជាច្រើនឆ្នាំ ហើយក៏នៅជិតកន្លែងដែលគាត់ត្រូវបានគេដាក់ថ្នាំបំពុលជាងគេ។
នៅក្នុងសំឡេងទូរស័ព្ទនោះលោក Navalny បានក្លែងខ្លួនថា ជាមន្រ្តីសន្តិសុខ FSB ម្នាក់ ហើយបានសុំឱ្យអ្នករួមការងាររបស់គាត់ជួយចែករំលែកព័ត៌មានលម្អិតអំពីប្រតិបត្តិការនៃការពុលនេះ ដោយឱ្យលោក Kudryavtsev ទទួលស្គាល់ថា ពិតជាបានចូលរួមក្នុងដំណើរដាក់ថ្នាំបំពុលនេះដែរ។
ក្រោយសារសំឡេងនោះបានចេញផ្សាយហើយកាលពីថ្ងៃចន្ទ សប្ដាហ៍មុនអ្នកស្រី Sobol និងក្រុមការងាររបស់អ្នកស្រីជាច្រើននាក់បានហ៊ុមព័ទ្ធជុំវិញផ្ទះរបស់លោក Kudryavtsev ហើយអះអាងថា ចង់ជួបនិយាយជាមួយលោក Kudryavtsev ប៉ុន្តែបែរជាជួបនឹងស្ដ្រីចំណាស់ម្នាក់ដែលជាម្ដាយរបស់លោក Kudryavtsev ទៅវិញ។
៤ ថ្ងៃក្រោយមក អាជ្ញាធររុស្ស៊ីបានបើកការចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំង អ្នកស្រី Lyubov Sobol ពីបទចូលក្នុងតំបន់គេហដ្ឋានគេដោយហិង្សា ខណៈពេលដែលអ្នកស្រីព្យាយាមបើកទ្វារផ្ទះរបស់សមាជិកក្រុមសេវាកម្មសន្តិសុខសហព័ន្ធម្នាក់ គឺលោក Kudryavtsev។
គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីទទួលបន្ទុកការស៊ើបអង្កេតឧក្រិដ្ឋកម្មធំៗ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រដដែលថា អ្នកស្រី Sobol និងអ្នកផ្សេងទៀតជាច្រើនបានព្យាយាមចូលទៅក្នុង «បន្ទប់ស្នាក់នៅរបស់ស្ត្រីវ័យចំណាស់ម្នាក់» នៅភាគខាងកើតទីក្រុងម៉ូស្គូហើយមានស្លៀកឯកសណ្ឋានរបស់ក្រុមអ្នកឃ្លាំមើលរបស់ប្រទេសរុស្ស៊ីទៀតផង។
សេចក្តីថ្លែងការណ៍បាននិយាយថា អ្នកស្រី Sobol បានបោកបញ្ឆោតឱ្យអ្នកនាំសំបុត្រតាមផ្ទះនាំអ្នកស្រីចូលក្នុងតំបន់ផ្ទះល្វែង បន្ទាប់មកបានព្យាយាមសម្រុកចូលទៅក្នុងផ្ទះរបស់ស្ត្រីចំណាស់នោះនៅពេលគាត់បើកទ្វារ។
អ្នកស្រី Sobol បានបដិសេធការចោទប្រកាន់នេះ ហើយបានអះអាងថា អ្នកស្រីមិនបានរំលោភច្បាប់អ្វីឡើយ ព្រោះអ្នកស្រីបានចុចកណ្ដឹងរោទ៍ទ្វារចូលផ្ទះល្វែងធម្មតា។
យ៉ាងណាមិញ ប៉ូលិសបានមកដល់ផ្ទះរបស់អ្នកស្រី Sobol ដោយរឹបអូសគ្រឿងអេឡិចត្រូនិកទាំងអស់ដែលជាកម្មសិទ្ធិរបស់ក្រុមសកម្មជនព្រមទាំងឃាត់ប្តី និងកូនស្រីរបស់អ្នកស្រីមិនឱ្យជួបទៀតផង។ ជាមួយគ្នានេះ អ្នកស្រី Sobol ត្រូវបានគេចាប់យកទៅសាកសួរ និងឃុំខ្លួនរយៈពេល ៤៨ ម៉ោង ចំពោះបទល្មើសព្រហ្មទណ្ឌនេះ។
លោក Navalny បាននិយាយថា អ្នកស្រី Sobol គ្រាន់តែគោះទ្វារផ្ទះរបស់មន្ត្រីសន្តិសុខ FSB ប៉ុណ្ណោះ។ «ប្រតិកម្មទាន់ហន់ និងគួរឱ្យរន្ធត់» របស់អាជ្ញាធររុស្ស៊ីនឹងបង្ហាញតែពីកំហុសរបស់អាជ្ញាធរប៉ុណ្ណោះ។
លោកបានសរសេរលើគេហទំព័រលោកថា៖ «អ្នកគ្រាន់តែចុចកណ្ដឹងផ្ទះឃាតករសោះ។ គេបែរជាទម្លុះទ្វារផ្ទះអ្នកហើយនាំអ្នកទៅសួរចម្លើយទៅវិញ»។
ក្រុមមន្ត្រី FSB បាននិយាយថា ខ្សែសំឡេងទូរស័ព្ទរបស់ Navalny ជាមួយលោក Kudryavtsev គឺជាខ្សែសំឡេង «ក្លែងក្លាយ» ប៉ុន្តែមិនបានបដិសេធថា លោក Kudryavtsev បានរួមដៃជាមួយគេក្នុងផែនការដាក់ថ្នាំ ឬអត់ឡើយ។
ជាមួយគ្នានេះ វិមានក្រឹមឡាំងបានសារភាពថា ភ្នាក់ងារសន្តិសុខ FSB ពិតជាបានតាមដានលោក Navalny មែន ប៉ុន្តែមិនបានប៉ុនប៉ងដាក់ថ្នាំបំពុលលោកឡើយ។
គួរបញ្ជាក់ផងដែរថា អ្នកស្រី Sobol ត្រូវបានគេដោះលែងពីការឃុំឃាំងកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនហើយ។ ចំណាត់ការប្រឆាំងនឹងអ្នកស្រី Sobol នេះគឺជាការបង្ក្រាបចុងក្រោយ បង្អស់លើក្រុមប្រឆាំងនឹងវិមានក្រឹមឡាំងមុនការបោះឆ្នោតសភានៅឆ្នាំក្រោយ។
អ្នកស្រី Sobol ជាបុគ្គលម្នាក់ដែលព្យាយាមឈរឈ្មោះ ក្នុងការបោះឆ្នោតសភាតាំងតែពីឆ្នាំ ២០១៩ តែត្រូវបានគេមិនអនុញ្ញាតឱ្យចុះឈ្មោះជាបេក្ខភាពមួយទេ ដែលករណីនេះបង្កឱ្យមានជម្លោះ និងការតវ៉ាទ្រង់ទ្រាយធំរួចមកហើយ។
បន្ថែមពីនេះ អ្នកស្រីក៏ជាមេធាវីម្នាក់ក្នុងក្រុមរបស់លោក Navalny បានលាតត្រដាងអំពើពុករលួយក្នុងចំណោមមន្ត្រីជាន់ខ្ពស់រុស្ស៊ីជារឿយៗ ដែលតែងបង្ហោះវីដេអូក្នុង YouTube និងមានអ្នកទស្សនារាប់ពាន់ដង។ អ្នកស្រីត្រូវបាន ទូរទស្សន៍ BBC របស់ចក្រភពអង់គ្លេសដាក់ឈ្មោះ ជាស្រ្តីម្នាក់ក្នុងចំណោមស្ត្រី ដែលមានឥទ្ធិពលបំផុតទាំង ១០០ នាក់ នៅលើពិភពលោកកាលពីឆ្នាំមុន៕