រដ្ឋាភិបាលហុងកុងនឹងរៀបចំច្បាប់មួយថ្មីនៅចុងសប្តាហ៍នេះ ដែលនឹងតម្រូវឱ្យក្រុមប្រឹក្សាថ្នាក់ស្រុកប្តេជ្ញាធ្វើសច្ចាប្រណិធានចំពោះហុងកុង និងប៉េកាំង បើមិនដូច្នោះ នឹងប្រឈមនឹងការដកសិទ្ធិ និងហាមឃាត់រយៈពេល ៥ ឆ្នាំ ក្នុងការឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញ ដែលច្បាប់នេះកាន់តែធ្វើឱ្យមានការប្រឆាំងពីសំណាក់អ្នកប្រជាធិបតេយ្យកាន់តែខ្លាំងថែមទៀត។
លេខាធិការទទួលបន្ទុកកិច្ចការ និងរដ្ឋធម្មនុញ្ញចិនដីគោកលោក Erick Tsang បាននិយាយថា អ្នកនយោបាយដែលគេគិតថាមិនស្មោះត្រង់នឹងត្រូវហាមឃាត់មិនឱ្យកាន់មុខតំណែងឡើយ។ ដោយឡែកសម្រាប់ការសម្រេចយ៉ាងណានោះនឹងត្រូវលើកយកមកពិភាក្សាបន្ថែមនៅខែមីនា ខាងមុខ។
លោក Tsang បានឱ្យដឹងទៀតថា៖ «ប្រសិនបើអ្នកអះអាងថា ជាអ្នកស្នេហាជាតិហើយអ្នកមិនគោរព ឬព្យាយាមបំផ្លាញលក្ខណៈមូលដ្ឋាននៃប្រព័ន្ធយើង (ប្រព័ន្ធដឹកនាំដោយសាធារណរដ្ឋប្រជាមានិតចិន) នោះយើងមិនអាចទទួលយកបានទេ។ អ្នកមិនអាចនិយាយថា បានទេថា “ខ្ញុំស្នេហាជាតិ ប៉ុន្តែខ្ញុំមិនគោរពគណបក្សកុម្មុយនីស្តចិនដែលដឹកនាំប្រទេស «អ៊ីចឹងកើតទេ»។
ការប្រកាសនេះ ធ្វើឡើង ១ ថ្ងៃ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ទីក្រុងប៉េកាំងម្នាក់លើកឡើងថា ការផ្លាស់ប្តូរសំខាន់ៗនឹងកើតឡើង ដើម្បីធានាថា ទីក្រុងហុងកុងនឹងមាន «អ្នកស្នេហាជាតិ» កាន់តំណែង។
លោក សៀ បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសុន្ទរកថារបស់លោកថា វិធានការដែលមានប្រសិទ្ធភាពត្រូវតែធ្វើឡើង ដើម្បីការពារកុំឱ្យតួលេខ «មិនមានឥរិយាបថ» ឡើងកាន់អំណាចនយោបាយនៅហុងកុង។
ប៉ុន្តែការកំណត់ថា អ្នកណាស្នេហាជាតិពិតមែន ឬអត់នោះចំពោះលោក Xia Baolong ប្រធានក្រុមប្រឹក្សារដ្ឋការិយាល័យកិច្ចការហុងកុង និងការិយាល័យម៉ាកាវបានកំណត់និយមន័យថា អ្នកដែលមានទំនោរទៅខាង Laam Caau (យុទ្ធសាស្ត្របំផ្លាញគ្នាទៅវិញទៅមក) ដែលកើតចេញពីការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលឆ្នាំ ២០១៩ ធ្លាប់វាយប្រហារទីក្រុងប៉េកាំងតាម «របៀបស្លូតបូត» ការតស៊ូមតិឯករាជ្យការបំផ្លាញសហគមន៍ហុងកុង សហគមន៍ ការអំពាវនាវឱ្យមានទណ្ឌកម្មបរទេស ឬសន្តិសុខជាតិដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិសុទ្ធតែជាអ្នកមិនស្មោះត្រង់។
ទោះយ៉ាងណាក្ដី គេនៅមិនទាន់ដឹងថា និយមន័យ «ស្នេហាជាតិ» នេះនឹងមានន័យទូលំទូលាយដល់កម្រិតណា ឬអ្នកណានឹងទទួលខុសត្រូវចំពោះការកំណត់និយមន័យទាំងនោះនៅឡើយទេ។
លោក Ronny Tong Kawah សមាជិកក្រុមប្រឹក្សាប្រតិបត្តិបានមានប្រសាសន៍ថា៖ «អ្នកស្នេហាជាតិ» ក្នុងន័យនយោបាយអាចត្រូវបានកំណត់ដោយស្របច្បាប់។ «ពាក្យនេះ គឺសំដៅដល់អ្នកធ្វើសម្បថហើយ។ នេះបើយោងតាមការធ្វើវិសោធនកម្មរបស់រដ្ឋាភិបាលកាលពីថ្ងៃអង្គារលើមាត្រា ១០៤ នៃច្បាប់ជាមូលដ្ឋាននៃការធ្វើសច្ចាប្រណិធាន និងការធ្វើសេចក្ដីប្រកាស។
សេចក្ដីលម្អិតទាក់ទិននឹងច្បាប់នេះត្រួសៗរួមមាន ចំពោះអ្នកដែលត្រូវបានគេរកឃើញថា បានរំលោភលើសម្បថនឹងត្រូវរង់ចាំការកាត់ក្ដីពីតុលាការថា តើត្រូវដកហូតសិទ្ធិអំណាច ឬអត់។ ប្រសិនបើត្រូវជាដកហូតបុគ្គលនោះនឹងមិនអាចឈរឈ្មោះក្នុងតំណែងក្នុងរយៈពេល ៥ ឆ្នាំ (ដែលជារយៈពេលមួយអាចធ្វើឱ្យបេក្ខជនខកខានអាណត្តិបោះឆ្នោតដល់ទៅ ២ ដង)។
ដោយឡែកសម្រាប់អ្នកដែលតស៊ូមតិ ឬគាំទ្រឯករាជភាពហុងកុង ឬបដិសេធមិនទទួលស្គាល់អធិបតេយ្យភាពរបស់ចិនលើហុងកុង ឬចាប់ផ្ដើមអនុវត្តអធិបតេយ្យភាពបែបនេះអាចត្រូវបានដកហូតតំណែងតែម្ដង បើយោងតាមការធ្វើវិសោធនកម្មដែលបានស្នើឡើង។
ច្បាប់នេះ ក៏បានហាមឃាត់ផងដែរនូវសកម្មភាពនានាដែលរួមមានការប្រឆាំងនឹងច្បាប់របស់រដ្ឋាភិបាលដោយមិនគិតពីទំនោរខាងណាការជំរុញឱ្យប្រធានក្រុមប្រឹក្សាណាមួយឱ្យចុះចេញពីតំណែង និងរៀបចំ «ក្លែងសន្លឹកឆ្នោត» ជាដើម។ បន្ថែមពីនេះ ទាក់ទិននឹងការជេរប្រមាថ ឬប្រមាថទង់ជាតិហុងកុង និងចិន បទចម្រៀងជាតិ ឬនិមិត្តសញ្ញាជាតិណាមួយផ្សេងទៀត ក៏រាប់ជាការរំលោភបំពាន ដែលបង្កឱ្យមានការដកហូតតំណែងដែរ៕