ក្រុងហុងកុងៈ ក្រុងហុងកុងកំពុងទប់ទល់ជាមួយក្រុមបាតុកម្មទ្រង់ទ្រាយធំមួយទៀតប្រឆាំងរដ្ឋាភិបាលកាលពីរសៀលថ្ងៃអាទិត្យ ដោយមើលឃើញថានឹងគ្មានការបញ្ចប់ភាពចលាចលដែលកំពុងហ៊ុមព័ទ្ធមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដែលបង្កឡើងដោយកំហឹងកាន់តែខ្លាំងឡើងអស់រយៈពេលជាច្រើនឆ្នាំ ជុំវិញការគ្រប់គ្រងរបស់ក្រុងប៉េកាំង។
ក្រុងនេះ បានធ្លាក់ចូលទៅក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងររបស់ខ្លួនក្នុងប្រវត្តិសាស្ត្រថ្មី ដែលបានបង្កឡើងដោយការតវ៉ាអស់ជាច្រើនសប្តាហ៍ និងការប្រឈមមុខដាក់គ្នាដោយហិង្សារវាងប៉ូលិស និងក្រុមអ្នកតវ៉ា។
ការតវ៉ាដំបូង ត្រូវបានធ្វើឡើងដោយសារការព្យួរច្បាប់បច្ចុប្បន្ន ដែលបានអនុញ្ញាតធ្វើបត្យាប័នទៅឲ្យប្រទេស ចិនដីគោក។
ប៉ុន្តែចាប់តាំងពីពេលនោះមក ពួកគេបានផ្លាស់ប្តូរឲ្យទៅជាចលនាកាន់តែធំឡើង ដែលបានអំពាវនាវឲ្យធ្វើកំណែទម្រង់តាមបែបប្រជាធិបតេយ្យ ឲ្យមានការបោះឆ្នោតជាសកល និងមិនត្រូវបិទសិទ្ធិសេរីភាពនៅក្នុងទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុពាក់កណ្តាលស្វយ័តមួយនេះទេ។
នៅក្នុងទីក្រុងដែលមិនធ្លាប់មានចលាចលពីមុនមកនោះ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូ ចំណែកសភាវិញ បានរងការបំផ្លិចបំផ្លាញដោយក្រុមអ្នកតវ៉ាទាំងនោះ ខណៈដែលអាជ្ញាធរក្រុងប៉េកាំង បានប្រឈមមុខជាមួយក្រុមបាតុករយ៉ាងខ្លាំងរបស់ខ្លួនចាប់តាំងពីក្រុងហុងកុង ត្រូវអង់គ្លេសប្រគល់ទៅឲ្យចិនដីគោកគ្រប់គ្រងវិញនៅឆ្នាំ ១៩៩៧។
ការប្រមូលផ្តុំកាលពីថ្ងៃអាទិត្យ ដែលនឹងត្រូវធ្វើឡើងតាមដងផ្លូវសំខាន់ៗនៅទូទាំងក្រុងហុងកុង ហើយក៏ជាការប្រមូលផ្តុំនៅសប្តាហ៍ទី៧ ជាប់គ្នាដែលក្រុមអ្នកតវ៉ាយ៉ាងច្រើនបានចេញមកធ្វើបាតុកម្ម។
ជាទូទៅ ការហែក្បួនតវ៉ាបានធ្វើឡើងដោយសន្តិភាព ប៉ុន្តែការប៉ះទង្គិចដោយហិង្សារវាងក្រុមបាតុករ និងប៉ូលិស តែងតែកើតមាន។
សន្តិសុខ ត្រូវបានរឹតបន្តឹងនៅកណ្តាលក្រុងនេះ ដោយផ្លូវដែលក្រុមអ្នកតវ៉ាប្រើប្រាស់ត្រូវបានបិទមិនឲ្យធ្វើដំណើរ នៅមុនការហែក្បួនតវ៉ាចាប់ផ្តើម៕ AFP/SK