កាលពី​ថ្ងៃ​ពុធ ទី២៧ មករា រដ្ឋាភិបាល​អាមេរិក​បាន​ព្រមាន​ថា សហរដ្ឋអាមេរិកអាច​ប្រឈមមុខ​នឹង​អំពើហិង្សា​ជ្រុលនិយម បន្ទាប់ពី​ធ្លាប់មាន​ការវាយលុក​នៅ​កា​ពី​តូ​ល​កាលពីដើម​ខែមករា។

ក្រសួង​សន្តិសុខ​ជាតិ​អាមេរិកបាន​និយាយ​ថា ព័ត៌មាន​បានបង្ហាញ​ពី​មនោគម​ន៍​វិជ្ជា​មួយចំនួន​ដែល​ជំរុញឱ្យមាន​ក្រុម​ជ្រុលនិយម​ហិង្សា​មានការ​ជំទាស់​ទៅនឹង​ការអនុវត្ត​សិទ្ធិអំណាច​រដ្ឋា​ភិបាល និង​ការផ្លាស់ប្តូរ​ប្រធានាធិបតី។

ក្រៅពី​ការផ្ទេរ​សិទ្ធិអំណាច​ប្រ​ធានា​ធិ​បតី​ក៏មាន​ការយល់ឃើញ​ផ្សេងទៀត​អំពី​ការជំរុញ​ដោយ​អត្ថបទ​មិន​ពិត​ ដែល​ធ្វើឱ្យ​មានការ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើហិង្សា។

ការព្រមាន​នេះ​មិនមាន​ការបញ្ជាក់​ឈ្មោះ​ក្រុម​ណា​ជាក់លាក់ ដែល​អាច​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​នាពេល​អនាគត​នោះទេ។ ប៉ុន្តែ​ការព្រមាន​នេះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា មានការលើកទឹកចិត្ត​ក្នុងការ​បង្កឱ្យមាន​អំពើហិង្សា​ណាមួយ​ដោយសារ​ការមិន​ពេញចិត្តនឹង​ការផ្លាស់ប្តូរ​ប្រធានាធិបតី​កាលពី​ពេលថ្មីៗនេះ។ ការព្រមាន​នេះ​ជាការជូនដំណឹង​អំពី​ការវាយប្រហារ​ណាមួយ​ដែល​អាច​កើតមានឡើង​មិនមែន​បញ្ជាក់​ពី​ការវាយប្រហារ​ណាមួយ​នា​ពេលអនាគត​ឡើយ។

កាលពី​ថ្ងៃទី ២៧ មករា មន្ត្រី​ស៊ើបការណ៍​សម្ងាត់​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​សេចក្តីប្រកាស​នេះ​បាន​និយាយថា ការសម្រេចចិត្ត​ចេញ​សេចក្តីថ្លែងការណ៍​នេះ​ត្រូវបាន​ជំរុញ​ដោយ​ការសន្និដ្ឋានរបស់​ក្រសួង។

ក្រសួង​បាន​សន្និដ្ឋានថា ការឡើង​កាន់តំណែងរ​ប​ស់លោក ​Joe Biden អាចធ្វើឱ្យ​ក្រុម​ជ្រុលនិយម​យល់ឃើញថា មាន​ភាពមិន​សុក្រឹត​នៅពេល​បោះឆ្នោត។ ក្រសួង​ក៏បាន​លើកឡើង​ពី​ការរើសអើង​ជាតិ​សាសន៍​ដែលមាន​ជា​យូរ​មកហើយ​រាប់បញ្ចូល​ទាំង​ការ​ប្រឆាំងនឹង​ការធ្វើ​អន្តោប្រវេសន៍​ចូលក្នុង​ប្រទេស​អាមេរិក​ដែល​អាច​នាំឱ្យមាន​ការមិន​ពេញចិត្ត​ពី​សំណាក់​ក្រុម​ជ្រុលនិយម។

ក្រសួង​ខាងលើ​បាន​ព្រមាន​ថា ការវាយលុក​នៅ​វិមាន​កា​ពី​តូ​លអាច​ជំរុញ​ឱ្យ​ក្រុម​ជ្រុលនិយម​ក្នុងស្រុក​វាយប្រហារ​ទៅលើ​មន្ត្រី​ជាប់ឆ្នោត​ឬ​អគារ​រដ្ឋា​ភិបាល​ផ្សេងទៀត។ ក្រសួង​ជាធម្មតា​ចេញ​សេចក្តីប្រកាស​តែ ១ ឬ ២ ប៉ុណ្ណោះ​ក្នុង ១ ឆ្នាំ។ សេចក្តីប្រកាស​ភាគច្រើន​បាន​ព្រមាន​ពី​ការគំរាមកំហែង​ពី​ក្រុម​ភេរវករ​បរទេស។

មន្ត្រី​ស៊ើបការណ៍​សម្ងាត់​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ទាក់ទង​នឹង​សេចក្តីប្រកាស​នេះ​ថា ការព្រមាន​ជា​សាធារណៈ​នេះ​គួរតែ​ត្រូវ​បានប្រកាស​នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ ២០២០។ នៅពេលដែល​លោក Trump កំពុងធ្វើការ​ចោទប្រកាន់​ពី​ការបោះឆ្នោត ហើយ​ក្រុម​ស្តាំនិយម​នៅតែ​ជឿ​ទៅលើ​ព័ត៌មានមិន​ពិត​នេះ។

កាលពី​លោក ​Trump បាន​ចោទប្រកាន់​ថា ការបោះឆ្នោត​អាណត្តិ​នេះ​មានការ​ក្លែងបន្លំ​សន្លឹកឆ្នោត​លោក​ក៏បាន​ព្យាយាម​បណ្តេញ​មន្ត្រី​ក្រសួង​មួយចំនួន​ដែល​លោក​គិតថា​មិន​នៅ​ខាង​លោក។ នេះ​រាប់បញ្ចូល​ទាំង​លោក​Christopher Krebs ប្រធាន​ទី​ភ្នា​ក់ងារ​សន្តិសុខ​តាម​អ៊ីន​ធឺ​ណិ​ត​បន្ទាប់ពី​គណៈកម្មាធិការ​ត្រួតពិនិត្យ​ការបោះឆ្នោត​បានប្រកាសថា ការបោះឆ្នោត​នេះ​មិន​មានការ​ក្លែងបន្លំ​សន្លឹកឆ្នោត។ ទីភ្នាក់ងារ​នេះ​មិន​បានចេញ​ការព្រមាន​ណាមួយ​ទៅកាន់​ទីភ្នាក់ងារ និង​រដ្ឋ​ពី​អំពើហិង្សា​ដែល​អាច​កើតមានឡើង។

អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​ដែល​គណបក្ស​សាធារណរដ្ឋ និង​អង្គជំនុំជម្រះ​សំឡេង​ខាង​ស្តាំនិយម​និយាយថា អ្នកប្រជាធិបតេយ្យ​ជាការ​គំរាមកំហែង និង​ជា​គូប្រជែងនយោបាយ៕