ក្រុង​ទ្រី​ប៉ូលីៈ​ រដ្ឋាភិបាល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​ បាន​ថ្លែង​ថា ​មនុស្ស​យ៉ាង​តិច ​៣២ ​នាក់ ​បាន​ស្លាប់ ​ហើយ​ប្រហែល ​៥០ ​នាក់​ទៀត​ បាន​រង​របួស​ នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​កង​កម្លាំង​របស់​បុរស​ខ្លាំង​ គឺ​លោក​ Khalifa​ Haftar​ នៅ​ក្បែរ​ក្រុង​ទ្រីប៉ូលី​។​

ក្រសួង​សុខាភិបាល ​លោក ​A''hmid Omar ​ បាន​ធ្វើ​បច្ចុប្បន្នភាព​ពី​​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​បទសម្ភាស​មួយ ​ជាមួយ​ស្ថានីយ​ទូរទស្សន៍ ​Al-Ahrar​ របស់​លីប៊ី​ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​។​ កង​កម្លាំង​របស់​លោក​ Khalifa Haftar​ រហូត​មក​ទល់​ពេល​នេះ ​បាន​ថ្លែង​ថា ​យុទ្ធជន​របស់​ពួក​គេ​ចំនួន ​១៤ ​នាក់​ បាន​ស្លាប់​។​

ការ​ប៉ះទង្គិច​យ៉ាង​ខ្លាំង ​​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ នៅ​ក្បែរ​ក្រុង​ទ្រីប៉ូលី​រវាង​ក្រុម​យុទ្ធជន​គាំទ្រ ​លោក ​Haftar​ និង​កង​កម្លាំង​ស្មោះត្រង់​នឹង​រដ្ឋាភិបាល​សម្រប​សម្រួល​ជាតិ ​ដែល​បាន​ទទួល​ស្គាល់​ដោយ​អន្តរជាតិ ​(GNA)​។​

ភាគី​ទាំង ​២ ​នោះ​ បាន​​វាយ​ប្រហារ​ផ្លូវ​អាកាស​ទៅ​វិញ​ទៅ​មក​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ​ក្រោយ​ពី​លោក​ Haftar ​ដែល​បាន​គាំទ្រ​រដ្ឋាភិបាល​មួយ​នៅ​លីប៊ី​ភាគ​ខាង​លិច​ ដែល​បាន​ប្រឆាំង​រដ្ឋាភិបាល​ GNA​​ ​បាន​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ដណ្តើម​ទីក្រុង​នេះ​មក​កាន់កាប់​​។

ការ​ប៉ះទង្គិច​គ្នា​នោះ​ បាន​កើត​ឡើង​ ទោះ​បី​ជា​មាន​ការ​អំពាវនាវ​ពី​អង្គការ​សហ​ប្រជាជាតិ​ និង​អាមេរិក​ឲ្យ​មាន​បទ​ឈប់​បាញ់​​ជា​បន្ទាន់​​ក្តី​។​

កង​កម្លាំង​គាំទ្រ​រដ្ឋាភិបាល​ GNA​ កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​ប្រកាស​វាយ​បក​វិញ​ទ្រង់ទ្រាយ​ធំ​ ដែល​ត្រូវ​បាន​គេ​​ដាក់​ឈ្មោះ​ថា ​«​​​ភ្នំ​ភ្លើង​កំហឹង​» ​នោះ​។

អ្នក​នាំពាក្យ​លោក​វរសេនីយឯក Mohamed Gnounou​ បាន​ថ្លែង​ថា​ ប្រតិបត្តិការ​នោះ ​ត្រូវ​បាន​ធ្វើ​ឡើង ​ដើម្បី ​បោស​សម្អាត​ ក្រុម​អ្នក​ឈ្លាន​ពាន​ក្រុង​នេះ​​ និង​កង​កម្លាំង​ខុស​ច្បាប់​ទាំង​នោះ»​ គឺ​ចង់​និយាយ​សំដៅ​ទៅ​លើ​ក្រុម​យុទ្ធជន​​របស់​លោក Haftar។​

ប្រទេស ​លីប៊ី ​ត្រូវ​បាន​ពុះ​ច្រៀក​ដោយ​ការ​បែងចែក​ជា​ច្រើន​ក្រុម​ ចាប់​តាំង​ពី​មាន​ការ​បះបោរ​គាំទ្រ​ដោយ​អង្គការ​ណាតូ​កាល​ពី​ឆ្នាំ ​២០១១ ​ដែល​បាន​សម្លាប់​ជន​ផ្តាច់​ការ​ លោក​ ហ្គាដាហ្វី ​​នោះ​មក​ ដោយ​មាន​រដ្ឋាភិបាល​គូប​ដិបក្ខ​ និង​ក្រុម​ប្រដាប់​អាវុធ​ជា​ច្រើន​ក្រុម​ ដែល​ប្រជែង​ដណ្តើម​អំណាច​គ្នា ​និង​គ្រប់គ្រង​​អណ្តូង​ប្រេង​របស់​ប្រទេស​នេះ​។​

ការ​វាយ​លុក​​ទ្រង់ទ្រាយ​ធំ​របស់​លោក​ Haftar ​បាន​គំរាម​កំហែង​ឲ្យ​ប្រទេស លីប៊ី ធ្លាក់​ចូល​ទៅ​​ក្នុង​ភ្លើង​សង្គ្រាម​ស៊ីវិល​យ៉ាង​ពេញ​ទំហឹង​ ហើយ​​កិច្ច​ខិតខំ​ប្រឹងប្រែង​តាម​ផ្លូវ​ការ​ទូត​ បាន​បរាជ័យ​មិន​បាន​ស្វែងរក​ដំណោះស្រាយ​ជូន​ដល់​ប្រជាជន​លីប៊ី​ស្លូត​ត្រង់​ទាំង​នោះ​ទេ៕​ AFP/SK