ក្រុង​ទ្រីប៉ូលី៖ ​រដ្ឋាភិបាល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​លីប៊ី​ កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ថ្កោល​ទោស​ការ​លួច​ឆ្មក់​វាយ​ប្រហារ​ផ្លូវ​អាកាស​នៅ​ពេល​យប់ ​ប្រឆាំង​ការ​ដណ្តើម​កាន់​កាប់​​មូលដ្ឋាន​ទ័ព​អាកាស​យុទ្ធសាស្ត្រ​មក​គ្រប់គ្រង​វិញ​ នៅ​ក្នុង​ប្រទេស​លីប៊ី​ភាគ​ខាង​លិច​ ដោយ​បាន​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ​បើក​ការ​វាយ​ប្រហារ​ដោយ ​«​កង​កម្លាំង​ទ័ព​អាកាស​បរទេស​» ​នៅ​ទីនោះ​។​

កងកម្លាំង​ស្មោះត្រង់​ជាមួយ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ ​(GNA)​ បាន​ដណ្តើម​​យក​មូលដ្ឋាន​ទ័ព​អាកាស​ អាល់វ៉ាទីយ៉ា​​ ដែល​មាន​ចម្ងាយ ​១៤០ ​គីឡូម៉ែត្រ​ពី​ទីក្រុង​ទ្រីប៉ូលី​ភាគ​និរតី​ ពី​កង​កម្លាំង​​សម្ព័ន្ធ​មិត្ត​របស់​​បុរស​ខ្លាំង​ហ្គាលីហ្វា​ ហាហ្វតារ​ភាគ​ខាង​កើត​ ​មក​កាន់​កាប់​​ និង​គ្រប់គ្រង​វិញ។

កង​កម្លាំង​របស់​លោក ហ្គាលីហ្វា ហាហ្វតារ​ បាន​ចោទ​ប្រកាន់​ប្រទេស​តួក​គី​ ជា​អ្នក​គាំទ្រ​កង​កម្លាំង ​GNA​ យ៉ាង​​សំខាន់​បាន​ប្រើប្រាស់​មូលដ្ឋាន​នោះ ​ជា​បន្ត​បន្ទាប់​ ដើម្បី​ជួយ​កងកម្លាំង​ស្មោះ​ត្រង់ ​GNA ​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​វាយ​លុក​ទ្រង់ទ្រាយ​ធំ​មួយ​ទៅ​លើ​បុរស​ខ្លាំង ​ដែល​បាន​បើក​ការ​វាយ​ប្រហារ​ប្រឆាំង​ក្រុង​ទ្រីប៉ូលី​កាល​ពី​ខែ​មេសា​ ឆ្នាំ ​២០១៩ ​កន្លង​ទៅ​នោះ​។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​កងកម្លាំង ​GNA ​គឺ​លោក ​សាឡាហ៍ ​ណាម​រូសហ៍​ បាន​ថ្លែង​ថា៖ ​«​ការ​ឆ្មក់​វាយ​ប្រហារ​នៅ​ពេល​យប់ ​ប្រឆាំង​មូលដ្ឋាន​ទ័ព​អាកាស​អាល់វ៉ាទីយ៉ា​នោះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កងកម្លាំង​ទ័ព​អាកាស​បរទេស​នៅ​ក្នុង​ការ​គាំទ្រ​ឧក្រិដ្ឋជន​សង្គ្រាម​​ ហើយ​​ព្យាយាម​លើក​​ទឹក​ចិត្ត​​ឲ្យ​ការ​វាយប្រហារ​ទទួល​បាន​ជោគ​ជ័យ​​»​៕ AFP/SK