ប្រធានាធីបតីប្រទេសគុយបាលោក Raul Castro មានវ័យ ៨៩ ឆ្នាំ ប្រកាសចូលនិវត្តន៍ក្រោយកាន់តំណែងជាង ៦ ទសវត្សរ៍ ដោយប្រគល់តួនាទីឱ្យប្រធានបក្សកុម្មុយនីស្តគុយបា ជ្រើសរើសមេដឹកនាំថ្មីក្នុងអំឡុងពេលប្រជុំសមាជខ្លួនកាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ។
នៅក្នុងសុន្ទរកថាក្នុងកិច្ចប្រជុំ ដែលប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ លោក Castro បាននិយាយថា អ្នកដឹកនាំថ្មីត្រូវតែជា អ្នកស្មោះត្រង់នឹងគណបក្ស និងមានបទពិសោធជាច្រើនទសវត្សរ៍ និងត្រូវតែជាបុគ្គលដែល «មានឆន្ទៈ និងស្មារតីប្រឆាំងនឹងចក្រពត្តិនិយម»។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៨ លោកធ្លាប់បានប្រគល់តំណែងជាប្រធានាធិបតីដល់ឧបការី Miguel Diaz-Canel មានវ័យ ៦០ ឆ្នាំ ដែលជាអ្នកដឹកនាំគណបក្សនៅខេត្តចំនួន ២ រួចមកហើយ មុនពេលចូលកាន់តំណែងក្នុងជួររដ្ឋាភិបាល។
ប៉ុន្តែ មេដឹកនាំជំនាន់ថ្មីបានជួបប្រទះឧបសគ្គជាច្រើន ជាពិសេសក្រោយប្រទេសគុយបាប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតចាប់តាំងពីមានការដួលរលំនៃអតីតអ្នកទទួលបានផលប្រយោជន៍ពីសហភាពសូវៀត បូកផ្សំជាមួយនឹងការមិនពេញចិត្តពីសំណាក់ប្រជាជនគុយបាវ័យក្មេងផងនោះ។
នៅថ្ងៃដដែលនេះលោក Castro ក៏បានសាទររូបលោក Diaz-Canel ដែលជាមេដឹកនាំជំនាន់ថ្មីមួយរូប ដែលលោកបានជ្រើសរើសក្នុងចំណោមអ្នកដឹកនាំជាច្រើននាក់ទៀត។
ដោយឡែកក្រុមអ្នកវិភាគនិយាយថា មេដឹកនាំថ្មីរបស់ប្រទេសគុយបាប្រឈមមុខនឹងសម្ពាធក្នុងការពន្លឿនការកែទម្រង់ថ្មី ជាពិសេសការផ្លាស់ប្តូរសេដ្ឋកិច្ច ដែលជាបំណងធំបង្អស់ របស់ប្រជាជន ជាពិសេសប្រជាជនគុយបាវ័យក្មេងដែលកំពុងតែជួបប្រទះវិបត្តិសេដ្ឋកិច្ចក្នុងកំឡុងពេលជំងឺឆ្លងសកលនេះ។
ការរឹតបន្តឹងការធ្វើពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិករាប់ទសវត្សរ៍ បូកផ្សំជាមួយនឹងការរីករាលដាលនៃជំងឺកូវីដនេះ បានធ្វើឱ្យប្រទេសគុយបាជួបនឹងវិបត្តិលំហូរសាច់ប្រាក់ជាដើម។ បន្ថែមពីនេះ ប្រទេសនេះក៏ជួបប្រទះនឹងវិបត្តិនៃកង្វះ ទំនិញមូលដ្ឋាន ដែលតម្រូវឱ្យប្រជាជនត្រូវតម្រង់ជួរគ្នារាប់ម៉ោង ដើម្បីបានទិញគ្រឿងទេស និងសម្ភារៈប្រើប្រាស់មូលដ្ឋានផ្សេងៗផងដែរ។
លោក Richard Feinberg សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ University of California San Diego និងជាអ្នកនិពន្ធសៀវភៅស្ដីអំពីសេដ្ឋកិច្ចរបស់គុយបាបាននិយាយថា៖ «វាអាចនឹងទៅរួច ដែលសេដ្ឋកិច្ចប្រទេសនេះបោះជំហានរក «សេដ្ឋកិច្ចសង្គម ដែលផ្តោតលើទីផ្សារ» ដោយសារប្រព័ន្ធនៃសេដ្ឋកិច្ចប្រទេសនេះ គ្រប់គ្រងដោយរដ្ឋ និងមានបទប្បញ្ញត្តិរឹងមាំ ដែលមានស្រាប់ ដោយវិស័យឯកជនក៏កំពុងតែរីកចម្រើន និងរីកលូតលាស់ទៅមុខផងដែរ។
ប៉ុន្តែ សមាជបច្ចុប្បន្នត្រូវការឆ្លើយតបទៅនឹងភាពបន្ទាន់ ដែលកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ និង បង្ហាញនូវភាពយ៉ាងម៉ឺងម៉ាត់អំពីការបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់សហគ្រាសឯកជនខ្នាតតូច និងមធ្យម ដែលអនុញ្ញាតឱ្យការផ្ទេរប្រាក់ពីក្រៅប្រទេស និងលុបបំបាត់ចោលច្បាប់តឹងរ៉ឹង ចំពោះវិនិយោគបរទេសជាដើម៕