
ស្ថានទូតអាមេរិកប្រចាំនៅក្នុងក្រុងឡាហាវ៉ាននៃប្រទេសគុយបា។ រូបថត AFP
របាយការណ៍ថ្មីមួយរបស់គណៈកម្មាធិការជាតិវិទ្យាសាស្ត្រចេញផ្សាយកាលពីថ្ងៃសៅរ៍ បានរកឃើញថា ឥទ្ធិពលមីក្រូវ៉េវសកម្ម «ផ្ទាល់» ទំនងជាមូលហេតុនៃការវាយប្រហារអ្នកការទូតអាមេរិកនៅប្រទេសគុយបា និងប្រទេសចិន។
ការសិក្សាមួយទទួលបន្ទុកដោយក្រសួងការបរទេសបានចេញផ្សាយក្នុងន័យស្វែងរកមូលហេតុចុងក្រោយបង្អស់នៃការបង្កឱ្យមានរបួសដល់ខួរក្បាលដោយអាថ៌កំបាំង ដែលបានចាប់ផ្តើមលេចករណីឡើងជាបន្តបន្ទាប់ចាប់តាំងពីចុងឆ្នាំ ២០១៦ មកដែលកើតឡើងក្នុងចំណោមបុគ្គលិកការទូតអាមេរិកនៅឡាហាវ៉ាន។
របាយការណ៍បានឲ្យដឹងថា៖ «សរុបមកថាមពលវិទ្យុអេឡិចត្រូនិក (radio frequency) ជាពិសេសនៅក្នុងព្រឹត្តិការណ៍កើតឡើងដំបូងបង្អស់ ហាក់ដូចជាកត្តាមួយដែលអាចជឿទុកចិត្តបានបំផុតក្នុងការពន្យល់អំពីករណីវាយប្រហារទាំងអស់នេះក្នុងចំណោមកត្តាផ្សេងៗដែលគណៈកម្មាធិការបានលើកឡើង»។
របាយការណ៍បានបន្ថែមទៀតថា គេបានចាត់ទុកព្រឹត្តិការណ៍វាយប្រហារទាំងអស់នេះថា ជាឧប្បត្តិហេតុដែលបណ្ដាលឱ្យមានការវិលមុខដែលគ្រាន់តែជាអាការបន្ទាប់បន្សំដែលអាចកើតមានចំពោះជនរងគ្រោះក្នុងចំណោមអាការផ្សេងៗទៀតប៉ុណ្ណោះ។
ទោះបីជារបាយការណ៍មិនបានសន្និដ្ឋានថា ការប្រើប្រាស់ថាមពលមីក្រូវ៉េវដោយផ្ទាល់ដើម្បីវាយប្រហារនេះជាការធ្វើដោយចេតនាក៏ដោយ ប៉ុន្តែរបាយការណ៍បានសរសេរថា សកម្មភាពបែបនេះ គឺអាចធ្វើឡើងក្នុងគោលបំណងធ្វើអំពើឧក្រិដ្ឋកម្ម។
«ការពិចារណាដោយប្រើសេណារីយោបែបនេះ បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងទៅដល់ពិភពលោក ខណៈដែលឧបករណ៍ថ្មីទាំងនេះ អាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ប្រសិនបើរដ្ឋាភិបាលសហរដ្ឋអាមេរិកមិនទាន់បានរកឃើញពីមូលហេតុ និងវិធីគ្រប់គ្រងវាបានទេ វាអាចនឹងបង្កការគំរាមកំហែងដោយឯកឯង»។ នេះបើតាមរបាយការណ៍។
របាយការណ៍បានឱ្យដឹងទៀតថា កត្តាផ្សេងៗដែលគណៈកម្មាធិការបានលើកឡើងរួមមានការប៉ះពាល់គីមី ជំងឺឆ្លង និងបញ្ហាផ្លូវចិត្តជាច្រើនទៀត ក៏អាចជាបុព្វហេតុសំខាន់ ឬកត្តាដែលធ្វើឱ្យអាការអ្នករងរបួសកាន់តែធ្ងន់ធ្ងរ ប៉ុន្តែបើយោងតាមការវិភាគជាទូទៅបានបង្ហាញថា កត្តាទាំងអស់នេះមិនមែនជាបុព្វហេតុ ដែលអាចកើតមានឡើយ។
ក្រុមអ្នកស្រាវជ្រាវចំនួន ១៩ នាក់ដែលសរសេររបាយការណ៍នេះឡើង បានបង្ហាញពីលទ្ធផលនៃការវិភាគខួរក្បាលរបស់លោក Mark Lenzi អ្នកការទូតអាមេរិក ដែលបានឈរជើងនៅក្វាងចូវ ប្រទេសចិន កាលពីឆ្នាំ ២០១៧ នៅពេលដែលគាត់ចាប់ផ្តើមមានរោគសញ្ញាចម្លែកៗដែលពិបាកពន្យល់បានដូចជាឈឺក្បាលពិបាកអានឆាប់ខឹងក៏ដូចជាបញ្ហាការចងចាំ និងពិបាកគេងផងដែរ។
វេជ្ជបណ្ឌិតម្នាក់បាននិយាយថា ក្នុងចំណោមការស្រាវជ្រាវដោយប្រើប្រាស់បច្ចេកទេស MRI ទីតាំងលើខួរក្បាលចំនួន ២០ កន្លែង ដែលមានបរិមាណខុសពីធម្មតារួមទាំងតំបន់ដែលពាក់ព័ន្ធនឹងផ្នែកចងចាំផ្នែកបញ្ជាអារម្មណ៍ និងផ្នែកបញ្ជាសកម្មភាព ដែលអាចទាក់ទងនឹងរោគសញ្ញារបស់លោក Lenzi។ ក្នុងចំណោមតំបន់នៅលើខួរក្បាលទាំង ១០៧ កន្លែងគេបានរកឃើញតំបន់ចំនួន ៣ ដែលមានបរិមាណច្រើនជាងគេ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ផ្នែកនៃខួរក្បាល ដែលមានបរិមាណតិចអាចមានន័យថា ខួរក្បាលកំពុងរងរបួសខួរក្បាលហើយចំណែក ឯផ្នែកដែលមានបរិមាណច្រើន អាចជាភ័ស្តុតាងបញ្ជាក់ថា ផ្នែកផ្សេងទៀតនៃខួរក្បាលរបស់គាត់ជាអ្នកផ្ទេរទៅ។
ការវាយប្រហារដែលត្រូវបានគេចងក្រងជាឯកសារភាគច្រើនបានកើតឡើងនៅក្នុងឆ្នាំ ២០១៦ និងឆ្នាំ ២០១៧ ហើយក៏មានឧប្បត្តិហេតុមួយចំនួនតូចត្រូវបានរាយការណ៍បន្ទាប់ពីនោះផងដែរ។ តួយ៉ាងកាលពីឆ្នាំ ២០១៨ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតបានសម្រុកចូលអគារផ្សេងៗ ដែលជាកន្លែងដែលបុគ្គលិកការទូតបានជួបប្រទះនឹងសំឡេងដែលគេប្រើប្រាស់សម្រាប់វាយប្រហារនេះ ប៉ុន្តែមិនបានឃើញឧបករណ៍ណាមួយបានបំពាក់នៅទីនោះទេ។
ព្រឹត្តិការណ៍នេះបានបង្កឱ្យមានការអនុវត្តច្បាប់ដោយជឿជាក់ថា ការរងរបួសពីការវាយប្រហារដោយអាថ៌កំបាំងនេះ គឺជាឥទ្ធិពលនៃមីក្រូវ៉េវសកម្ម ដែលត្រូវបានគេដាក់ចេញពីទីតាំងក្បែរនោះ "សំឡេង" ដែលគេឮពេលនោះ គ្រាន់តែជាមធ្យោបាយលាក់បាំងការវាយប្រហារដោយប្រើឥទ្ធិពលមីក្រូវ៉េវប៉ុណ្ណោះ។
មន្ត្រីរូបនោះបាននិយាយថា នោះគ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះ ហើយមិនមានភ័ស្តុតាងជាក់ស្តែងណាមួយដើម្បីគាំទ្រវាទេ។ ទោះយ៉ាងណាការស្កេនខួរក្បាលទៅលើបុគ្គលិក ដែលរងរបួសបានបង្ហាញពីការផ្លាស់ប្តូរមួយ ដែលចង្អុលបង្ហាញពីកន្លែងដែលទទួលរងការខូចខាតលើខួរក្បាល។
មន្ត្រីគុយបាបានបដិសេធជារៀងរាល់ដងថា រដ្ឋាភិបាលរបស់ពួកគេមិនមានជាប់ពាក់ព័ន្ធនឹងបញ្ហាដែលធ្វើឱ្យខូចសុខភាពរបស់អ្នកការទូតទេ ហើយបាននិយាយថា បញ្ហាស្មារតី និងផ្លូវចិត្តទេ ដែលជាបុព្វហេតុដែលធ្វើឱ្យមានរឿងនេះកើតឡើង។
ភាពស្មុគស្មាញនៃការវាយប្រហារនេះ បានធ្វើឱ្យមន្រ្តីអាមេរិកសង្ស័យថា ប្រទេសទី៣ ដែលអាចជាប់ពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ ប៉ុន្តែពួកគេមិនទាន់ឈានដល់ការសន្និដ្ឋាននៅឡើយទេ។
កាលពីខែសីហា ឆ្នាំ ២០១៧ មន្រ្តីទាំងនោះបានរាប់បញ្ចូលប្រទេសរុស្ស៊ី ក្នុងចំណោមបញ្ជីប្រទេសដែលមានទំនាក់ទំនងផ្ទុយជាមួយសហរដ្ឋអាមេរិក ដែលមូលហេតុនេះហើយទើបអ្នកស៊ើបអង្កេតអាមេរិកសង្ស័យប្រទេសនេះថា នឹងអាចជាប់ពាក់ព័ន្ធ។
មន្រ្តីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយនៅពេលនោះថា ប្រទេសរុស្ស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលបានប្រើប្រាស់បច្ចេកវិទ្យាមីក្រូវ៉េវពីមុនមក ហើយទ្រឹស្តីមួយក្នុងចំណោមអ្នកស៊ើបអង្កេតបាននិយាយថា មន្រ្តីស៊ើបការណ៍គុយបា ដែលមានល្បិចមួយចំនួនបានធ្វើការជាមួយប្រទេសរុស្ស៊ី ពីព្រោះពួកគេមិនសប្បាយចិត្តនឹងការធ្វើការទូតរវាងសហរដ្ឋអាមេរិក និងគុយបា៕