ក្រុង​ស្តុកហូលម៍៖ ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ក្រុម​ប្រទេស​មហា​អំណាច​បន្ត​ធ្វើ​ទំនើបកម្ម​ឃ្លាំង​អាវុធ​របស់​ពួក​គេ​ ដោយ​បាន​ព្រមាន​ថា ​ភាព​តានតឹង​បាន​កើត​ឡើង ​និង​ទស្សន​វិស័យ​សម្រាប់​ការ​គ្រប់គ្រង​អាវុធ ​«មិន​ច្បាស់​លាស់​»។

លោក​ Shannon Kile ​ប្រធាន​កម្មវិធី​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ ​Stockholm (SIPRI) និង​ជា​អ្នក​សរសេរ​របាយការណ៍​នោះ​បាន​ថ្លែង​ថា៖ ​«ការ​បាត់បង់​បណ្តាញ​សំខាន់ៗ​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​រុស្ស៊ី ​និង​អាមេរិក​ អាច​នាំ​ទៅ​រក​ការ​ប្រកួត​ប្រជែង​អាវុធ​នុយក្លេអ៊ែរ​ថ្មី​មួយ​ជា​សក្តានុពល​»។

ប្រទេស​រុស្ស៊ី​ និង​អាមេរិក ​មាន​អាវុធ​នុយក្លេអ៊ែរ​ជាង ​៩០ ភាគរយ​នៃ​អាវុធ​នុយក្លេអ៊ែរ​របស់​ពិភព​លោក។​

លោក​បាន​និយាយ​យោង​ដល់​អនាគត​នៃ​សន្ធិសញ្ញា​ NewSTART ​រវាង​អាមេរិក ​និង​រុស្ស៊ី ​ដែល​ត្រូវ​ផុត​សុពលភាព​នៅ​​ខែ​កុម្ភៈ​ ឆ្នាំ​​ ២០២១​។

សន្និសញ្ញា​នេះ គឺ​ជា​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ចុង​ក្រោយ​ដែល​នៅ​បន្ត​​ជា​ធរមាន​ រវាង​ប្រទេស​មហា​អំណាច​ទាំង ​២ ​នេះ​ មាន​បំណង​រក្សា​ទុក​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ពួក​គេ​នៅ​ក្រោម​កម្រិត​នៃ​សង្គ្រាម​ត្រជាក់ ​(Cold War)។

ក្រុម​អ្នក​ស្រាវជ្រាវ​នៃ SIPRI ​បាន​កត់​សម្គាល់​ឃើញ​ថា៖ ​«កិច្ច​ពិភាក្សា ​ដើម្បី​បន្ត ​New START ​ឬ​ដើម្បី​ចរចា​អំពី​សន្ធិសញ្ញា​ថ្មី ១ ដែល​មិន​រីក​ចម្រើន​នៅ​​ក្នុង​ឆ្នាំ ​២០១៩​» ​នោះ។​

នៅ​ពេល​ជាមួយ​គ្នា​នោះ​ ក្រុម​ប្រទេស​មហា​អំណាច​នុយក្លេអ៊ែរ​ បន្ត​ធ្វើ​ទំនើបកម្ម​អាវុធ​នុយក្លេអ៊ែរ​របស់​ពួក​គេ ​ខណៈ​​ប្រទេស​ចិន​ និង​ឥណ្ឌា​ កំពុង​បង្កើន​ទំហំ​នៃ​ឃ្លាំង​អាវុធ​របស់​ពួក​គេ​។

ប្រទេស​នេះ​បាន​បដិសេធ​ការ​ទទូច​របស់​ក្រុងវ៉ាស៊ីនតោន​ថា​ ខ្លួន​គួរ​តែ​ចូល​រួម​កិច្ច​ចរចា​កាត់​បន្ថយ​អាវុធ​នុយក្លេអ៊ែរ​ណា​មួយ​នៅ​ពេល​អនាគត។ ​

ចំនួន​ក្បាល​អាវុធ​នុយក្លេអ៊ែរ​បាន​ថយ​ចុះ​កាល​ពី​ឆ្នាំ ​២០១៩​។

យោង​តាម​ការ​ប៉ាន់​ប្រមាណ​របស់ ​SIPRI​ បាន​ឲ្យ​ដឹង​ថា ​កាល​ពី​ដើម​ឆ្នាំ ​២០២០ ​នេះ ​អាមេរិក​រុស្ស៊ី ​អង់គ្លេស ​ចិន ​ឥណ្ឌា ​ប៉ាគីស្ថាន ​អ៊ីស្រាអែល ​និង​កូរ៉េខាង​ជើង​រួម​គ្នា​ទាំង​អស់​មាន​អាវុធ​ក្លេអ៊ែរ​ ១៣ ៤០០​ ដើម ​ដែល​ចំនួន​នេះ តិច​ជាង​កាល​ពី​ដើម​ឆ្នាំ ​២០១៩ ​ចំនួន ​៤៦៥ ​ដើម​។

ចំនួន​អាវុធ​នុយក្លេអ៊ែរ​​ ថយ​ចុះ​នេះ​​រួម​ចំណែក​យ៉ាង​សំខាន់ ​គឺ​អាមេរិក ​និង​រុស្ស៊ី​។

ខណៈ​ដែល​​អនាគត​នៃ​សន្និ​សញ្ញា​ New START នៅ​តែ​មិន​ច្បាស់​នោះ​ ក្រុង​វ៉ាស៊ីនតោន ​និង​ក្រុង​ម៉ូស្គូ ​បាន​បន្ត​គោរព​កាតព្វកិច្ច​របស់​ពួក​គេ​ នៅ​ក្រោម​កិច្ច​ព្រមព្រៀង​នេះ​​យ៉ាង​ខ្ជាប់​ខ្ជួន​៕ AFP/PSA