
មេដឹកនាំបក្សប្រឆាំងរុស្ស៊ី លោក Aleksei A. Navalny (ឆ្វេង) និងលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន។ រូបថត AFP
របាយការណ៍ស៊ើបអង្កេតរបស់វេបសាយ Bellingcat បានបង្ហាញថា មន្រ្តីមកពីអង្គភាពចារកម្មសម្ងាត់រុស្ស៊ី ដែលមានជំនាញផ្នែកសារធាតុពុលបានតាមដានមេដឹកនាំបក្សប្រឆាំងរុស្ស៊ី លោក Aleksei A. Navalny អស់រយៈពេល ៣ ឆ្នាំ ហើយក៏ជាអ្នកដាក់ថ្នាំបំពុលលោកស្ទើរស្លាប់ កាលពីខែសីហា កន្លងទៅដែរ។
តាមប្រភពដដែលនេះ ក្រុមបុគ្គលិកមកពីសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានចាប់ផ្តើមតាមដានលោក Navalny តាំងពីឆ្នាំ ២០១៧ មកបន្ទាប់ពីបានឮលោក Navalny ប្រកាសថា លោកនឹងឈរឈ្មោះធ្វើជាបេក្ខជនប្រឆាំងនឹងប្រធានាធិបតី Vladimir Putin នៅក្នុងការឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអាណត្តិក្រោយ។ សមាជិកនៃអង្គភាព ឯកទេសខាងជាតិពុល និងភ្នាក់ងារសរសៃប្រសាទបានតាមដានលោក Navalny ធ្វើដំណើរតាមយន្តហោះជាង ៣០ ដង។
យោងតាមរបាយការណ៍ដដែលមន្ត្រី ៣ រូប មកពីសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ក្នុងស្រុករុស្ស៊ី បានតាមលោក Navalny ទៅកាន់ប្រទេសស៊ីបេរី កាលពីខែសីហា កន្លងទៅ ខណៈដែលមេដឹកនាំគណបក្សប្រឆាំងរូបនេះកំពុងជួបជាមួយអ្នកគាំទ្រមុនការបោះឆ្នោតក្នុងតំបន់។ អ្នកទាំងនេះបានតាមដានគាត់ទៅក្រុង Tomsk ប្រទេសស៊ីបេរី ពាក់កណ្តាលអធ្រាត្រថ្ងៃទី ២០ ខែសីហា នេះបើតាមការឱ្យដឹងពីទិន្នន័យតាមទូរស័ព្ទបានបង្ហាញពីប្រតិបត្ដិការមួយនៅមិនឆ្ងាយពីសណ្ឋាគារមួយដែលជាកន្លែង លោក Navalny និងក្រុមការងារគាត់បានស្នាក់នៅ។
មិនបានប៉ុន្មានម៉ោងបន្ទាប់ពីលោក Navalny ឡើងលើយន្តហោះគ្រោងនឹងហោះហើរពីទីក្រុង Tomsk ទៅទីក្រុងម៉ូស្គូ ក៏មានសំឡេងស្រែកនៅក្នុងបន្ទប់ទឹកក្នុងយន្តហោះមុនពេលសន្លប់ថា លោកត្រូវថ្នាំពុលហើយបង្ខំឱ្យយន្តហោះចុះចតជាបន្ទាន់។ នៅពេលគាត់មកដល់មន្ទីរពេទ្យ នៅទីក្រុងអូមាក់ គាត់បានសន្លប់បាត់ស្មារតីរួចទៅហើយ។
បច្ចុប្បន្ន លោក Navalny កំពុងសម្រាកព្យាបាលនៅទីក្រុងប៊ែរឡាំង។ រដ្ឋាភិបាលលោកខាងលិចបាននិយាយថា លោកត្រូវបានគេដាក់ថ្នាំទាក់ទិនសរសៃប្រសាទប្រើប្រាស់ក្នុងសម័យសូវៀត ឈ្មោះ ថា Novichok ដែលជាសារធាតុដូចគ្នា ត្រូវបានប្រើនៅក្នុងការវាយប្រហារមួយនៅក្នុងប្រទេសអង់គ្លេស ក្នុងឆ្នាំ ២០១៨ ក្នុងគោលបំណងសម្លាប់អតីតចារកម្មរុស្ស៊ី លោក Sergei Skripal ។ យ៉ាងណាមិញ សហគមន៍អឺរ៉ុបក៏បានដាក់ទណ្ឌកម្មលើមេដឹកនាំសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) លោក Alexander Bortnikov និងមន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំង ជុំវិញការវាយប្រហារនេះ។
មន្ត្រីសន្តិសុខជាន់ខ្ពស់របស់អាល្លឺម៉ង់បានបញ្ជាក់ព័ត៌មានលម្អិតនៅក្នុងរបាយការណ៍ចេញដោយវេបសាយ Bellingcat នេះមានភាពត្រឹមត្រូវប្រាកដណាស់។ មន្ត្រីនោះបាននិយាយក្នុងលក្ខខណ្ឌអនាមិកថា របាយការណ៍នេះ «វាគ្របដណ្តប់លើអ្វីៗទាំងអស់ ដែលយើងបានដឹង»។ មន្ត្រីអាល្លឺម៉ង់បាននិយាយថា រដ្ឋាភិបាលអាល្លឺម៉ង់បានដឹងរឿងនេះ អស់រយៈពេលជាច្រើនខែមកហើយថា តើអ្នកណាពាក់ព័ន្ធនឹងការដាក់ថ្នាំបំពុលនេះ។
មន្ត្រីសន្តិសុខលោកខាងលិចបាននិយាយថា មិនបាច់សង្ស័យអ្នកណាក្រៅពីរដ្ឋាភិបាលរុស្ស៊ី ចំពោះរឿងដាក់ថ្នាំបំពុលនេះឡើយ។ សកម្មភាពនយោបាយរបស់លោក Navalny បូកជាមួយនឹងការស៊ើបអង្កេតយ៉ាងទូលំទូលាយស្ដីអំពីអំពើពុករលួយរបស់ថ្នាក់ដឹកនាំរុស្ស៊ី បានធ្វើឱ្យមន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងក្ដៅក្រហាយ។ បន្ទាប់ពីរារាំងមិនឱ្យក្រុមរបស់លោក Navalny នាំគាត់ទៅព្យាបាលនៅក្រៅប្រទេសចុងក្រោយទើបសម្រេចឱ្យគេបញ្ជូនលោកទៅព្យាបាលនៅទីក្រុងប៊ែរឡាំង។ គាត់សន្លប់បាត់ស្មារតីអស់ជិត ១ ខែ តែសំណាងល្អមិនបានបាត់បង់ជីវិត។
យ៉ាងណាមិញ លោក Navalny បាននិយាយនៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះលើគេហទំព័រយូធូបថា កន្លងមកក្រុមភ្នាក់ងារសេវាសន្តិសុខសហព័ន្ធរុស្ស៊ី FSB ធ្លាប់ព្យាយាមដាក់ថ្នាំបំពុលលោក ២ ដងយ៉ាងតិច ដោយប្រើប្រាស់សារធាតុពុល Novichok ដែលការដាក់ថ្នាំបំពុលនេះ គឺជាការធ្វើឡើងក្រោមបញ្ជារបស់លោក Putin។
លោក Navalny បាននិយាយថា កាលដាក់ថ្នាំ ២ ដង លើកមុននោះ មិនទទួលបានជោគជ័យ ក៏ព្រោះកម្រិតប្រើគឺតូចពេក។ លោកបានព្រមានថា អ្នកដែលដាក់ថ្នាំលោកត្រូវប្រយ័ត្នប្រយែងផង កុំប្រើជាតិពុលច្រើនពេក ព្រោះបើលោកស្លាប់ភ្លាមៗគេនឹងងាយស្រួលស៊ើបអង្កេតណាស់។
កាលពីខែកញ្ញា មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក លោក Donald Trump និងអនុប្រធានាធិបតី លោក Joe Biden បានផ្តល់ប្រតិកម្មខុសៗគ្នាចំពោះការបំពុលនេះ។
លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទសារព័ត៌មានមួយថា៖ «វាគួរឱ្យចាប់អារម្មណ៍ណាស់ ដែលមនុស្សគ្រប់គ្នាតែងតែនិយាយអំពីប្រទេសរុស្ស៊ី ថាជាអ្នកនៅពីក្រោយរឿងនេះ។ ខ្ញុំមិនប្រកាន់ថា អ្នកចោទថាជាប្រទេសរុស្ស៊ី ប៉ុន្តែខ្ញុំគិតថាប្រហែលជាប្រទេសចិន ដែលជាប្រជាជាតិមួយដែលគេគួរសង្ស័យជាងប្រទេសរុស្ស៊ី»។
ចំណែកឯលោក Biden បាននិយាយថា៖ «ជាថ្មីម្តងទៀត វិមានក្រឹមឡាំងបានប្រើអាវុធសំណព្វចិត្តជាសារធាតុគីមី Novichok ក្នុងកិច្ចប្រឹងប្រែងដើម្បីបំបិទមាត់គូប្រជែងនយោបាយ ១ រូប។ នេះគឺជាសញ្ញាសម្គាល់នៃរបបរុស្ស៊ី មិនមានភាពអត់ធ្មត់ចំពោះការរិះគន់ ឬការប្រឆាំងណាមួយបានឡើយ»។
យ៉ាងណាមិញ វិមានក្រឹមឡាំងមិនបានធ្វើអត្ថាធិប្បាយភ្លាមៗលើរបាយការណ៍នេះទេ។ កាលពីមុនមន្រ្តីរុស្ស៊ី បានបដិសេធយ៉ាងដាច់ខាតថា រដ្ឋាភិបាលមិនមានតួនាទីអ្វីក្នុងការបំពុលលោក Navalny ឡើយ និងបានទម្លាក់ទៅឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ទទួលខុសត្រូវវិញ៕