
លោកប្រធានាធិបតីនីកូឡាស ម៉ាឌូរ៉ូ (ឆ្វេង) ថ្លែងនៅក្នុងកិច្ចប្រជុំសភា។ AFP
របាយការណ៍ពិសេសមួយបានរកឃើញថា អារ៉ាប់រួមពួតដៃគ្នាធ្វើជាមជ្ឈមណ្ឌលសម្រាប់ជួយដល់ប្រទេសវ៉េណេស៊ុយអេឡាពីការដាក់ទណ្ឌកម្មពាណិជ្ជកម្មប្រេងពីសហរដ្ឋអាមេរិកកាលពីខែមិថុនាកន្លងទៅ។
កាលពីពាក់កណ្ដាលឆ្នាំនេះសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនដឹកប្រេងជាង ៦ ជាជំហានដ៏ធំមួយនៃបំណងរបស់អាមេរិកដែលចង់បញ្ឈប់ពាណិជ្ជកម្មប្រេងរបស់វ៉េណេស៊ុយអេឡា។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ក្រោយមកក៏មានការលេចឡើងក្រុមហ៊ុនល្បីឈ្មោះមួយដែលមានមូលដ្ឋាននៅអារ៉ាប់រួម (UAE) ឈានជើងមកកាន់កាប់ក្រុមហ៊ុនដឹកប្រេងទៅវ៉េណេស៊ុយអេឡាជាច្រើនក្រុមហ៊ុនដោយធ្វើការប្ដូរ ឈ្មោះនាវាទាំងអស់នោះហើយបន្តដំណើរការដឹកជញ្ជូនប្រេងរបស់ខ្លួនទៅវ៉េណេស៊ុយអេឡាដូចធម្មតា។
ក្រុមហ៊ុន Muhit Maritime FZE គឺជាអង្គភាពមួយក្នុងចំណោមអង្គភាពទាំង ៣ ដែលមានមូលដ្ឋាននៅអារ៉ាប់រួមដែលត្រូវបានគេសម្គាល់ថា ធ្លាប់បានដឹកជញ្ជូនប្រេងឆៅ និងឥន្ធនៈទៅវ៉េណេស៊ុយអេឡាក្នុងអំឡុងឆមាសទី ២ នៃឆ្នាំនេះ។
ដំណើរការមួយចំនួនក៏ចាប់ផ្ដើមមានការផ្លាស់ប្ដូរថ្មីដែលរួមមានដំណើរការពិនិត្យលើឯកសារដឹកជញ្ជូនផ្ទៃក្នុងពីក្រុមហ៊ុនប្រេងរដ្ឋរបស់វ៉េណេស៊ុយអេឡា ក៏ដូចជា ទិន្នន័យនៃការដឹកជញ្ជូន និងនាវារបស់ភាគីទី ៣ ក៏មានការផ្លាស់ប្ដូរដែរ។
នាវាដឹកប្រេងគ្រប់គ្រងដោយ ក្រុមហ៊ុន Muhit Maritime FZE បានដឹកប្រេងរាប់លាន បារ៉ែលដែលផលិតដោយក្រុមហ៊ុនរដ្ឋរបស់ប្រទេស វ៉េណេស៊ុយអេឡា គឺក្រុមហ៊ុន Petroleos de Venezuela SA ឬ PDVSA តាំងតែពីខែ មិថុនាមកម្ល៉េះ។ នេះបើយោងតាមឯកសារផ្ទៃក្នុង និងមូលដ្ឋានទិន្នន័យដឹកជញ្ជូនជាសាធារណៈ។
សកម្មភាពនេះបង្ហាញឱ្យឃើញពីរបៀបដែលអារ៉ាប់រួមដែលជាសម្ព័ន្ធមិត្តមួយក្នុងចំណោមសម្ព័ន្ធមិត្តជិតបំផុតរបស់ទីក្រុងវ៉ាស៊ីនតោននៅមជ្ឈឹមបូព៌ា បង្កើតមជ្ឈមណ្ឌលសម្រាប់ជួយដល់ក្រុមហ៊ុនដែលទទួលរងការដាក់ទណ្ឌកម្មពីអាមេរិកទៅកាន់ប្រទេសវ៉េណេស៊ុយអេឡា។
ក្រុមហ៊ុនចំនួន ៣ រួមមាន ក្រុមហ៊ុន Muhit Maritime ក្រុមហ៊ុន Issa Shipping FZE និងក្រុមហ៊ុន Asia Charm Ltd មិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលព្យាយាមទាក់ទងទៅតាមរយៈប្រអប់សំបុត្រ និងអ៊ីមែលទាក់ទិននឹងបញ្ហានេះឡើយ។
បន្ថែមពីនេះអ្នកសារព័ត៌មានក៏មិនអាចរកឃើញទិន្នន័យណាមួយដែលបញ្ជាក់ថានរណាជាម្ចាស់ពីក្រោយក្រុមហ៊ុនទាំង ៣ នេះដែរ។ ព័ត៌មានលម្អិតអំពីភាពជាម្ចាស់ និងការគ្រប់គ្រងរបស់ក្រុមហ៊ុនទាំងនេះមិនត្រូវបានចុះក្នុងបញ្ជី ឈ្មោះក្រុមហ៊ុនដែលអាចរកឃើញជាសាធារណៈក្នុងអារ៉ាប់រួមឡើយ។
យ៉ាងណាមិញតួនាទីរបស់ក្រុមហ៊ុនទាំង ៣ គឺដឹកជញ្ជូនប្រេងវ៉េណេស៊ុយអេឡាដែលនេះគូសបញ្ជាក់ពីរបៀបនៃអង្គភាពដែលមិនស្គាល់ច្បាស់លាស់នេះព្យាយាមដឹកជញ្ជូនប្រេងចេញពីវ៉េណេស៊ុយអេឡា ខណៈដែលទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមរារាំងប្រទេសទិញប្រេង និងក្រុមហ៊ុនដឹកជញ្ជូនទាំងឡាយកុំឱ្យមានការដឹកជញ្ជូនប្រេងឆៅចេញពីប្រទេសទៅកាន់ប្រទេសនៅអាមេរិកខាងត្បូង។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍កាលខែវិច្ឆិកាថា ក្រុមហ៊ុន Hitherto មិន ស្គាល់អត្តសញ្ញាណប្រាកដ មួយបានចូលខ្លួនជាអ្នកទិញប្រេងឆៅធំបង្អស់ពីវ៉េណេស៊ុយអេឡា។ ក្រុមហ៊ុនដែលទិញប្រេងពីប្រទេសនេះសុទ្ធសឹងតែជាក្រុមហ៊ុនដែលទើបតែចុះបញ្ជីនៅក្នុងឆ្នាំនេះក្នុងនាមជាក្រុមហ៊ុនពាណិជ្ជកម្មដែលមានមូលដ្ឋាននៅទីក្រុងម៉ូស្គូ។
គួរបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ីគឺជាប្រទេសសម្ព័ន្ធមិត្តមួយក្នុងចំណោមប្រទេសសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រទេសវ៉េណេស៊ុយអេឡា។
ឥឡូវនេះកំពុងមានការលេចឡើងនូវឥរិយាបថស្រដៀងគ្នា ដែលទំនងជាសកម្មភាពលក្ខណៈជួយប្រទេសសម្ព័ន្ធមិត្តពាក់ព័ន្ធក្នុងការដឹកជញ្ជូនប្រេងនេះ។
អង្គភាពចេញពីអារ៉ាប់រួមទាំង ៣ នេះបានបង្កើតកងនាវារបស់ខ្លួនតាំងពីដើមឆ្នាំ ២០១៩ មកម្ល៉េះ ដែលរួមជាមួយនឹងនាវាជាច្រើនដែលតែងធ្វើដំណើរទៅកាន់ប្រទេសវ៉េណេស៊ុយអេឡា។ នេះបើយោងតាមទិន្នន័យតាមដាននាវា Refinitiv Eikon និង Equasis ដែលជាមូលដ្ឋានទិន្នន័យដឹកជញ្ជូន។
ការនាំចេញប្រេងឆៅរបស់ក្រុមហ៊ុនទាំង ៣ មានចំនួនប្រមាណ ៣,៩ ភាគរយនៃការនាំប្រេងចេញសរុបរបស់ប្រទេសអាមេរិកខាងត្បូងនៅឆ្នាំ ២០២០ គិតមកត្រឹមថ្ងៃទី ១៨ ធ្នូ ដែលចំនួននេះមានតម្លៃប្រហែល ២០៨,៥ លានដុល្លារ ក្នុងតម្លៃទីផ្សារសម្រាប់ប្រេងឆៅម្យ៉ាងឈ្មោះថា មេរី (Merey)។
ក្រុមហ៊ុន PDVSA របស់ប្រទេសវ៉េណេស៊ុយអេឡាច្រើនតែលក់ប្រេងឆៅរបស់ខ្លួន ដោយបញ្ចុះតម្លៃទាបបំផុតហើយពេលខ្លះលក់ថោកស្ទើររកចំណេញមិនឃើញផង។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា៖ «យើងកំពុងតាមដានយ៉ាងដិតដល់នូវរាល់វិធីដោះស្រាយបែបច្នៃប្រឌិតទាំងឡាយរបស់ក្រុមហ៊ុននានាក្នុងការគេចពីការដាក់ទណ្ឌកម្មប្រេងនេះ។ អ្នកដែលនៅពីក្រោយក្រុមហ៊ុនទាំងនេះប្រហែលជាមិនសូវឆ្លាតដោយមិនបានពិចារណាសោះថា ខ្លួនឯងអាចនឹងទទួលរងការដាក់ទណ្ឌកម្មនេះដែរឬអត់ទេ»។
អ្នកនាំពាក្យរូបនេះបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីទណ្ឌកម្មនាពេលអនាគតដែលអាចកើតមានឡើង ប៉ុន្តែគាត់បានបន្ថែមថា៖ «មិត្តភក្តិ និងសត្រូវអាមេរិកគួរតែដឹងថាក្រុមហ៊ុនរបស់ពួកគេ ក្រុមហ៊ុនជួរមុខ និងនាវាដឹកប្រេងនៅតែងាយរងការដាក់ទណ្ឌកម្មប្រសិនបើពួកគេជ្រៀតជ្រែកសកម្មភាពហើយជួយសម្រួលដល់ការនាំចេញប្រេងរបស់ក្រុមហ៊ុន PDVSA របស់ប្រទេសវ៉េណេស៊ុយអេឡាទៅបរទេស និងកិច្ចខិតខំប្រឹងប្រែងរបស់របប Maduro ដើម្បីគេចចេញពីទណ្ឌកម្មនេះ»។
រដ្ឋាភិបាលអារ៉ាប់រួមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការស៊ើបអង្កេតដ៏ហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយកំពុងដំណើរការយ៉ាងពេញលេញ» ចំពោះករណីរបស់ក្រុមហ៊ុន Muhit Maritime ក្រុមហ៊ុន Issa Shipping និង ក្រុមហ៊ុន Asia Charm។
សេចក្ដីថ្លែងការណ៍បានបន្តថា៖ «អារ៉ាប់រួមមានតួនាទីក្នុងការការពារបូរណភាពនៃប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។ នេះមានន័យថា ការគ្រប់គ្រង និងអនុវត្តការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មកំពុងធ្វើឡើងយ៉ាងសកម្ម»។
ក្រសួងព័ត៌មានក្រសួងប្រេងក្រុមហ៊ុនប្រេងរដ្ឋ PDVSA និងស្ថានទូតរបស់ប្រទេសវ៉េណេស៊ុយអេឡាប្រចាំនៅអារ៉ាប់រួមក៏មិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែរ។
ទីក្រុងវ៉ាស៊ីនតោនបានពង្រីកការដាក់ទណ្ឌកម្មយ៉ាងខ្លាំងទៅកាន់វ៉េណេស៊ុយអេឡា បន្ទាប់ពីការបោះឆ្នោតឡើងវិញនៅឆ្នាំ ២០១៨ របស់លោក Maduro ដែលត្រូវបានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តពិពណ៌នាថា មានការក្លែងបន្លំ។ ទីក្រុងវ៉ាស៊ីនតោនមិនបានជោគជ័យក្នុងការដកលោក Maduro ទេ ប៉ុន្តែបានដាក់ទណ្ឌកម្មក្នុងការបំផ្លាញវិស័យប្រេងរបស់វ៉េណេស៊ុយអេឡាវិញ៕