យោង​តាមរ​បាយករណ៍​យោធា​របស់​​ប្រទេស​អូស្រ្តាលី ​ចំពោះ​ឧក្រិដ្ឋកម្ម​សង្គ្រាម​បាន​រក​ឃើញ​ភ័ស្តុតាង​ ដែល​បង្ហាញ​ថា ​ទាហាន​អូស្រ្តាលី​បាន​សម្លាប់​អ្នក​ទោស​កសិករ​ និង​ជន​ស៊ីវិល​ជនជាតិ​អាហ្វហ្គានីស្ថាន​ចំនួន ៣៩ ​នាក់ ដោយ​ខុស​ច្បាប់។

មេ​បញ្ជាការ​កងកម្លាំង​ការពារ​ជាតិ​អូស្ត្រាលី នាយ​ឧត្តម​សេនីយ៍ Angus Campbell បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ថា តួ​លេខ​ដ៏​គួរ​ឱ្យ​អាម៉ាស់​នេះ​ រួម​មាន​ករណី​សមាជិក​ល្បាត​គុក​ថ្មី​បាន​បាញ់​សម្លាប់​អ្នក​ទោស​ម្នាក់​ ដើម្បី​អនុវត្ត​ការ​បាញ់​កាំភ្លើង​ជា​លើក​ដំបូង​របស់​គេ​ ដែល​គេ​ហៅ​ថា “ការ​បង្ហូរ​ឈាម”។ បន្ទាប់​មក​ទៀត ទាហាន​នឹង​រៀបចំ​អាវុធ​ដាក់​សម្ដែង​ និង​ធ្វើ​ជា​ផ្សាយ​តាម​វិទ្យុ​ថា​ ​អ្នក​ទោស​ត្រូវ​បាន​សត្រូវ​លួច​បាញ់​សម្លាប់​តែ​ម្ដង​។

លោក ​Campbell​ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ទីក្រុង​កង់បេរ៉ា​ថា ​ការ​សម្លាប់​ដោយ​ខុស​ច្បាប់​បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ ២០០៩​ ហើយ​កើត​ឡើង​​ច្រើន​បំផុត​ក្នុង​ចន្លោះ​ឆ្នាំ ​២០១២ និង​ ២០១៣។ លោក​បាន​និយាយ​ថា ​សមាជិក​ខ្លះ​ក្នុង​កងកម្លាំង​ពិសេស (Special Air​ Service) បាន​តម្កើង «វប្បធម៌​មាន​តែ​ឯង ​និង​វប្បធម៌​ច្បាំង​គ្នា» ទៀត​ផង​។

ឧត្តមសេនីយ៍ទោ ​Paul Brereton ចៅក្រម​ និង​ជា​អ្នក​ការពារ​កងទ័ព​បាន​ស៊ើប​អង្កេត​លើ​ករណី​ទាំង​នេះ​អស់​រយៈពេល ​៤ ​ឆ្នាំ​ ដោយ​ពិនិត្យ​ទៅ​លើ​សំណើ​ និង​ការ​សម្ភាស​សាក្សី​ជាង ​៤០០ នាក់ និង​ពិនិត្យ​មើល​ឯកសារ​រាប់​ពាន់​ទំព័រ​ទៀត​។ លោក Brereton បាន​ណែនាំ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ទាហាន ​១៩ ​នាក់​ ដើម្បី​ធ្វើ​ការ​ផ្តន្ទាទោស​លើ​ករណី​ផ្សេងៗ​ រួម​ទាំង​ឃាតកម្ម​ផង​ដែរ។

របាយការណ៍​នេះ ​បាន​បង្ហាញ​ថា ​ទាហាន​កងកម្លាំង​ពិសេស ​២៥ នាក់ ​បាន​ពាក់ព័ន្ធ​នឹង​ករណី​សម្លាប់​ដោយ​ខុស​ច្បាប់​ដោយ​ផ្ទាល់ ឬ «ចូល​ដៃ​ចូល​ជើង» ក្នុង​ឧប្បត្តិហេតុ​ចំនួន​ ២៣ ​ដាច់​ដោយ​ឡែក​ពី​គ្នា។ របាយការណ៍​បាន​បន្ត​ថា ឧប្បត្តិហេតុ​ចំនួន ៣៦ ​នឹង​ត្រូវ​បាន​ស៊ើបអង្កេត​ ដោយ​សហព័ន្ធ​ប៉ូលិស។

ខាង​អាហ្វហ្គានីស្ថាន​បាន​និយាយ​ថា ​អូស្រ្តាលី​ប្តេជ្ញា ​«ធានា​ស្វែងរក​យុត្តិធម៌» មក​ឱ្យ​ប្រទេស​ខ្លួន​ផង​ដែរ។ ​អ្នកស្រី ​Samantha Crompvoets អ្នក​សិក្សា​ដែល​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ដំបូង​ចំពោះ​ករណី​នេះ ​បាន​ប្រាប់​សារព័ត៌មាន ​BBC ថា ពួក​គេ ​(ប៉ូលិស)​ ធ្វើ​ដោយ «ចេតនា​ម្តង​ហើយ​ ម្តង​ទៀត ​ហើយ​ក៏​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​គោលដៅ​ចំពោះ​ពួក​ទាំង​នោះ» អ្នកនាង​មាន​អារម្មណ៍​បែប​នេះ នៅ​ពេល​ដែល​អាន​របាយការណ៍​នេះ​រួច។

លោក Campbell ​បាន​និយាយថា ​គ្មាន​ឧប្បត្តិហេតុ​ណា​មួយ​អាច​ត្រូវ​បាន​គេ «ពិពណ៌នា​ថា ជា​ការ​ប្រយុទ្ធ​ក្នុង​សមរភូមិ​ក្ដៅ​គគុក​នោះ​ទេ​»។ លោក​បាន​និយាយ​ថា៖ «គ្មាន​នរណា​ម្នាក់​ ត្រូវ​បាន​គេ​ចោទ​នៅ​ក្នុង​កាលៈទេសៈ​នេះ​ទេ​ ព្រោះ​ចេតនា​របស់​ជន​ដៃ​ដល់​មិន​ច្បាស់លាស់ ​ឬ​អាច​នឹង​មាន​ការ​យល់​ច្រឡំ​នៅ​ឡើយ»។

កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា នាយក​រដ្ឋមន្រ្តី​អូស្ត្រាលី ​Scott Morrison បាន​ព្រមាន​ថា ​របាយការណ៍​នេះ​ គឺ​ជា ​«ព័ត៌មាន​ពិបាក ​និង​ជា​ការ​លំបាក​មួយ​សម្រាប់​អូស្រ្តាលី» នៅ​ពេល​ឮ​ព័ត៌មាន អំពី​កងកម្លាំង​ពិសេស​របស់​ប្រទេស​ខ្លួន​ធ្វើ​រឿង​បែប​នេះ។ លោក​និយាយ​ថា៖ «នៅ​ក្នុង​ក្រុម​កងកម្លាំង​ការពារ​អូស្ត្រាលី​នេះ ​វា​គឺ​ជា​បរិបទ​ វា​ជា​ច្បាប់​វា​ជា​វប្បធម៌​ ដែល​តម្រូវ​ឱ្យ​យើង​ដឹង​អំពី​រឿង​ឱ្យ​គ្រប់​ជ្រុងជ្រោយ ហើយ​ប្រសិន​បើ​យើង​ចង់​ប្រឈម​នឹង​ការ​ពិត​នៃ​រឿង​នេះ​យើង​ត្រូវ​តែ​ប្រឈម​នឹង​ការ​ពិត​នៃ​រឿង​ផ្សេង​ដែរ​»។

យ៉ាង​ណា​មិញ ​លោក ​Campbell បាន​សម្ដែង​ភាព​សោកសៅ​ថា៖ «ក្នុង​នាម​កងកម្លាំង​ការពារ​ជាតិ​អូស្ត្រាលី ​ខ្ញុំ​សូមទោស​ចំពោះ​ប្រជាជន​អាហ្វហ្គានីស្ថាន​ដោយ​ភាព​ស្មោះត្រង់ និង​សុំទោស​ចំពោះ​ភាព​គ្មាន​ការ​ទទួល​ខុស​ និង​កំហុស​ខុស​ឆ្គង​ណា​មួយ​របស់​ទាហាន​អូស្ត្រាលី»។

យោង​តាម​សារព័ត៌មាន​ Al Jazeera រាយការណ៍​ពី​ទីក្រុង Canberra ខណៈ​ដែល​ករណី​ព្រហ្មទណ្ឌ​ខ្លះ​អាច​ចំណាយ​ពេល​រាប់​ឆ្នាំ ​ដើម្បី​ដោះស្រាយ​កង​កម្លាំង​ការពារ​ជាតិ​អូស្ត្រាលី​ និង​បង្កើត​មូលនិធិ ​ដើម្បី​ផ្តល់​សំណង​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ។

អ្នកស្រី Elaine Pearson ប្រធាន​អង្គការ​ឃ្លាំមើល​សិទិ្ធ​មនុស្ស​នៅ​អូស្រ្តាលី​បាន​និយាយ​ថា​៖​ «ប្រជាជន​អាហ្វហ្គានីស្ថាន​បាន​រង់ចាំ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ទម្រាំ​តែ​របាយការណ៍​នេះ​ចេញ​មក​។ ពួក​គេ​មិន​សមណា​រង់ចាំ​ច្រើន​ឆ្នាំ​ ដើម្បី​ទទួល​បាន​យុត្តិធម៌​នោះ​ទេ»។ អ្នកស្រី​ក៏​បាន​អំពាវនាវ​ឲ្យ​មាន «ការ​កាត់​ទោស​ឲ្យ​បាន​រហ័ស ​និង​ដោយ​ឯករាជ្យ» ចំពោះ​ការ​សម្លាប់​ដោយ​ចេតនា និង​ឈាម​ត្រជាក់»​ នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​កងទ័ព​អូស្រ្តាលី​ប្រមាណ ​១ ៥០០ ​នាក់​ កំពុង​ឈរ​ជើង​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

ចំណែក​ឯ​សហរដ្ឋ​អាមេរិក​ ក៏​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ចំពោះ​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​អាច​នឹង​កើត​មាន​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ​ផង​ដែរ​ ក្រោយ​ពេល​តុលាការ​អូស្ត្រាលី​អនុញ្ញាត​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​មួយ​កាល​ពី​ដើម​ឆ្នាំ​នេះ។​

ជាមួយ​គ្នា​នេះ​ ​តុលាការ​ក៏​នឹង​ពិនិត្យ​មើល​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​ ប្រឆាំង​នឹង​ទាហាន​អាហ្វហ្គានីស្ថាន ​និង​ក្រុម​ប្រដាប់​អាវុធ​តាលីបង់​៕