
លោក Joe Biden ឆ្លើយសំណួរពីប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី ៨ មករា។ AFP
អាជីវកម្មរបស់ប្រទេសនៅអឺរ៉ុបដែលប្រតិបត្តិការនៅក្នុងប្រទេសចិន កំពុងប្រឈមមុខបញ្ហាកើនចំណាយ និងភាពមិនប្រាកដប្រជា ខណៈក្រុមហ៊ុនទាំងនេះ កំពុងព្រួយបារម្ភពីបញ្ហាហានិភ័យផ្នែកជំនួញ និងសេដ្ឋកិច្ចក្នុងប្រទេសចិន ដែលបង្កឡើងពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។
សភាពាណិជ្ជកម្មអឺរ៉ុបនៅប្រទេសចិន បានចេញផ្សាយរបាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដែលបង្ហាញនូវរូបភាពទុទិ្ទដ្ឋិនិយមជាមូលដ្ឋានសម្រាប់ការធ្វើជំនួញនៅក្នុងប្រទេសនេះ ទោះបីជាសហភាពអឺរ៉ុប និងទីក្រុងប៉េកាំងបានព្រមព្រៀងគ្នាកាលពីខែមុនលើកិច្ចព្រមព្រៀងវិនិយោគមួយដែលធានាផ្ដល់ឱ្យទីផ្សារចិនដ៏ប្រសើរឱ្យអឺរ៉ុប។
របាយការណ៍នេះ បានឱ្យដឹងថា៖ «ហានិភ័យនៃជំនួញអឺរ៉ុបនៅប្រទេសចិន នឹងកាន់តែអាក្រក់ទៅថ្ងៃអនាគត ទោះបីសក្ដានុពលរបស់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-ចិន ទំនងនឹងប្រសើរឡើងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះក្ដី និងទោះបីអឺរ៉ុប-ចិន យល់ព្រមបង្កើតឱ្យមានទស្សនវិស័យវិជ្ជមានចំពោះការវាយលុកទីផ្សារអឺរ៉ុបក្នុងប្រទេសចិន ក្ដី»។
ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុនអឺរ៉ុបសម្ដែងក្ដីបារម្ភថា ពួកគេអាចក្លាយទៅជាក្រុមហ៊ុនដែលទទួលរងផលប៉ះពាល់ពីភាពតានតឹងរវាងទំនាក់ទំនងសហរដ្ឋអាមេរិក និងចិន។ លោក Joerg Wuttke ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅប្រទេសចិន បាននិយាយថា៖ «ពួកយើងស្អប់ណាស់នៅពេលដែលមានគេសួរថា តើអ្នកជ្រើសរើសយកទីផ្សារសហរដ្ឋអាមេរិក ឬទីផ្សារចិន?»។
របាយការណ៍បន្តថា ការផ្ដោតលើកង្វល់ផ្នែកសន្តិសុខជាតិលើជំនួញ និងពាណិជ្ជកម្មអឺរ៉ុប កំពុងបង្កភាពមិនប្រាកដប្រជា និងធ្វើឱ្យរូបភាពរបស់ចិនក្នុងទីផ្សារអឺរ៉ុបកាន់តែអាក្រក់ឡើង។ នេះបើយោងតាមការស្ទង់មតិរបស់សមាជិកសភាអឺរ៉ុបប្រហែល ១២០ នាក់ កាលពីចុងឆ្នាំមុន។
ប្រភពដដែលនេះ ក៏បានបង្ហាញឱ្យឃើញពីទិដ្ឋភាពទូទៅនៃស្ថានភាពបច្ចុប្បន្ន និងកត្តាជំរុញឱ្យមានហានិភ័យក្នុងវិស័យជំនួញ ដែលកើតឡើងដោយការផ្លាស់ប្តូរផ្នែកនយោបាយ និងពាណិជ្ជកម្ម និងប៉ះពាល់រហូតដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងធាតុចូលសំខាន់ៗដូចជាឧបករណ៍អេឡិចត្រូនិក និងលំហូរទិន្នន័យឆ្លងកាត់ព្រំដែនជាដើម។
អស់រយៈពេល ៤ ឆ្នាំហើយ ដែលរដ្ឋបាល Trump បានដាក់ពន្ធគយលើទំនិញនាំមកពីចិនក្នុងន័យព្យាយាមកាត់បន្ថយទំនាក់ទំនងហិរញ្ញវត្ថុជាមួយប្រទេសចិន និងរឹតត្បិតកាន់តែខ្លាំងឡើងនូវសមត្ថភាពរបស់ក្រុមហ៊ុនចិនមួយចំនួនដែលបានប្រើប្រាស់បច្ចេកវិទ្យាសហរដ្ឋអាមេរិក។ ដោយឡែក ប្រទេសចិន ក៏មានបំណងបង្កើនវិស័យខាងបច្ចេកវិទ្យារបស់ខ្លួនផងដែរ ហើយកំណត់ក្រុមហ៊ុនបរទេសក្នុងវិស័យ មួយចំនួន និងគ្រប់គ្រងការនាំចេញបច្ចេកវិទ្យាមួយចំនួន។
របាយការណ៍នេះ ក៏បានជំរុញឱ្យទីក្រុងប៉េកាំង ចូលរួមដោះស្រាយការព្រួយបារម្ភលើទិន្នន័យ និងបទបញ្ជាសុវត្ថិភាពតាមអ៊ីនធឺណិត ដោយថាក្រុមហ៊ុនដែលបានស្ទង់មតិជាងពាក់កណ្តាលធ្លាប់មានបទពិសោធជួបបញ្ហាពន្យារពេល ឬបញ្ចប់គម្រោងឬសេវាកម្ម ឬមានការស្ថិតក្នុងដំណាក់កាលពិចារណាដោយសារវិធីសាររឹតត្បិតការបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់ប្រទេសចិន។
ក្រុមហ៊ុនអឺរ៉ុបជាងពាក់កណ្តាល ដែលចូលរួមស្ទង់មតិបាននិយាយថា ពួកគេកំពុងជួបប្រទះផលប៉ះពាល់អវិជ្ជមានរួចទៅហើយពីហានិភ័យសេដ្ឋកិច្ចនេះ។ ទោះយ៉ាងណាពួកគេបានចាត់ទុកបញ្ហានេះថា ជាបញ្ហាធ្ងន់ធ្ងរបំផុតទី៩ របស់ពួកគេបន្ទាប់ពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងជំងឺកូវីដ ១៩ ការឡើងថ្លៃពលកម្ម និងបញ្ហាពិបាកជ្រៀតចូលទីផ្សារ ដែលកាន់តែខ្លាំងធ្វើឱ្យក្រុមហ៊ុនទាំងនេះ ប្រឈមបញ្ហាកាន់តែខ្លាំង។
របាយការណ៍ដដែលនេះ រំពឹងថាសហរដ្ឋអាមេរិក និងចិន ព្រមកាត់បន្ថយការពឹងផ្អែកគ្នាទៅវិញទៅមក ខណៈដែលប្រទេសទាំងពីរសុទ្ធតែជាប្រទេសមានការរីកចម្រើន និងមានសក្តានុពល ជាពិសេសក្នុងទំនាក់ទំនងនាពេលខាងមុខក្រោយប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden ដែលតែងគិតគូរដល់ការរំលោភបំពានពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង និងអះអាងថា ការធ្វើដូចនេះ គឺធ្វើឱ្យប៉ះពាល់ដល់កម្មករអាមេរិក និងបានគាំទ្រការហាមឃាត់ក្រុមហ៊ុន Huawei លើហេតុផលកង្វះសន្តិសុខអ្នកប្រើប្រាស់ និងបានសម្តែងការព្រួយបារម្ភចំពោះការកាន់ទិន្នន័យរបស់ក្រុមហ៊ុន TikTok ផងដែរ។
ការផ្លាស់ប្តូរមតិសាធារណៈ និងការយល់ឃើញចំពោះប្រទេសចិន ក៏ដូចជាសេចក្ដីសម្រេចដោយឯកឯងដោយទីក្រុងវ៉ាស៊ីនតោន ដោយចាត់ទុកប្រទេសចិន ជាគូប្រជែងខាងយុទ្ធសាស្ត្រមិនចេះចប់មិនចេះហើយនេះ នឹងមិនមានលទ្ធផលនៅក្នុងការប្រកួតប្រជែង «សកលភាវូបនីយកម្មសកលទេ»។
ដោយឡែកទាក់ទិននឹងការរំលោភសិទ្ធិមនុស្សដោយអាជ្ញាធរចិននៅស៊ីនជាំង និងការបង្ក្រាបរបស់ក្រុងប៉េកាំងទៅលើសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង ក៏កំពុងបង្កការលំបាកដល់ក្រុមហ៊ុនលោកខាងលិចនៅក្នុងការធ្វើជំនួញជាមួយសមភាគីចិនផងដែរ៕