
មានវ៉ាក់សាំងកូវីដ១៩នៅក្រុមហ៊ុន Walgreens។ AFP
គិតត្រឹមចុងខែមីនា កន្លងមកនេះ បណ្តាញឱសថស្ថាននៅអាមេរិកបានខ្ជះខ្ជាយវ៉ាក់សាំងប្រមាណជិត ១៨ ម៉ឺនដូស ទូទាំងប្រទេសក្នុងនោះឱសថស្ថានធំជាងគេនៅអាមេរិក CVS និង Walgreens បានខ្ជះខ្ជាយវ៉ាក់សាំងច្រើនជាងគេ ពោលគឺប្រមាណជាង ១៣ ម៉ឺនដូស។
ឱសថស្ថាន CVS បានឱ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យមានការខ្ជះខ្ជាយវ៉ាក់សាំងនេះ រួមមាន ផលិតផលខូចគុណភាព ការស្តុកទុកមិនបានត្រឹមត្រូវ និងវ៉ាក់សាំងដែលសល់ហើយហួសកំណត់។ វ៉ាក់សាំង Pfizer និង Moderna សុទ្ធតែមានរយៈកាលកំណត់ពោលសម្រាប់វ៉ាក់សាំង Pfizer ត្រូវប្រើប្រាស់ក្នុងរយៈពេល ៦ ម៉ោង ខណៈវ៉ាក់សាំង Moderna ត្រូវប្រើប្រាស់ក្នុងរយៈពេល ១១ ម៉ោង។
វ៉ាក់សាំងទាំង ២ នេះក៏តម្រូវឱ្យមានកន្លែងផ្ទុកត្រជាក់ខ្លាំងផងដែរ ហើយមូលហេតុដែលបណ្តាលឱ្យមានការខ្ជះខ្ជាយខ្លះ គឺដោយសារការខូចមុខងាររបស់ម៉ាស៊ីនទឹកកក ឬ ដូសត្រូវទុកចោលនៅសីតុណ្ហភាពក្នុងបន្ទប់យូរពេក។
បើយោងតាម មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ឬ CDC វ៉ាក់សាំង Pfizer-BioNTech និង Moderna ងាយនឹងខូចគុណភាព និងមានអាយុកាលខ្លី។ ដោយគិតត្រឹមថ្ងៃទី ៣០ ខែមីនា សហរដ្ឋអាមេរិកបានចែកចាយថ្នាំចំនួនប្រហែល ១៨៩,៥ លានដូស និងប្រមាណ ១៤៧,៦ លានត្រូវបានប្រើប្រាស់ភ្លាមៗ និង ៧,៧ លានត្រូវដាក់ក្នុងមណ្ឌលថែទាំរយៈពេលវែង។
នៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់សារព័ត៌មាន Kaiser Health News ក្រុមហ៊ុនដដែលនេះបាននិយាយថា ចំនួនដូសដែលខ្ជះខ្ជាយមានចំនួនភាគរយតិចតួចនៃចំនួនដូសសរុប ដែលពួកគេបានប្រើ។ ក្រុមហ៊ុនបានបន្ថែមថា មូលហេតុខ្លះបណ្ដាលមកពីការរឹតត្បិតការដឹកជញ្ជូន ការកំណត់ក្នុងការមិនប្រើប្រាស់ដូសមួយចំនួន និងកត្តាផ្សេងៗទៀត។ ដោយឡែក ក្រុមហ៊ុន Walgreens ក៏បានបន្ថែមថា កម្រិតនៃការខ្ជះខ្ជាយមានចំនួនប្រមាណ ០,៥% នៃវ៉ាក់សាំង ដែលវាបានផ្តល់ឱ្យ។
លោកស្រី Katie Fowlie អ្នកនាំពាក្យរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ឬ CDC បាននិយាយថា ការខ្ជះខ្ជាយវ៉ាក់សាំង ខណៈប្រទេសកំពុងប្រឹងប្រែងចែកចាយវ៉ាក់សាំងនេះ «មិនមែនជាអ្វី ដែលយើងមិនបានព្រាងទុកឡើយ»។
លោក Fowlie បានបន្ថែមថា៖ « ទោះបីជាមានការខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយកម្រិតនៃការខ្ជះខ្ជាយក្នុងកម្មវិធីចាក់វ៉ាក់សាំងក៏ដោយ ក៏នៅតែមានវ៉ាក់សាំងខ្លះសល់ដែរ និងត្រូវចាត់ទុកជា “ កាកសំណល់” ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំង»។
ជាមួយគ្នានេះដែរ វេជ្ជបណ្ឌិត Bruce Y. Lee សាស្ត្រាចារ្យផ្នែកគោលនយោបាយ និងការគ្រប់គ្រងសុខភាពនៅសាកលវិទ្យាល័យទីក្រុងញូវយ៉កបានមានប្រសាសន៍ថា៖ «យើងត្រូវការតាមដានកម្រិតថ្នាំ ដែលខ្ជះខ្ជាយ និងជួយកំណត់ចំនួន ដែលត្រូវចែកចាយ ដើម្បីកុំឱ្យរាំងស្ទះដល់ដំណើរការនៃការចែកចាយ។ រាល់ការខ្ជះខ្ជាយណាមួយគឺដូចទៅនឹងការបោះចោលប្រាក់ពន្ធរបស់ប្រជាពលរដ្ឋអ៊ីចឹង»៕