
ប៉ូលិសសម្លឹងមើល ខណៈអ្នកតវ៉ាធ្វើបាតុកម្មនៅក្នុងទីក្រុងយ៉ាំងហ្គោន។ AFP
អង្គការសហប្រជាជាតិបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៨ នាក់ បានស្លាប់ក្រោយមានការបង្ក្រាបពីកងសន្តិសុខរបស់មីយ៉ាន់ម៉ាទៅលើការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធាកាលពីថ្ងៃពុធ កន្លងទៅ។
កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានបាញ់រះទៅលើក្រុមអ្នកតវ៉ា ដោយដេញតាមក្រុមនេះ និងថែមទាំងបានវាយក្រុមការងារសង្គ្រោះបន្ទាន់ម្នាក់យ៉ាងដំណំថែមទៀតផង។ នេះបើតាមការឱ្យឃើញក្នុងខ្សែវីដេអូមួយ ដែលបានបង្ហាញរូបភាពនៃការប្រើប្រាស់អំពើហិង្សា តទល់នឹងក្រុមប្រឆាំងនៃរដ្ឋប្រហារយោធា ដែលបានចាប់ផ្ដើមធ្វើបាតុកម្មប្រឆាំងតាំងពីខែមុនមកម្ល៉េះ។
មន្ត្រីអង្គការសហប្រជាជាតិនៅប្រទេសស្វ៊ីស បាននិយាយថា មនុស្ស ៣៨ នាក់បានស្លាប់កាលពីថ្ងៃពុធ កន្លងទៅជាតួលេខត្រូវគ្នានឹងរបាយការណ៍ផ្សេងទៀត បើទោះបីជាទិន្នន័យពិតប្រាកដពិបាកទទួលបានចេញពីប្រទេសនេះក៏ដោយ។
លោកស្រី Christine SchranerBurgener ប្រេសិតរបស់អង្គការសហប្រជាជាតិបានហៅថ្ងៃដដែលនេះថា ជា «ថ្ងៃបង្ហូរឈាមដ៏អាក្រក់បំផុត» ចាប់តាំងពីមានបាតុកម្មមក។ លោកស្រីបានឱ្យដឹងទៀតថា៖ «មនុស្ស ៣៨ នាក់បានស្លាប់ក្នុងរយៈពេលតែ ១ ថ្ងៃ។ គិតមកដល់បច្ចុប្បន្នមានមនុស្សជាង ៥០ នាក់ហើយ ដែលបានស្លាប់ បើរាប់តាំងពីថ្ងៃធ្វើរដ្ឋប្រហារដំបូង ខណៈមនុស្សជាច្រើនទៀតបានរងរបួស»។
លោកស្រី ThinzarShunlei Yi សកម្មជនសិទ្ធិមនុស្សនៅទីក្រុងយ៉ាំងហ្គោនបានពិពណ៌នាអំពីការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងក្រុមអ្នកតវ៉ាថា ជា «ការសម្លាប់ប្រចាំថ្ងៃ» ទៅហើយ។
ក្នុងចំណោមអ្នកដែលបានស្លាប់កាលពីថ្ងៃពុធ មានយុវតីអាយុ ១៩ ឆ្នាំម្នាក់ត្រូវបានយោធាបាញ់សម្លាប់នៅទីក្រុង Mandalay។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក្មេងប្រុសជំទង់អាយុ ១៤ ឆ្នាំម្នាក់ ក៏ត្រូវបានយោធាបាញ់សម្លាប់ផងដែរ។
សាក្សីឃើញហេតុការណ៍ម្នាក់បានប្រាប់កាសែត The Guardian ថា កម្លាំងសន្តិសុខបានប្រើកម្លាំងបាយតទល់នឹងក្រុមបាតុករនៅបណ្ដាទីក្រុងជាច្រើនរួមមានទីក្រុង Monywa បណ្ដាលឱ្យមនុស្ស ៦ នាក់បានស្លាប់ និងយ៉ាងហោចណាស់ ៣០ នាក់រងរបួស។ មនុស្សរាប់រយនាក់ទៀតក៏បានចេញមកតវ៉ាផងដែរ ខណៈប៉ូលិសបានបើកការបាញ់ប្រហារនៅម៉ោងប្រហែល ១១ ព្រឹក។
យ៉ាងហោចណាស់មនុស្ស ៨ នាក់ ត្រូវបានសម្លាប់នៅសង្កាត់មួយក្នុងទីក្រុងយ៉ាំងហ្គោន ក្រោយកម្លាំងសន្តិសុខបានប្រើអាវុធស្វ័យប្រវត្តិបើកការបាញ់ក្រុមបាតុករនៅពេលល្ងាចថ្ងៃដដែល។ នេះបើយោងតាមសារព័ត៌មាន Reuters។
បាតុករម្នាក់ដែលជាសាក្សីនៃការបង្ក្រាបដោយយោធានៅសង្កាត់ខាងជើង Okkalapa បានប្រាប់កាសែត the Guardian ថា ការបាញ់ប្រហារនៅតែបន្ត។ សាក្សីបាននិយាយថា៖ «ខ្ញុំនៅតែរុលទៅឈរនៅជួរមុខជានិច្ច ហើយបើទោះជាគេបាញ់ខ្ញុំស្លាប់ ក៏ស្លាប់ទៅ។ ខ្ញុំមិនអាចទ្រាំនឹងរបបនេះបានទៀតទេ»។
បាតុករម្នាក់បាននិយាយថា ក្រុមបាតុករនៅតំបន់បាតុកម្មបានឈរបិទផ្លូវ ដើម្បីកុំឱ្យរថយន្តដឹកអ្នកទោសស្រីៗនោះ ឆ្លងផុតទៅបាន។ ក្រុមបាតុករបានទទួលការរាយការណ៍ពីស្ត្រីទាំងនោះថា ត្រូវបានគេបៀតបៀនផ្លូវភេទនៅក្នុងពន្ធនាគារ និងបារម្ភពីសុវត្ថិភាពស្ត្រីទាំងនោះ។
ប្រភពដដែលបានឱ្យដឹងថា ប៉ូលិសបានប្រើចម្ពាមកៅស៊ូ និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបើកផ្លូវឱ្យទូលាយ ហើយនៅប្រហែលម៉ោង ៥ ល្ងាច ក្រុមប៉ូលិសបានបាញ់កាំភ្លើងកៅស៊ូទៅលើក្រុមអ្នកតវ៉ាប្រហែល ១០០ នាក់ ដែលនៅសេសសល់ ក្រោយមកមានក្រុមទាហានបាញ់គ្រាប់កាំភ្លើងជាច្រើនគ្រាប់ទៀត។
បាតុករម្នាក់ទៀតបាននិយាយថា៖ «ខ្ញុំគ្មានពាក្យអ្វី ដែលអាចពិពណ៌នាពីអារម្មណ៍របស់ខ្ញុំបានទេ។ មនុស្សច្រើននាក់បានស្លាប់តាមដងផ្លូវ។ ពួកគេបាញ់សម្លាប់អ្នកណាក៏បានតាមដងផ្លូវ។ យើងមិនមែនជាភេរវករទេ យើងជាជនស៊ីវិលយើងកំពុងតែតស៊ូ ដើម្បីទទួលបានប្រជាធិបតេយ្យរបស់យើង។ យើងតវ៉ាដោយសន្តិវិធី ប៉ុន្តែពួកគេប្រើហិង្សាដាក់ពួកយើង»។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអង្គារកន្លងទៅ អាជ្ញាធរយោធារបស់ប្រទេសមីយ៉ាន់ម៉ា បានចោទប្រកាន់អ្នកថតរូប ព័ត៌មានម្នាក់ និងអ្នកកាសែត ៥ នាក់ផ្សេងទៀត ពីបទផ្សព្វផ្សាយព័ត៌មានបាតុកម្មនេះផងដែរ។
មនុស្សជិត ១ ៣០០ នាក់ ត្រូវបានឃុំខ្លួនចាប់តាំងពីមានការធ្វើបាតុកម្មមករួមបញ្ជូលទាំងអ្នកនយោបាយធំៗជាច្រើន។ ក្នុងនោះ លោកស្រី អ៊ុងសាន ស៊ូជី ដែលប្រឈមនឹងការចោទប្រកាន់ចំនួន ៤ និងលោក Win Myint ដែលត្រូវបានគេចោទប្រកាន់ ២ ករណី ក្នុងនោះមានការចោទប្រកាន់ពីបទរំលោភរដ្ឋធម្មនុញ្ញដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ៕