ក្រុង​ប៉ារីស៖ ​មនុស្ស​រាប់​ម៉ឺន​នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទូទាំង​ពិភព​លោក​ ដើម្បី​ប្រារព្ធ​ទិវា​អន្តរជាតិ​ ដើម្បី​បំបាត់​អំពើ​ហិង្សា​ប្រឆាំង​ស្ត្រី​ ខណៈ​ដែល ប្រទេស ​បារាំង​ បាន​បង្ហាញ​វិធានការ​ថ្មីៗ​ ​ក្នុង​ការ​​ប្រយុទ្ធ​ប្រឆាំង​អំពើ​ហិង្សា​​ក្នុង​គ្រួសារ​។​

ក្រុម​បាតុករ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ប្រទេស​ខ្លះ​ដូច​ជា ​ប្រទេស ក្វាតេម៉ាឡា ​រុស្ស៊ី​ ស៊ូដង់ ​និង​តួកគី​ ជា​ទី​ដែល​ប៉ូលិស​បង្ក្រាប​កុបកម្ម​នៅ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ​បាន​បិទ​ផ្លូវ​ក្រុម​អ្នក​តវ៉ា​ប្រហែល ​២ ពាន់​នាក់​ នៅ​មុន​ពេល​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​និង​គ្រាប់​កាំភ្លើង​កៅស៊ូ​ ដើម្បី​បំបែក​ពួក​គេ​។​

រដ្ឋាភិបាល​នៃ​ប្រទេស ​បារាំង​ បាន​ប្រកាស​ថា​ ខ្លួន​នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ជូន​ក្រុម​វេជ្ជបណ្ឌិត​ ដើម្បី​ចែក​រំលែក​ព័ត៌មាន​អំពី​ស្ត្រី​ដែល​ងាយ​​ទទួល​រង​អំពើ​ហិង្សា​ និង​តាក់តែង​ច្បាប់​អំពី​គោល​គំនិត​នៃ​ការ​ព្យាបាល​តាម​លក្ខណៈ​ចិត្តសាស្រ្ត បន្ទាប់​ពី​មាន​ការ​ប្រមូល​ផ្តុំ​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ប្រទេស ​បារាំង ​នៅ​ចុង​សប្តាហ៍​។​

យោង​តាម​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ​ស្ត្រី ​និង​ក្មេង​ស្រី​ប្រហែល ៨៧ ពាន់​នាក់​ ត្រូវ​បាន​គេ​ធ្វើ​ឃាត​នៅ​ទូទាំង​ពិភព​លោក​កាល​ពី​ឆ្នាំ ​២០១៧​។​

ស្រ្តី​កា​ន់​​ផ្ទាំង​ក្រ​​ដាស​​ដែលមាន​​ឈ្មោះស្ត្រី​ដែ​លត្រូវ​បា​​នគេ​សម្លាប់ នៅ​ក្នុង​ការ​ប្រា​រព្ធទិវា​​អន្តរជាតិ​លុប​បំបាត់អំពើហិង្សា​។ AFP

ការ​ប្រមូល​ផ្តុំ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បារ​កាន់​តែ​ខ្លាំង​ឡើង ​ជុំវិញ​ការ​ខកខាន​របស់​ប្រព័ន្ធ​យុត្តិធម៌​ដែល​មិន​បាន​កាត់​ទោស​ក្រុម​ឧក្រិដ្ឋជន​ បន្ទាប់​ពី​មាន​ការ​តវ៉ា​អស់​មួយ​សប្តាហ៍​ប្រឆាំង​ទៅ​នឹង​អ្វី​ដែល​កំពុង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​​អំពើ​ឃាតកម្ម​ទៅ​លើ​ស្ត្រី​។​

ហ្វូង​បាតុករ​បាន​ដង្ហែ​ក្បួន​ឆ្លង​កាត់​ផ្លូវ​ទីក្រុង​ម៉ូស្គូ​ ដើម្បី​បង្ហាញ​អំពី​ការ​ខកខាន​របស់​រដ្ឋាភិបាល​ មិន​បាន​អនុម័ត​ច្បាប់​​ការពារ​ស្ត្រី​ ចំណែក​ស្ត្រី​ស៊ូដង់​រាប់​រយ​នាក់​ បាន​ស្រែក​ពាក្យ​ស្លោក ​«​ទាមទារ​សេរីភាព​ សន្តិភាព​ និង​យុត្តិធម៌» ​ខណៈ​ពួក​គេ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ខារទុំ​ នៅ​ក្នុង​ការ​តវ៉ា​​លើក​ដំបូង​ រយៈពេល​ជា​ច្រើន​ទសវត្សរ៍​​មក​នោះ​។​

នៅ​ក្នុង​ទីក្រុង​ម៉ិកស៊ីកូ​វិញ​ ក្រុម​បាតុករ​ពាក់​ម៉ាស់​ ជាមួយ​ញញួរ​ បាន​វាយ​កម្ទេច​កញ្ចក់​ចំណត​រថយន្ត​ក្រុង​វិមាន​ប្រវត្តិសាស្ត្រ​មួយ​ចំនួន ​ត្រូវ​បាញ់​​ស្រ្បៃយ៍​ពណ៌​ ហើយ​បាន​ប៉ះ​ទង្គិច​ជា​មួយ​ប៉ូលិស​បង្ក្រាប​កុបកម្ម​កាល​ពី​ថ្ងៃ​ចន្ទ​ ដើម្បី​តវ៉ា​ប្រឆាំង​ការ​ខកខាន​របស់​អាជ្ញាធរ​ មិន​បាន​បញ្ឈប់​អត្រា​​​នៃ​អំពើ​​​ឃាតកម្ម​​ដែល​កំពុង​កើន​ឡើង និង​ការ​ចាប់​រំលោភ​​ស្ត្រី​នៅ​ក្នុង​ប្រទេស​។​

ក្រ​ុមសកម្មជន​​ចូលរួម​​​ក្នុង​​ការ​ត​វ៉ា​​ នៅក្នុង​អំ​ឡុង​ពេល​ប្រា​រព្ធខួប​ទិ​វ​ាអន្តរជា​តិ​ដើម្បី​លុប​បំបា​ត់​អំពើហិង្សាប្រឆាំងស្ត្រី។ AFP

បាតុករ​អេស្ប៉ាញ​រាប់​ម៉ឺន​នាក់ ​បាន​ដង្ហែ​ក្បួន​នៅ​ក្នុង​ទីក្រុង​ម៉ាឌ្រីដ កាល​ពី​រសៀល​ថ្ងៃ​ចន្ទ ​បន្ទាប់​ពី​មាន​ការ​តវ៉ា​​មួយ​សប្តាហ៍​។

ប្រទេស ​អេស្ប៉ាញ ​មាន​ច្បាប់​ប្រឆាំង​អំពើ​ហិង្សា​លើ​ភេទ​យូរ​យារ​ណាស់​មក​ហើយ​ ប៉ុន្តែ​មិន​បាន​បញ្ឈប់​បញ្ហា​នេះ​ទេ​​ ដោយ​មាន​ស្រ្តី​​ចំនួន ​៥២ ​នាក់​ ត្រូវ​បាន​សម្លាប់​ដោយ​ក្រុម​ដៃគូ​របស់​ពួក​គេ​ ឬ​អតីត​ដៃគូ​​ចាប់​តាំង​ពី​ដើម​ឆ្នាំ ​២០១៩ ​មក​​។​

ប្រទេស ​អាហ្វ្រិក​​ខាង​ត្បូង​ ​មាន​របាយការណ៍​មួយ​នៅ​ក្នុង​ចំណោម​របាយការណ៍​អាក្រក់​​បំផុត​ស្តីពី​អំពើ​ហិង្សា​លើ​ភេទ​​​ហើយ​រដ្ឋាភិបាល​​បាន​ប្រឈម​នឹង​​ការ​តវ៉ា​ជា​ច្រើន​​ចំពោះ​បញ្ហា​នេះ។

លោក​ប្រធានាធិបតី​ ស៊ីរីល​ រ៉ាម៉ាហ្វូសា​ បាន​ប្រើប្រាស់​ព្រឹត្តិការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ ដើម្បី​​ចាប់​​ផ្តើម​ធ្វើ​យុទ្ធនាការ​មួយ​​ក្នុង​គោល​បំណង​ផ្តល់​យុត្តិធម៌​ជូន​ដល់​ក្រុម​ជន​រងគ្រោះ ​ហើយ​ជំរុញ​ឲ្យ​ក្រុម​បុរស​បោះ​បង់​ចោល​ ​«​ឥរិយាបថ​ប្រកាន់​ភេទ និង​ការ​ចាត់​ទុក​បុរស​ជា​ធំ​នៅ​ក្នុង​គ្រួសារ​នោះ​»​៕ AFP/SK​