កាលពី​ថ្ងៃ​សៅរ៍ ទី ១៨ មេសា នាវាចម្បាំង​រុស្សី​ចំនួន​ពីរ​គ្រឿង​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ Bosphorus ទៅកាន់​សមុទ្រ​ខ្មៅ ហើយ​នាវា​តូចៗ​ចំនួន ១៥ ផ្សេង​ទៀត​បាន​បញ្ចប់​ការផ្ទេរ​ទៅ​សមុទ្រ​នេះ ខណៈ​ក្រុង​មូស្គូ​បង្កើន​វត្តមាន​កងទ័ព​ជើង​ទឹក ចំពេល​ដែល​ភាពតានតឹង​កំពុង​កើនឡើង​ជាមួយ​ប្រទេស​អ៊ុយក្រែន និង​លោក​ខាងលិច។

នាវា​ប្រភេទ Ropucha ដែល​មាន​សមត្ថភាព​ដឹកជញ្ជូន​រថក្រោះ រថពាសដែក និង​ទាហាន​ថ្មើរជើង​ចំនួន​ពីរ​គ្រឿង​មកពី​កង​នាវា​ខាងជើង​របស់​រុស្ស៊ី​បាន​ឆ្លងកាត់​ច្រក​សមុទ្រ Bosphorus ក្រុង​អ៊ីស្តាន់ប៊ុល ប្រទេស​តួកគី។ នាវា​ប្រភេទ​នេះ​ចំនួន ២ គ្រឿង​បន្ថែមទៀត​មកពី​កង​នាវា​សមុទ្រ​បាល់ទិក​នឹង​ធ្វើ​ការឆ្លងកាត់​ដដែល​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ។

ការផ្ទេរ​នាវា​នេះ​ធ្វើ​លើ ខណៈ​ពេល​ដែល​ទាហាន​រុស្ស៊ី​បាន​ធ្វើការ​ប្រមូលផ្ដុំ​ដ៏ធំ​មួយ​នៅ​តំបន់​ព្រំដែន​អ៊ុយក្រែន​ធ្វើឱ្យ​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ក្រុង​កៀវ និង​ប្រទេស​លោក​ខាងលិច។ ក្រុង​មូស្គូ​បាន​អះអាង​ថា​ការប្រមូលផ្ដុំ​ទាហាន​នេះ​គឺ​ដើម្បី​ធ្វើការ​សមយុទ្ធ​ប៉ុណ្ណោះ

រុស្ស៊ី បាន​ដាក់​កម្រិត​ជា​បណ្ដោះអាសន្ន​លើ​ចលនា​នាវាចម្បាំង​បរទេស «និង​នាវា​រដ្ឋ​ដទៃទៀត» នៅ​ក្បែរ​ឧបទ្វីប​គ្រីមា​ដែល​ខ្លួន​បាន​កាត់​យក​ពី​អ៊ុយក្រែន​ក្នុង​ឆ្នាំ ២០១៤។

កាលពី​សប្ដាហ៍​មុន អាមេរិក​បាន​ព្យាយាម​បញ្ជូន​នាវាចម្បាំង​ចំនួន​ពីរ​គ្រឿង​ទៅកាន់​សមុទ្រ​ខ្មៅ​ផងដែរ តែ​បាន​លុបចោល​វិញ​ បន្ទាប់ពី​រុស្ស៊ី​បាន​ធ្វើ​ការតវ៉ា៕